សូម​បោះបង់ចោល​នូវ​ការ​គិតថា អ្នកសរសេរ​អាក្រក់ សុទ្ធតែជា​ពួក​ប្រឆាំង​!

199
ចែករម្លែក

ដោយ​:​ម៉េង​ឆៃ​
​ក្នុង​សន្និសីទកាសែត រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ព្រឹក ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ផ្តាំ​ទៅ​មន្ត្រី រាជរដ្ឋាភិបាល​ថា កុំ​ឲ្យ​តែ​ឃើញ​គេ​សរសេរ​អត្ថបទ​អាក្រក់ ឬ​អវិជ្ជមាន គឺ​គេ​សុទ្ធតែ​អ្នក ប្រឆាំង​ទាំងអស់​។ ឲ្យ​តែ​គេ​សរសេរ​អាក្រក់ សុទ្ធតែ​ពួក​ប្រឆាំង​។ ចំណុច​នេះ​មួយ ត្រូវ បោះបង់ចោល​។​


​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលជា​អតីត​អ្នកកាសែត ក្នុងសម័យ​ក្រោយ របប​ប៉ុលពត ឆ្នាំ​១៩៧៩ បាន​បន្ថែមថា កុំ​ថា «​ជើង ពីរ​អាក្រក់ ជើង​បួន​ល្អ​» ដែលជា​រឿង​ជ្រូក ស្អប់​មនុស្ស ហើយ​ធ្វើ​បដិវត្ត បណ្តេញ​មនុស្ស ចេញពី​កសិដ្ឋាន​។ នៅពេល​ខ្លាច​មនុស្ស មកវិញ ក៏​សរសេរ​ពាក្យស្លោក​ថា «​ជើង ២​អាក្រក់ ជើង ៤ ល្អ​»​។ តែ​ជ្រូក​ភ្លេច​គិតថា មាន់ និង​ទា នៅក្នុង​កសិដ្ឋាន​នោះ មាន​ជើង ២ ហើយ​បាន​ចូលធ្វើ​បដិវត្ត​ដែរ​។​
​លោក​រដ្ឋមន្ត្រី ពន្យល់ថា រឿងនេះ មានន័យថា កុំ​ឲ្យ​តែ​ឃើញ​អ្នកកាសែត​សរសេរ​រឿង​អវិជ្ជមាន​គឺ​អ្នកកាសែត​នោះ​សុទ្ធតែជា​អ្នកប្រឆាំង​ទាំងអស់​។ គឺ​យើង​មិន​ត្រូវយក​អាហ្នឹង​ទេ​។ តែ​ក៏​មិនត្រូវ​គិតថា ឲ្យ​តែ​អ្នកកាសែត រង​ទោស សុទ្ធតែជា​អ្នកកាសែត ត្រូវ​ទាំងអស់​ដែរ​។​


​លោក ខៀវ កាញារីទ្ធ បាន​ផ្តាំ​ទៅ​មន្ត្រី​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​ថា ឲ្យ​តែ​គេ​សរសេរ​អាក្រក់ គឺ​អ្នកនោះ សុទ្ធតែ​ពួក​ប្រឆាំង គឺ​ត្រូវ​ចោល​គំនិត​ដូច្នេះ​។ ត្រូវ​មើលថា គេ​សរសេរ​នោះ វា​ពិត​ទេ​? ហើយ​បើ​ពិត ពិត​ដល់​ត្រឹមណា​? យើង​ដោះស្រាយ​យ៉ាងម៉េច​? នេះ​ជាការ​សំខាន់​។ មិនមែន​ឲ្យ​តែ​នរណា​សរសេរ​អាក្រក់​ភ្លាម គឺ​សុទ្ធតែជា​អ្នកប្រឆាំង​នោះទេ​។ តែ​ក៏មាន​អ្នកប្រឆាំង​ខ្លះ គេ​និយាយ​ត្រូវ​ដែរ​។ យើង​ត្រូវ​មើល សំខាន់​។ ការ​ប្រទាំង​ប្រ​ទិស​គ្នា គឺ​យើង​អា​ចរក​ផ្លូវ​ចេញ​ល្អ​មួយ​បាន​។​
​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បានផ្តល់​ការណែនាំ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល ពិសេស​មន្ត្រី​ថ្នាក់​ខេត្ត ក៏ដូចជា​អ្នកកាសែត ដើម្បី​ឲ្យ​ក្លាយជា​ដៃគូ ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​។​


​ ​ចំពោះ​អ្នកកាសែត លោក​រដ្ឋមន្ត្រី​លើកឡើងថា យើង​ក៏ត្រូវ​ការបង្កើន​ការបណ្តុះបណ្តាល​រយៈពេល​ខ្លី ដល់​អ្នកកាសែត​យើង បន្ថែម​លើ​វិជ្ជាជីវៈ​សារព័ត៌មាន ជា​បច្ចេកទេស ជា​នយោបាយ ដែលជា​ការសំខាន់​ណាស់ ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន​យើង ក្លាយជា​កម្រិត​ខ្ពស់​។ នោះ​គឺ​សរសេរ​ពី​អ្នកយក​ដំណឹង រហូតដល់​ក្លាយ ជា​អ្នកវិភាគ​។ អ្នកវិភាគ ជួយ​ដល់​រាជរដ្ឋាភិបាល ពីព្រោះថា រដ្ឋមន្ត្រី​ទាំងអស់ មិនមែន​ថា ឆ្លាត​ជាង​អ្នកកាសែត​ទេ ពីព្រោះ​រដ្ឋមន្ត្រី គាត់​រវល់​នឹង​ការងារ​ប្រចាំថ្ងៃ​របស់គាត់​។ ចំណែក​អ្នកកាសែត ជួនកាល​មានពេលខ្លះ មាន​ពេល​គិត​ច្រើន ហើយ​ចុះ​ជួប​នេះ​ជួប​នោះ ក៏​អាច​ស្គាល់​បាន​ច្រើន​។ ដូច្នេះ​វា​អាច​ជាការ​ប៉ះប៉ូវ​គ្នា ដែលជា​ការងារ​មួយ​សំខាន់​។​
​ ​ចំណែក​ការណែនាំ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល និង​មន្ត្រី​នៅ​ថ្នាក់​ខេត្ត​រាជធានី​វិញ ក៏ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ លើកឡើងថា នៅពេលនេះ ដំណឹង​ក្លែងក្លាយ ជា​បញ្ហា​។ តែ​ជំហរ​ក្រសួង មិន​ប្តឹងផ្តល់​ទេ គឺ​យើង​ជ្រើស​យក​វិធានការ​ឆ្លើយតប ដោយ​ដំណឹង​ពិត​ទៅវិញ​។​


​យ៉ាងណាក៏ដោយ នៅពេលនេះ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​កត់សម្គាល់ថា ក្រសួង​ឥឡូវ ជា E-ministry អាស្រ័យ​ដោយ​ការជំរុញ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​។ គ្រប់​ក្រសួង​ទាំងអស់ ត្រូវមាន​យន្តការ​ជំរុញ​ការផ្សព្វផ្សាយ ឆ្លើយតប​តាម​គ្រប់​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់​មិនមែន​មើល​តែ​ហ្វេ​ស​ប៊ុ​ក ទេ​។ គឺ​តាម​ក្រសួង​ទាំងអស់ ត្រូវមាន​ក្រុម​មួយ ទទួល​ធ្វើ​ការងារ​ហ្នឹង ដោយ​ធ្វើការ ៧​ថ្ងៃ ក្នុង​មួយអាទិត្យ​។ ធ្វើការ​រាល់ថ្ងៃ ហើយ​ប្រជុំ​រាល់​ព្រឹក ដើម្បី​ឲ្យ​ដឹងថា នៅថ្ងៃនេះ គេ​និយាយ​អ្វីខ្លះ ពី​ខេត្ត​របស់​យើង​។ ពេល​ប្រជុំ​ហើយ​ភ្លាម ត្រូវ​រាយការណ៍​ទៅ​អភិបាលខេត្ត ដើម្បី​ឲ្យ​ដឹងថា នៅថ្ងៃនេះ អ្នកកាសែត និយាយ​ពី​ខេត្ត​យើង ដូច្នេះ​? ។​អ្នកលក់​ត្រកួន និយាយ​ពី​ខេត្ត​យើង ដូច្នោះ​? ដើម្បី​ឲ្យ​ដឹងថា តើ​ត្រូវធ្វើ​អ្វីខ្លះ​? ត្រូវ​ឲ្យ​មន្ទីរ​ណា​ឆ្លើយ​? ឬក៏​ត្រូវធ្វើ​សន្និសីទកាសែត​? ឬក៏​ត្រូវ​ទូរស័ព្ទ ប្រាប់​ទៅ​អ្នកកាសែត ដែល​ធ្វើការ​នៅ​ទីនោះ​? ថា​រឿងនេះ អីចេះៗ​ៗ​? ការងារ​នេះ ជា​ការងារ​ហត់នឿយ​! ។​ប៉ុន្តែ​បើ​យើង​ស្រឡាញ់​ការងារ​នេះ យើង​នឹង​បាន​លទ្ធផល​ច្រើន​។


​ជា​ការពិតហើយ ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ខាងលើ ដែលថា កុំ​ឲ្យ​តែ​ឃើញ​អ្នកកាសែត​សរសេរ​រឿង​អវិជ្ជមាន គឺ​អ្នកនោះ សុទ្ធតែជា​អ្នកប្រឆាំង​ទាំងអស់​។ តែ​ក៏​មិនត្រូវ​គិតថា ឲ្យ​តែ​អ្នកកាសែត រង​ទោស សុទ្ធតែជា​អ្នកកាសែត​ត្រូវ​ទាំងអស់​ដែរ​។ ចំណុច​នេះ អ្នកកាសែត ដែល​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន​ត្រឹមត្រូវ ច្បាស់​ជា​មិន​រារែក គាំទ្រ​លោក​រដ្ឋមន្ត្រី​ព័ត៌មាន ១០០ ភាគរយ​។​ ​ឲ្យ​តែ​ចំណុច​អវិជ្ជមាន និង​រឿង​អាក្រក់ ដែល​ត្រូវ​បានលើកឡើង​នោះ ជាការ​ពិត ដោយមាន​អំណះអំណាង ប្រភព​ច្បាស់លាស់ នោះ​ហើយ​គឺជា​តួនាទី​របស់​សារព័ត៌មាន នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ឬក៏​គេ​និយាយ​ម្យ៉ាង​ទៀតថា រិះគន់ ដើម្បី​ស្ថាបនា​។​


​ ​ប៉ុន្តែ​ផ្ទុយទៅវិញ បើ​អ្នកណា​ហើយ ពិសេស​អ្នកកាសែត​តែម្តង លើកឡើង​ពី​ចំណុច​អាក្រក់ ឬ​រឿង​អវិជ្ជមាន​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រសួង ស្ថាប័ន មន្ទីរ ខេត្ត​ណា​ហើយ​នោះ តែ​រឿង​នោះ មិនមែនជា​ការពិត ឬ​គេ​ហៅថា Fake News ព័ត៌មាន​ក្លែងក្លាយ គឺ​មិន​ត្រឹមតែ​ខុសពី​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ត្រូវ​បាត់បង់​ជំនឿ​ពី​មហាជន​ទេ តែ​អ្នកកាសែត​នោះ ក៏ត្រូវ​ប្រឈមមុខ​នឹង​ទោសទណ្ឌ តាមផ្លូវ​ច្បាប់​ថែមទៀត​ផង​។​
​ ​ករណី​អ្នកកាសែត ទៅធ្វើ​ផ្តេសផ្តាស់ ដោយ​ផ្សាយ​ព័ត៌មាន​មិន​ពិត ឬក៏​ទៅ​ជំរិត​ទារលុយ​គេ ដើម្បី​ជា​ថ្នូរ​នឹងមិន​ចុះផ្សាយ​អត្ថបទ​អវិជ្ជមាន​អ្វីមួយ នោះ​ក៏​ជា​រឿង​ខុសច្បាប់ ហើយ​ក្នុងសង្គម​យើង ក៏មាន​ករណី​អ្នកកាសែត​ជំរិត​ទារលុយ​គេ ហើយ​ត្រូវបាន​ចាប់ឃុំខ្លួន​ជាច្រើន​នាក់​រួចមកហើយ​។​
​ ​ដូច្នេះ​ក្នុងសង្គម​ប្រជាធិបតេយ្យ ពិសេស​ក្នុង​សម័យកាល​កម្ពុជា​យើង​សព្វថ្ងៃ អ្នកកាសែត និង​រាជរដ្ឋាភិបាល ក្រសួង​មន្ទីរ​នានា ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​រាជធានី​ខេត្ត គឺជា​ដៃគូ បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​រួមគ្នា​គិត រួមគ្នា​ធ្វើ អភិវឌ្ឍន៍​សង្គមជាតិ​។ ប៉ុន្តែ​មន្ត្រី​ក្រសួង​មន្ទីរ​ថ្នាក់​ខេត្ត​រាជធានី ក៏​គួរតែ​មិនត្រូវ​ប្រកាន់​បក្ខពួក​អ្នកកាសែត ទាល់តែ​ក្រុម​នេះ ក្រុម​នោះ ទើប​ផ្តល់​សម្ភាសន៍​នោះទេ​។ ពោលគឺ​នៅពេល​អ្នកកាសែត បាន​បំពេញ​តួនាទី​ភារកិច្ច គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​ហើយ ក៏​គួរតែមាន​ក្រមសីលធម៌ និង​តម្លាភាព ដោយ​ផ្តល់ព័ត៌មាន ទៅគ្រប់​ស្ថាប័ន​អង្គភាព​សារព័ត៌មាន ក្នុងពេល​ដំណាលគ្នា ហើយ​ប្រាប់​នូវ​រាល់​ព័ត៌មាន ដែល​អាច​ប្រាប់​បាន​ដូចគ្នា​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម