Virgin Atlantic ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី២របស់មហាសេដ្ឋីរីឆាត ប្រ៊ែនសុន ដាក់ពាក្យក្ស័យធន

347
ចែករម្លែក

Virgin Atlantic បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី ២ របស់មហាសេដ្ឋីរីឆាត ប្រ៊ែនសុនដាក់ពាក្យសុំក្ស័យធនជំពូកទី ១៥ នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំនេះ ដោយសារឧស្សាហកម្មនេះនៅតែបន្តរងការបំផ្លាញពីជំងឺរាតត្បាតកូវីដ១៩។

ពាក្យក្ស័យធនរបស់ Virgin Atlantic ដាក់នៅក្នុងតុលាការក្ស័យធនរបស់អាម៉េរិកកាលពីថ្ងៃអង្គារទី៤សីហានៅសង្កាត់ខាងត្បូងនៃទីក្រុងញូវយ៉ក បានឱ្យដឹងថា ក្រុមហ៊ុនកំពុងចរចាកិច្ចព្រមព្រៀងជាមួយភាគីពាក់ព័ន្ធដើម្បីទទួលបានការមូលមតិរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដែលនឹងជួយលុបបំណុលពីតារាងតុល្យការរបស់ខ្លួននិង “ដាក់ក្រុមហ៊ុននៅទីតាំងល្អភ្លាមៗសម្រាប់កំណើនរយៈពេលវែងប្រកបដោយចីរភាព”។

ឯកសារក្ស័យធននៅសហរដ្ឋអាម៉េរិកគឺបន្ថែមទៅលើនីតិវិធីដែលបានដាក់នៅក្នុងតុលាការអង់គ្លេស កន្លែងដែលក្រុមហ៊ុន Virgin Atlantic ទទួលបានការយល់ព្រមកាលពីថ្ងៃអង្គារដើម្បីកោះប្រជុំម្ចាស់បំណុលពាក់ព័ន្ធដើម្បីបោះឆ្នោតលើផែនការស្តាររចនាសម្ព័ន្ធឡើងវិញនៅថ្ងៃទី ២៥ ខែសីហា។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Virgin Atlantic បាននិយាយថាក្រុមហ៊ុនកំពុងស្វែងរក “ការកែលម្អរចនាសម្ព័ន្ធឡើងវិញ” ក្រោមច្បាប់របស់អង់គ្លេស។ ការដាក់ឯកសារក្ស័យធនមិនទាន់មានន័យថាក្រុមហ៊ុនអាកាសចរណ៍នេះបានឈានទៅដល់ការរំលាយហ៊ុនឬចាកចេញពីអាជីវកម្មនោះទេ ប៉ុន្តែក្រុមហ៊ុនបានព្រមានថា ប្រសិនបើកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលមិនអាចឈានការសម្រេចណាមួយទេនោះ ក្រុមហ៊ុនអាចនឹងអស់ប្រាក់នៅខែកញ្ញា។

ការដាក់ពាក្យសុំក្ស័យធនរបស់ក្រុមហ៊ុនធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីលោកប្រ៊ែនសុនបានប្រកាសថាលោកអាចនឹងហោះទៅទីអវកាសតាមយន្តហោះ Virgin Galactic របស់គាត់ក្នុងនាមជាអ្នកដំណើរដំបូងនៅដើមឆ្នាំ ២០២១ ដែលអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកជើងហោះហើរពាណិជ្ជកម្មនៅទីអវកាស។

ក្រុមហ៊ុនអាកាសចរណ៍ដំបូងរបស់លោកប្រ៊ែនសុនឈ្មោះ Virgin Australia បានដាក់ពាក្យសុំក្ស័យធនតាំងពីខែមេសានៅសហរដ្ឋអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Virgin Atlantic ដាក់ពាក្យសុំក្ស័យធន

ទីតាំងផ្សាយពាណិជ្ជកម្ម