​ព្រៃឈើ​ជា​សម្បត្តិ​រួមដ៏​មាន​សារសំខាន់​បំផុត​របស់​មនុស្ស​បរិស្ថាន​និង​បុរាណ​ដ្ឋា​ន​

161
ចែករម្លែក

​ដោយ​៖​បាយ័ន​/​សៀមរាប​៖​ការដាំ​ដើមឈើ ក្នុង​រមណីយដ្ឋាន​អង្គរ ជាការ​រួមចំណែក​ដ៏​សំខាន់ ក្នុងការ​បង្កើត​គម្រប​បៃតង ដល់​បរិស្ថាន បង្កើត​ទេសភាព​វប្បធម៌ ទាក់ទាញ​ទេសចរ ជា​ជម្រក​សត្វព្រៃ ។​ពិសេស​គឺ​ការពារ​ប្រាង្គ​ប្រាសាទពី​បម្រែបម្រួល​នៃ​សីតុណ្ហភាព​និង​បរិយាកាស​។​នេះ​ជាការ​មានប្រសាសន៍​របស់ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ ក្នុង​ការដាំ​កូនឈើ ចំនួន​៥០០​ដើម​ក្នុង​បរិវេណ​វត្ត​អង្គរ​ខាងជើង​។​

​លោក​យិ​ត​ចាន់​ដា​រដ្ឋ​បាន​បញ្ជាក់ថា​គោលបំណង​នៃ​ការដាំ​ដើមឈើ​គឺ​ដើម្បី​លើកស្ទួយ​សោភ័ណភាព​បៃតង ក្នុង​តំបន់​អង្គរ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បណ្តុះ​ទឹកចិត្ត​ស្រឡាញ់​បរិស្ថាន ដល់​កូន​ខ្មែរ​គ្រប់រូប និង​រួមចំណែក​កាត់បន្ថយ បម្រែបម្រួល​អាកាសធាតុ ជាមួយ​ពិភពលោក ព្រោះ​ដើមឈើ នៃ​ជា​ប្រភព​នៃ​ជីវិត ផ្តល់​ខ្យល់​បរិសុទ្ធ និង​សារៈប្រយោជន៍​ជាច្រើន ក្នុងការ​រស់នៅ របស់​មនុស្ស​សត្វ​។ មិនតែប៉ុណ្ណោះ ដើមឈើ គឺជា​កន្លែង​ដែល​ព្រះពុទ្ធ ចាប់កំណើត ត្រាស់ដឹង និង​បរិនិព្វាន​ផង ហើយ​ការដាំ​ដើមឈើ​នេះ ក៏បាន​ផល​អា​និ​សង្ឃ បុណ្យ​ច្រើនណាស់​។​

​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា ក្រៅពី​កិច្ចការ​អភិរក្ស ជួសជុល​ប្រាង្គ​ប្រាសាទ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​បរិស្ថាន​ធម្មជាតិ​ដែល​ផ្តល់​ប្រយោជន៍ ចំពោះ​ប្រាសាទ​ផង និង​មនុស្ស​ផង​។​លោក​បាន​បន្តថា ការដាំ​ដើមឈើ​នេះ គឺមាន​ការចូលរួម​ជា​សកម្មភាព ដ៏​ប្រពៃ​ថ្លៃថ្លា ដែល​ព្រះសង្ឃ នៃ​វត្ត​អង្គរ ខាងជើង និង​ពុទ្ធបរិស័ទ បាន​ចូលរួម​ដាំ​ដើមឈើ​ប្រណីតៗ ៥០០ ដើម​នៅក្នុង​វត្ត ដើម្បី​លើក​តម្លៃ​បរិស្ថាន នៅ​ប្រាសាទអង្គរវត្ត​។​

​ជាងនេះទៅទៀត លោក​ក៏បាន​សំណូមពរ ដល់​ជន​មួយចំនួន ដែល​មិន​ពេញចិត្ត​នឹង​សកម្មភាព​របស់ អាជ្ញាធរ​ជាតិ​អប្សរា​ថា «​ទោះ​ខឹង​ឬ​ស្អប់ កុំ​បំផ្លាញ​ដើមឈើ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ដាំ ព្រោះ​ព្រៃឈើ ជា​សម្បត្តិ​រួម​ដ៏​មាន​សារៈសំខាន់​បំផុត របស់​មនុស្ស បរិស្ថាន និង​បុរាណ​ដ្ឋា​ន​»​។​

​លោក​អគ្គនាយករង បាន​កោតសរសើរ និង​លើកទឹកចិត្ត ដល់​ព្រះសង្ឃ ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ វិស័យ​ឯកជន បន្ត​ចូលរួម​ដាំ​ដើមឈើ ឱ្យបាន​ច្រើន ហើយ​សម្អាត​បរិស្ថាន ឱ្យ​បានល្អ​ក្រោយ​ដាំ​រួច ពិសេស​ចូលរួម​ថែរក្សា ដើមឈើ ដែល​ដាំ​ហើយ​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា មាន​ស្ថានីយ​បណ្តុះ​កូនឈើ​ចំនួន​៥​កន្លែង​ក្នុង​រមណីយដ្ឋាន​អង្គរ មាន​ពូជឈើ​ប្រណីត​ឈើ​លម្អ​ជាច្រើន​ប្រភេទ​សម្រាប់​ដាំ​ក្នុង​រមណីយដ្ឋាន​អង្គរ​និង​ចែកជូន​សាធារណជន ហើ​សម្រាប់​គោលដៅ ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា និង​ដាំ​ដើមឈើ រួមទាំង​ចែក​កូនឈើ ទៅ​សហគមន៍ ចំនួន ១០ ម៉ឺន​ដើម​៕S/

​រូបភាព​៖ ព្រៃឈើ​ជា​សម្បត្តិ​រួម​ដ៏​មាន​សារៈសំខាន់​បំផុត​របស់​មនុស្ស បរិស្ថាន និង​បុរាណ​ដ្ឋា​ន​៕ បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម