អភិបាលរាជធានីទទួលទេយ្យទាននិងបច្ច័យពីព្រះគ្រូចៅអធិការវត្តប្រាសាទដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ

59
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ទេយ្យទានមួយចំនួនដែលមានទាំងអង្ករគ្រឿងឧបភោគ បរិ ភោគ សម្ភារៈ ប្រើប្រាស់ផ្ទះបាយនិងបច្ច័យមួយចំនួនត្រូវបានព្រះធម្មធម៌សោម ស៊ីម ព្រះគ្រូចៅអធិការវត្យន្រាសាទនិងជាព្រះអនុគុណខណ្ឌព្រែកព្នៅ ប្រគល់ជូនសាខាកាក បាទក្រហមរាជធានីភ្នំពេញដែលមានលោកឃួង ស្រេង ជាប្រធាន ដើម្បីបន្តយកទៅ ចែកចាយប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលទេយ្យទាននិងថវិកាទាំងនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងទីអារាមវត្តប្រាសាទស្ថិតនៅ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ការប្រគល់នូវទេយ្យទាននិងថវិការបស់ព្រះធម្មធម៌សោម ស៊ីម ព្រះគ្រូចៅអធិការវត្យន្រាសាទនិងជាព្រះអនុគុណខណ្ឌព្រែកព្នៅមកសាខាកាកបាទក្រហមរាជធានីភ្នំពេញនេះគឺពិតជាបានបង្ហាញឲ្យឃើញពីភាពសិ្នទ្ធស្នាល រវាងពុទ្ធចក្រនិងអាណាចក្រ ។

លោកបញ្ជាក់ថា ពុទ្ធចក្រនិងអាណាចក្រ ដើរទទឹមគ្នា មានន័យថា បើអាណាចក្រមានការរីកចម្រើនពុទ្ធចក្រក៏មានការរីកចម្រើនដូចគ្នា ហើយអាណាចក្រជួបបញ្ហា ពុទ្ធចក្រក៏ជួបបញ្ហាដែរ។ជាក់ស្ដែងនៅក្នុងសម័យប៉ុលពត អាណាចក្របានធ្លាក់ដល់ចំណុចសូន្យ ក្នុងនោះពុទ្ធចក្រ ក៏បានធ្លាក់ដល់ចំណុចសូន្យដូចគ្នាដែរ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាជំងឺរាតត្បាតនៅលើពិភពលោកដោយលោកបញ្ជាក់ថា ជំងឺរាតត្បាត ហើយមានសភាពសាហាវ នៅលើពិភពលោកយើងនេះតែងតែកើតមានឡើង ១០ឬ២០ឆ្នាំម្ដង ។ជាក់នៅពេលនេះ ពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជារបស់យើងគឺបាននិងកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩ ។ ប៉ុន្តែក្រោមការដឹកនាំគ្រប់គ្រងរបស់សម្ដេចតេជោហ៊ុនសែន កម្ពុជាយើងការពារនិងទប់ស្កាត់បានល្អប្រសើរ ដោយមកដល់ពេលនេះមិនមានមនុស្សណាម្នាក់ស្លាប់ដោយជម្ងឺនេះឡើយ។

ព្រះធម្មធម៌សោម ស៊ីម ព្រះគ្រូចៅអធិការវត្យន្រាសាទនិងជាព្រះអនុគុណខណ្ឌព្រែកព្នៅ បានមានសង្ឃដីកាលើកឡើងថា៖ ការផ្ដល់នូវទេយ្យទាននិងថវិកានេះគឺដើម្បីឲ្យសាខាកាកបាទក្រហមរាជធានីភ្នំពេញបន្តយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះនិងប្រជាពលរដ្ឋដែលងាយរងគ្រោះដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ព្រះធម្មធម៌សោម ស៊ីម មានសង្ឃដីកាបន្តទៀតថា៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនគឺបានធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍគ្រប់ទីកន្លែង ប្រជាពលរដ្ឋអាចធ្វើដំណើរបានទាំងយប់ទាំងថ្ងៃ ទៅតាមបណ្ដាខេត្តនានា ដោយមិនមានការព្រួយបារម្ភ ពីបញ្ហាសន្តិសុខឡើយ។

គួរបញ្ជាក់ផងដែរថា ទេយ្យទានដែលព្រះចៅអធិការវត្តប្រាសាទ ប្រគល់ជូនសាខាកាកបាទក្រហមរាជធានីភ្នំពេញខាងលើនេះ រួមមានអង្គ ៥តោន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រីខ មីប្រេងឆា ស្ករស អំបិល សម្ភារៈប្រើប្រាស់ផ្ទះបាយមួយចំនួននិងបច្ច័យចំនួន៣០០០ដុល្លារអាមេរិក៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម