ណេតាន់យ៉ាហ៊ូព្រមានសត្រូវ ក្រោយអ៊ីស្រាអែលវាយប្រហារសងសឹកនៅស៊ីរី

189
ចែករម្លែក

នាយករដ្ឋមន្រ្តីបេនចាមីន ណេតាន់យ៉ាហ៊ូកាលពីថ្ងៃអង្គារទី៤សីហាបានសន្យាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងណាមួយប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីរដ្ឋជ្វីហ្វមួយនេះបានវាយប្រហារសងសឹកលើគោលដៅយោធានៅស៊ីរីចំពោះការប៉ុនប៉ងវាយប្រហារនៅក្នុងតំបន់ខ្ពង់រាបហ្គោលែន ដែលខ្លួនកាន់កាប់។

លោកបាននិយាយនៅក្នុងដំណើរទស្សនកិច្ចនៅទីតាំងយោធាមួយនៅភាគកណ្តាលប្រទេសអ៊ីស្រាអែលថា “យើងបានវាយទៅលើក្រុមយោធាមួយ ហើយឥឡូវនេះយើងបានវាយប្រហារមណ្ឌលបញ្ជានិងត្រួតពិនិត្យជាច្រើន។ យើងនឹងធ្វើអ្វីដែលចាំបាច់ដើម្បីការពារខ្លួនយើង”។

នាយករដ្ឋមន្រ្តីជើងចាស់រូបនេះបានបន្ថែមទៀតថា “ទាំងនេះមិនមែនជាពាក្យឥតប្រយោជន៍ទេ ពាក្យទាំងនេះមានទម្ងន់នៃរដ្ឋអ៊ីស្រាអែលនិងយោធានៅពីក្រោយពួកវា ហើយពាក្យទាំងនេះគួរតែត្រូវយកចិត្តទុកដាក់បំផុត”។

អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើគោលដៅយោធានៅភាគខាងត្បូងប្រទេសស៊ីរីកាលពីយប់ថ្ងៃចន្ទទី៣សីហា។ កងទ័ពបាននិយាយថាខ្លួនធ្វើការសងសឹកវិញបន្ទាប់ពីមានការប៉ុនប៉ងដាក់គ្រឿងផ្ទុះនៅតំបន់ខ្ពង់រាបហ្គោលែន ដែលកាន់កាប់ដោយអ៊ីស្រាអែលតាំងពីឆ្នាំ ១៩៦៧ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Sana របស់ប្រទេសស៊ីរីបានរាយការណ៍ថា ឧទ្ធម្ភាគចក្ររបស់អ៊ីស្រាអែលបានបាញ់រ៉ុក្កែតទៅលើទីតាំងកងទ័ពស៊ីរីនៅក្បែរតំបន់គូណីត្រានៅភាគខាងត្បូង ប៉ុន្តែបណ្តាលឱ្យខូចខាតតែសម្ភារៈប៉ុណ្ណោះ។ Sana ក៏បាននិយាយផងដែរថាផែនការពារអាកាសក៏បានធ្វើសកម្មភាពការពារនៅជិតរដ្ឋធានីស៊ីរីផងដែរ។

ភាពតានតឹងបានកើនឡើងខ្ពស់រួចទៅហើយរវាងសត្រូវជូរចត់អ៊ីស្រាអែលនិងស៊ីរី។

កាលពីខែមុន ឧទ្ធម្ភាគចក្រអ៊ីស្រាអែលបានវាយប្រហារគោលដៅយោធាជាច្រើននៅភាគខាងត្បូងស៊ីរីដើម្បីសងសឹកចំពោះការបាញ់ប្រហារមកលើអ៊ីស្រាអែល។

កាលពីព្រឹកថ្ងៃចន្ទ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់បុរស៤នាក់ ដែលកប់មីននៅក្បែរតំបន់ហ្គោលែលកាន់កាប់ដោយអ៊ីស្រាអែល៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្រ្តីបេនចាមីន ណេតាន់យ៉ាហ៊ូ

ទីតាំងផ្សាយពាណិជ្ជកម្ម