ស្លាប់ ៧០ នាក់ របួសរាប់ពាន់នាក់ ក្នុងហេតុការណ៍ផ្ទុះដ៏ធំនៅទីក្រុងបៃរូត

318
ចែករម្លែក

កាលពីថ្ងៃអង្គារទី៤សីហា ការផ្ទុះដ៏ធំមួយបានធ្វើឱ្យរញ្ជួយទីក្រុងបៃរូត ពង្រាបអគារ ជាច្រើននៅកំពង់ផែ បំផ្លាញអគារជាច្រើននៅទូទាំងរដ្ឋធានីលីបង់ និង បញ្ជូនពពកផ្សែងរាងដូចផ្សិតយក្សឡើងលើមេឃ។

ខណៈមូលហេតុនៃការផ្ទុះមិនទាន់ត្រូវបានដឹងច្បាស់ ការសន្និដ្ឋានមួយបានលើកឡើង​ថា​​ ការផ្ទុះដោយចៃដន្យនេះត្រូវបានផ្សារភ្ជាប់ទៅនឹងសារធាតុគីមីគ្រោះថ្នាក់ ទោះបីជា​ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំ​និយាយថាមន្រ្តីយោធាអាម៉េរិកយល់ថា​វាអាចជាការវាយប្រហារដោយគ្រាប់បែកក៏ដោយ។

ក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់មនុស្សជាង៧០ នាក់បានស្លាប់និងជាង ៣.០០០ នាក់រងរបួស ដោយសាកសពជាច្រើនកប់នៅក្រោមគំនរបាក់បែក។

ប៉ុន្មានម៉ោងក្រោយមករថយន្តសង្គ្រោះបន្ទាន់នៅតែដឹកអ្នករងរបួស​ខណៈឧទ្ធម្ភាគចក្រ​កងទ័ពចេញមកជួយពន្លត់ភ្លើងដែលកំពុងឆាបឆេះនៅឯកំពង់ផែ។

ការផ្ទុះនេះបានបង្កឱ្យមានអគ្គិភ័យឆាបឆេះ បំប៉ើងរថយន្ត និង បំផ្ទុះកញ្ចក់បង្អួច​និងទ្វារ។

ការផ្ទុះនេះបង្កកម្លាំងរញ្ជួយកម្រិត ៣,៥ រិច្ឆទ័រ​នេះបើយោងតាមមជ្ឈមណ្ឌល​ភូមិសាស្ត្រវិទ្យាសាស្ត្ររបស់អាល្លឺម៉ង់ GFZ ហើយមានរំញ័ររហូតដល់ប្រទេសស៊ីប​និងនៅចម្ងាយជាង ២៩០ គីឡូម៉ែត្រទូទាំងតំបន់សមុទ្រមេឌីទែរ៉ាណេ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបង់​ លោក ម៉ូហាម៉េត ហ្វាមី និយាយថា វាហាក់ដូចជាឃ្លាំង​អាម៉ូញ៉ូមនីត្រាតដ៏ធំនៅក្នុងកំពង់ផែបានផ្ទុះឡើង។

លោកហ្វាមីបានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ការផ្ទុះដ៏ធំនេះហាក់បង្កដោយការផ្ទុះ​សារធាតុអាម៉ូញ៉ូមនីត្រាតជាង ២.៧០០ តោន ដែលរក្សាទុកនៅក្នុងឃ្លាំងនៅកំពង់ផែ ចាប់តាំងពីគេរឹបអូសវាបានពីនាវាដឹកទំនិញមួយគ្រឿងកាលពីឆ្នាំ ២០១៤។

សាក្សីនិយាយថា ឃើញពពកលឿងចម្លែកនៅលើទីតាំងកើតហេតុ ក្រោយការផ្ទុះនេះ។ ពពកលឿងនៃឧស្ម័ននីត្រូសែនអុកស៊ីតតែងកើតឡើងដំណាលគ្នានឹងការផ្ទុះសារធាតុនីត្រាត។

ទោះយ៉ាងណា លោកត្រាំនិយាយថា ពួកឧត្តមសេនីយ៍យោធាបានប្រាប់គាត់ថា ពួកគេហាក់មានអារម្មណ៍ថា ការផ្ទុះនេះគឺជាលទ្ធផលនៃការវាយប្រហារដ៏រន្ធត់ ដែលទំនងបង្កដោយគ្រាប់បែក។

លោកប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា “វាហាក់ដូចជាកើតឡើងដោយ​ការផ្ទុះគ្រាប់បែក។ ខ្ញុំបានជួបឧត្តមសេនីយ៍អស្ចារ្យជាច្រើនរបស់យើង ហើយពួកគេ​ក៏មានអារម្មណ៍ថាជាការផ្ទុះគ្រាប់បែកដែរ។ នេះមិនមែនជាប្រភេទនៃព្រឹត្តិការណ៍ផ្ទុះ​រោងចក្រនោះទេ។ ពួកគេយល់ថាវាជាការវាយប្រហារ។ ពិតណាស់ វាជាប្រភេទនៃ​ការផ្ទុះគ្រាប់បែក”៕ ដោយ៖ កញ្ញាដាលីស/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម