ក្រុង​ប៉េកាំង​ត្រៀម​ខ្លួន​សងសឹក ប្រសិនបើ​អ្នកកាសែត​ចិន​ទាំង​អស់ ត្រូវបាន​បង្ខំ​ឱ្យ​ចាកចេញ​ពី​សហរដ្ឋ​អាម៉េរិក

238
ចែករម្លែក

​លោក​ហ៊ូ ស៊ី​ជីន និពន្ធ​នាយក​នៃ​កាសែត​ចិន Global Times បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​០៤​ខែសីហា​ថា​ ចិន​បាន​ត្រៀម​សម្រាប់​ស្ថានការណ៍​ដ៏​អាក្រក់​បំផុត​ដែល​ក្នុងស្ថានភាព​នោះ​ពួក​អ្នកកាសែត​​ចិន​ទាំងអស់​នឹង​ត្រូវ​ចាកចេញ​ពី​សហរដ្ឋ​អាម៉េរិក ចំ​ពេល​មាន​ជម្លោះ​ជា​បន្តបន្ទាប់ ហើយ​ត្រៀមខ្លួន​នឹង​ចាត់វិធានការ​សងសឹក​លើ​ពួក​អ្នកកាសែត​អាម៉េរិក​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង ។​

​លោក​ហ៊ូ ស៊ី​ជីន បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​Twitter​ថា “​តាម​អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា​ ភាគី​អាម៉េរិក​មិន​បាន​ផ្តល់​ទិដ្ឋាការ​ជាថ្មី​ដល់​ក្រុមអ្នកកាសែត​ចិន ហើយ​ភាគី​ចិន​បាន​ត្រៀម​ខ្លួន​ជាស្រេច​​សម្រាប់​សេណា​រី​យ៉ូដ៏​អាក្រក់​បំផុត​រហូតដ​ល់​ថា​អ្នកកាសែត​ចិន​ទាំងអស់​ត្រូវ​ចាកចេញ​ពី​សហរដ្ឋ​អាម៉េរិក​។ បើសិន​វា​អ៊ីចឹង​មែន ​ភាគី​ចិន​នឹង​សង​សឹក ដោយ​រួមទាំង​សំដៅលើ​ពួក​អ្នកកាសែត​អាម៉េរិក​​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ខែ​មីនា​ថា​ ពួក​អ្នកកាសែត​មកពី​អង្គភាព​សារព័ត៌មាន​ធំៗ​របស់​សហរដ្ឋ​អាម៉េរិក​ដូចជា​កាសែត New York Times កាសែត​Wall Street Journal និង​កាសែត Washington Post ត្រូវតែ​ប្រគល់​លិខិតអនុញ្ញាត​ធ្វើ​សកម្មភាព​សារព័ត៌មាន​របស់​ពួកគេ​ជា​ការឆ្លើយតប​ទៅនឹង​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ក្នុង​ការកាត់បន្ថយ​បុគ្គលិក​នៃ​​បណ្តាញសារព័ត៌មាន​ចិន​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។​

​ចំណាត់ការ​នេះ បាន​កើត​ឡើង​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​មួយចំនួន​ថា​ជា​បេសកកម្ម​បរទេស កាលពី​ខែ​កុម្ភៈ​។​វា​បាន​នាំឱ្យ​មាន​ការបណ្តេញ​អ្នកយក​ព័ត៌មាន​ចិន​​ជិត​៦០​នាក់​ចេញ​។​

​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​តម្រូវឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​នេះ​ជូនដំណឹង​ដល់​ក្រសួងការបរទេស​អំពី​ចំនួន​បុគ្គលិក​បច្ចុប្បន្ន​និង​ការកាន់កាប់​អចលនទ្រព្យ​នៅ​សហរដ្ឋ​អាម៉េរិក​៕/Ha

​កាសែត​ត្រូវបាន​គេ​ដាក់​លក់​នៅ​តូប​កាសែត​មួយ នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម