ក្រសួងបរិស្ថាន​រំលឹក​ជាថ្មី​អំពី​ការ​បែងចែក​និង​ទទួល​ដីធ្លី​

238
ចែករម្លែក
សម្តេច​អគ្គ​មហា​សេ​នាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ដោយ​ផ្តើមចេញពី​ឃ្លា​មួយ​ដែល​បញ្ជាក់ថា​”​ជន​ឆ្លៀតឱកាស​ពី​ការបែងចែក​និង​ទទួល​ដីធ្លី​នឹងត្រូវ​មានទោស​”​នោះ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែសីហា​នេះ​ក្រសួងបរិស្ថាន​បាន​ស្រង់​យក​ប្រសាសន៍​សម្តេច​អគ្គ​មហា​សេ​នាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មក​ធ្វើជា​សារ​ក្នុងការ​រំលឹក​និង​ដាស់តឿន​។​


​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៃ​ក្រសួង​នេះ​បានសរសេរថា ​កាលពី​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ទៅ​ក្រសួង​ទាំងបី គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឲ្យ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ ក្នុងនោះ​គឺ សម្តេច​តេ​ជោ បានបញ្ជាក់​សង្កត់ធ្ងន់​ច្បាស់ៗ​ថាៈ​


១.​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ គឺ​ហាម​កាប់ឆ្កា​រទន្ទ្រាន​វាតទី​យក​ដី​បន្ថែម គឺ​មិន​អនុញ្ញាត​ជាដាច់ខាត​។ កន្លងមក​សម្តេច​តេ​ជោ បាន​សង្កេតឃើញ​មានតែ​អ្នកមានអំណាច​និង​អ្នកមាន​ទ្រព្យ​ច្រើន​ ប្រើ​អ្នកតូចតាច​ឲ្យទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ឲ្យ​ខ្លួន​។ រីឯ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើបាន​ខ្ទម​ពី​១០​ទៅ​២០ ក៏​​​សម្តេច​តេ​ជោ​បានដឹង​និង​កំណត់​អត្តសញ្ញាណ​និង​មុខសញ្ញា​រួច​អស់ហើយ​ដែរ​។ បើ​រកឃើញថា​អ្នក​ទាំង​នោះបាន​ប្រព្រឹត្តិ​មែន​នោះ​គឺ​នឹងត្រូវ​ចាប់ខ្លួន​។


២. ចំពោះ​ការបែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ ហាម​ដាច់ខាត​ឆ្លៀត​កេងចំណេញ​យក​ចំណែក​ខ្លួន​ពី​ការបែងចែក​ដីជូ​ន​ពល​រដ្ឋ គឺ​នឹងត្រូវ​ទទួលទោស​ជា​កំហិត​។​
៣.​ក្រៅពី​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង គឺ​រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី​១០​ភាគរយ ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​អុស និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម​។


​ប្រភព​ដដែល​បញ្ជាក់ថា ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​សាជាថ្មី​ដល់​មន្ត្រី អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​៕​សរន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម