ក្រុមសង្គ្រោះរកឃើញអ្នកនៅរស់ ក្រោយការផ្ទុះដ៏ធំនៅបៃរូតសម្លាប់មនុស្សជាង ១០០ នាក់ និងរបួសរាប់ពាន់នាក់ តែអ្នកស្លាប់រំពឹងកើនឡើងទៀត

350
ចែករម្លែក

ក្រុមអ្នកជួយសង្គ្រោះលីបង់កំពុងជីកកកាយគំនរបាក់បែកស្វែងរកអ្នកនៅរស់ពីការផ្ទុះឃ្លាំងស្តុកគីមីមួយ ដែលបានធ្វើឱ្យរញ្ជួយរដ្ឋធានីបៃរូតកាលពីថ្ងៃអង្គារ (៤ សីហា) ដោយបានសម្លាប់មនុស្សជាង ១០០ នាក់និងរងរបួសជិត ៤.០០០ នាក់។ អ្នកនៅរស់ជាច្រើនត្រូវបានរកឃើញ ប៉ុន្តែអ្នកស្លាប់ក៏រំពឹងកើនឡើងដែរ។

ការផ្ទុះនៅឃ្លាំងរបស់កំពង់ផែដែលស្តុកទុកសារធាតុផ្ទុះគឺជាការផ្ទុះដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះនៅក្នុងទីក្រុងបៃរូត ជាទីក្រុងដែលកំពុងរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ចនិងការកើនឡើងករណីកូវីដ១៩។

រូបភាពបានបង្ហាញអគារកំពង់ផែនៅសល់តែគ្រោងឆ្អឹង ដែលបំផ្លាញខ្ទេចច្រកចូលធំបំផុតរបស់ប្រទេស ដែលពឹងផ្អែកលើការនាំចូលចំណីអាហារដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួនជាង ៦ លាននាក់។

គ្រោះកំណាចនេះបានគំរាមដល់វិបត្តិមនុស្សធម៌ថ្មីមួយទៀតនៅក្នុងប្រទេសមួយដែលទទួលជនភៀសខ្លួនស៊ីរីរាប់សែននាក់ និង កំពុងតែជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ចជាស្រេច។

អ្នកស្រុកបាននិយាយថាកញ្ចក់បានបែកខ្ទេចនៅតាមសង្កាត់នានានៅលើឆ្នេរមេឌីទែរ៉ាណេរបស់ទីក្រុងបៃរូតនិងទីក្រុងតូចៗនៅឆ្ងាយពីទីនោះប៉ុន្មានគីឡូម៉ែត្រ។ អ្នកស្រុករស់នៅប្រទេសស៊ីប ដែលស្ថិតនៅលើសមុទ្រមេឌីទែរ៉ាណេចម្ងាយ ១៨០ គីឡូម៉ែត្រពីទីក្រុងបៃរូត ក៏ស្តាប់ឮសំឡេងផ្ទុះនេះដែរ។ អ្នកស្រុកម្នាក់នៅទីក្រុងនីកូស្យារបស់ស៊ីបនិយាយថា ផ្ទះនិងបង្អួចរបស់គាត់រញ្ជួយ។

ការផ្ទុះនេះបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃសង្គ្រាមស៊ីវិលឆ្នាំ ១៩៧៥-៩០ នៅពេលដែលប្រទេសលីបង់រងនូវគ្រាប់ផ្លោង ការបំផ្ទុះរថយន្ត និង ការវាយលុកតាមអាកាសពីអ៊ីស្រាអែល។ អ្នកស្រុកខ្លះស្មានថារញ្ជួយដីបានកើតឡើង៕ ដោយ៖ កញ្ញាដាលីស

អ្នកស្លាប់រំពឹងកើនឡើងថែមទៀតពីការផ្ទុះនៅបៃរូត

ទីតាំងផ្សាយពាណិជ្ជកម្ម