មន្ត្រី​ជំនាញ​លើកទឹកចិត្ត​ការចិញ្ចឹម​គោ​ពូជ​ល្អហើយ​ដាំ​ស្មៅ​ធ្វើ​ចំណី​នឹង​នាំឱ្យ​លក់បាន​ថ្លៃ

138
ចែករម្លែក

ដោយ ៖ ភ្នំ​ស្វាយ /​ពោធិ៍សាត់​៖ មន្ត្រី​ជំនាញ លើកទឹកចិត្ត​ការចិញ្ចឹម​គោ​ពូជ​ល្អ ហើយ​ដាំ​ស្មៅ​ធ្វើ​ចំណី ដែល​នឹង​នាំអោយ​លក់បាន​ថ្លៃ ហើយ​ធ្វើ​បច្ចុប្បន្នភាព តាម​របត់​ទីផ្សារ ។​

​មន្ត្រី​ជំនាញ បានអោយដឹង កាលពី​ថ្ងៃទី​៣ ខែសីហា​ថា​៖ កាលពី​ចុង​សប្តាហ៍ លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ បាន​ដឹកនាំ​ក្រុម​ជំនាញ​បច្ចេកទេស នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ចុះ​ពិនិត្យ​ស្ថានភាព ការចិញ្ចឹម​គោ និង​ការដាំ​ដំណាំ​ស្មៅ ចំណី​សត្វ​របស់​កសិករ ឈ្មោះ ឡុង សៅ នៅ​ភូមិ​ព្រៃ​វាំង ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។​

​កសិករ ឡុង សៅ បានអោយដឹងថា​៖ លោក​បាន​ចិញ្ចឹម​គោ និង​មានបទពិសោធន៍ យូរ​ឆ្នាំ​មកហើយ​ដែរ ។ នៅមុន​ឆ្នាំ​២០១២ ការចិញ្ចឹម​គោ គឺ​សម្រាប់តែ​ប្រើប្រាស់ ជា​កម្លាំង​អូសទាញ តែប៉ុណ្ណោះ ដូចជា​ប្រជាពលរដ្ឋ ផ្សេងទៀត នៅក្នុង​ភូមិ​នេះដែរ ដោយ​មិនបាន​គិតដល់ ការរកចំណូល​អ្វី ពី​ការចិញ្ចឹម​គោ​នោះទេ​។ តែ​ក្រោយមក នៅ​ឆ្នាំ​២០១២ មក ដោយហេតុថា លោក​ជា​អ្នកស្រែ​ចម្ការ ហើយ​ស្រឡាញ់​សត្វ​គោ​នេះ​ខ្លាំង និង​ទទួលបាន​ការណែនាំ ពី​សំណាក់​អ្នកជំនាញ បង្កាត់​គោ​សិប្បនិម្មិត នៃ​ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យា​ល​បាល ខេត្តពោធិ៍សាត់ លោក​ក៏​ចាប់ផ្តើម ទទួល​ការ​បង្កាត់​គោ ជា​លើកដំបូង នៅ​ឆ្នាំ ២០១២ ។​

​កាលណោះ លោក មាន​គោ​ញី​ចំនួន ៧​ក្បាល និង​បាន​បង្កាត់​សិប្បនិម្មិត ជាមួយនឹង​ស្ពែ​ម​គោ ដូចជា ពូជ​ប្រា​ម៉ាន់​, ស៊ីម​ប្រា​, សាន់​តា និង​ឥណ្ឌូ​ប្រេ​ស៊ី​ល ដោយ​ទទួល​បានកូន ជា​ប្រភេទ​ពូជ​កាត់​ល្អ ទៅតាម​ប្រភេទ ស្ពែ​ម​ដែល​បានដាក់​។បច្ចុប្បន្ន គោ​ដែល​លោក បាន​ចិញ្ចឹម កំពុង​ទទួល​បានការ​ចាប់ អារម្មណ៍​ច្រើន ពី​សំណាក់​ឈ្មួញ និង​អ្នក​ចិញ្ចឹម​ដូចគ្នា ដែល​គោ​របស់លោក អាច​លក់បាន​តម្លៃ ជា​មធ្យម ៦ .០០០ .០០០ រៀល នៅក្នុង​មួយ​ក្បាល​។ គួរបញ្ជាក់​ផងដែរ​ថា មកទល់​បច្ចុប្បន្ន គោ​ដែល​លោក បាន​លក់​មាន​ចំនួន ៩ ក្បាល រួម​មកហើយ​។​

​ឡុង សៅ បាន​បន្តថា​៖ កត្តា​ដែល​ជួយ​ឱ្យ​លោក ទទួលបាន​ជោគជ័យ ក្នុងការ​ចិញ្ចឹម​គោ ដូច​សព្វថ្ងៃ គឺ​លោក​មានបទពិសោធន៍ គ្រប់គ្រាន់​ផ្នែក​បង្កាត់ និង​ការបង្កើត​ប្រភព​ចំណី ដោយ​ខ្លួនឯង តាមរយៈ​ការដាំ​ដំណាំ​ចំណី​សត្វ​។​ចំពោះ​ប្រភេទ​ដំណាំ​ស្មៅ ពូជ​បរទេស ជា​ចំណី​គោ ដែល​លោក​បាន​ដាំ រួមមាន​៖ ពូជ​ប៉ាស​ស្ប៉ា​លូ​ម ,​ស៊ី​ម៉ូង និង​ស្មៅ​បារាំង ដោយបាន​ដាំ​ដុះ​នៅលើ​ផ្ទៃដី ៤០ អារ​(១​អា​ទំហំ​៤០​ម៉ែត្រ​៤​ជ្រុង ។

​លោក ឡាយ វិសិដ្ឋ និង​មន្ត្រី​ជំនាញ បាន​លើកទឹកចិត្ត និង​បន្ត​សហការ ផ្តល់ជំនួយ​បច្ចេកទេស ដល់​កសិករ​រូបនេះ ដើម្បី​ការចិញ្ចឹម​គោ ក្នុង​គោលដៅ​អាជីវកម្ម ។​លើសពីនេះ ក្រុមការងារ បាន​វាយ​តំលៃ​ខ្ពស់​ថាៈ​ការចិញ្ចឹម​គោ​តាមរយៈ​ការដាំ​ស្មៅ​ចំណី​ដោយ​ខ្លួនឯង​និង​បង្កាត់​បែប​សិប្បនិម្មិត​នេះ បាន​ជួយ​ឱ្យ​តំលៃ​គោ មានតម្លៃ​សមរម្យ ដែល​អាចជួយ ឱ្យ​ជីវភាព​គ្រួសារ របស់លោក មាន​ភាព​ធូរធា ជាង​ពេលមុន បាន​មួយកម្រិត​។​

​ចំណែក​កសិករ ឡុង សៅ វិញ សូម​ថ្លែងអំណរគុណ ចំពោះ​ការយកចិត្តទុកដាក់ របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ ក៏ដូចជា ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យា​ល ដែល​បានធ្វើ​ការណែនាំ ឱ្យ​លោក​ប្រើប្រាស់ វិធី​បង្កាត់​គោ​សិប្ប​និ​មិ្ម​ត ដើម្បី​ទទួលបាន ពូជ​គោ​ល្អ ងាយស្រួល និង​មិន​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ ៕S/

​រូបថត ៖ លោក​ឡាយ វិសិដ្ឋ និង​មន្ត្រី​ជំនាញ​លើកទឹកចិត្ត​ការចិញ្ចឹម​គោ​ពូជ​ល្អ ហើយ​ដាំ​ស្មៅ​ធ្វើ​ចំណី​នៅ​ភូមិ​ព្រៃ​វាំង ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។​ដែល​នឹង​នាំអោយ​លក់បាន​ថ្លៃ (​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម