​ក្បូន​បណ្តែត​ឈើ​ជាង​១០​គ្រឿង​ប្រទះឃើញ​ចេញពី​ទឹកដី​ស្រុក​អូ​រាំង​

659
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​កែវ​សីមា ​ជិត​៣០​នាក់​ ដឹកនាំ​ដោយ​អភិបាលស្រុក ​លោក​ នួន​ សារ៉ន​ ដោយផ្ទាល់​ កាលពី​ល្ងាច​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០​ បាន​ប្រទះឃើញ​ក្រុម​ក្បួន​បណ្តែត​ឈើ​មួយចំនួន​ចត​អែប​ច្រាំង​នៃ​អូរ​លើដី​ប្រទេស​វៀតណាម​ ​ចំណុច​បង្គោល​ព្រំដែន​លេខ​៦១​លើ​២(១) និយាម​ការ​០៧១៧៩៦៣,១៣៣៩៥០៨,​ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ ខេត្ត​ម​ណ្ឌ​គិរី​។

​ក្នុង​ប្រតិ​ប​ត្ត​ការ​នោះ​សមត្ថកិច្ច​បានឱ្យដឹង​ពី​ក្បូនឈើ​ទាំងនោះ​ថាៈ​ក្រុម​ឈ្មួញ​បាន​បណ្តែត​ក្បូន​នេះចេញពី​ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី នា​វេលា​ទឹកអូរ​ជន់​ឡើង​។​សមត្ថកិច្ច​បន្ថែមថាៈ ឈើ​ដែល​ចង​ជាប់​ក្បូន​ពុំ​ដឹង​ជា​ប្រភេទ​ឈើ​អ្វី​ដោយ​ឃើញតែ​ដើម​វែង​មាន​ជាប់​សម្បក​(​កាត់​ចុង​,​កាត់​គល់​)​ពន្លិច​ក្នុង​ទឹក​ក្រោម​ក្បូន​ហើយ​សមត្ថកិច្ច​ពុំ​អាច​ចុះ​ពិនិត្យ​បាន​ព្រោះ​ទឹក​ជ្រៅ​ថែមទាំង​នៅជាប់​ច្រាំង​នៃ​អូរ​របស់​ប្រទេស​វៀតណាម​ថែមទៀត​។​

​លោក​នួន សារ៉ន​ អភិបាលស្រុក​កែវ​សីមា ភ្លាមៗ​នៃ​ការប្រទះឃើញ​ការឈប់​ចត​នៃ​ក្រុម​ក្បូន​ទាំងនោះ បាន​ព្យាយាម​ទំនាក់ទំនង​រាយការណ៍​បន្ទាន់ដោយ​សូម​គោល​ការណ៍​ពី​អភិបាលខេត្ត​មណ្ឌលគិរី ​រួមទាំង​សូម​កិច្ចសហការ​បង្ក្រាប​ពី​ភាគី​ប្រទេស​វៀតណាម​ផងដែរ​។​លោក​អភិបាល​បញ្ជាក់ទៀតថាៈ ឈើ​នេះ​គឺ​បណ្តែត​មកពី​ភូមិសាស្ត្រ​ខាងលើ​និង​បាន​ចត​នៅទីនេះ​ព្រោះ​ពុំ​អាច​ទៅមុខទៀត​រួច​។​

​ជា​ជំ​ហាន​ដំបូង​លោក​អភិបាលស្រុក​បាន​បញ្ជា​ឱ្យ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ​សហការ​ជាមួយ​ប៉ុស្តិ៍​កា​ពារ​ព្រំដែន​បន្ត​យាមកាម​ក្បូនឈើ​និង​ស្រាវជ្រាវ​រក​ឬ​សគល់​ដែល​បាន​កាប់​ប្រភេទ​ឈើ​ឱ្យបាន​ល្អិតល្អន់​បំផុត​។​

សូមជម្រាបថា​យោងទៅលើ​ប្រភព​ពុំទាន់​ច្បាស់ការណ៍​មួយ​បង្ហើប​ថា​ឈើ​ទាំងនោះ​ត្រូវ​កាប់​អូស​ចេញ​មកពី​តំបន់​អូរ​ហ៊ុ​ច​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ពី​វរ​កា​ពារ​ព្រំដែន​គោក​៦២១​និង​កងអនុសេនាធំ​លេខ​២(​គ​២)​ចំណុះ​វរ​សេនា​តូច​ទី​២ ។


​ប្រភព​បង្ហើប​ទៀតថា ឈើ​ទាំងនោះ មាន​មន្ត្រី​យោធា​ម្នាក់ មាន​តួនាទី​ធំដុំ​ក្នុងកង​អនុ​សេនាធំ​លេខ​២(​គ​២)​ជា​មេខ្លោង ដោយ​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​ព្រំដែនមួយចំនួន​ថែមទៀត​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម