ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​រៀបចំ​វេទិកា​ថ្នាក់ស្រុក​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​

122
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្នុងការ​បំពេញ​តួនាទី​ភាពជា​តំណាង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុមប្រឹក្សាឃុំ​និង​ដើម្បី​ឈ្វេងយល់​អំពី​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ក្រុមប្រឹក្សាឃុំ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​និង​ការអភិវឌ្ឍ​មូលដ្ឋាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​បានរៀបចំ​វេទិកា​ថ្នាក់ស្រុក​នៅ​សាលាស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០​។​

​វេទិកា​ថ្នាក់ស្រុក​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​អ៊ុក​ប៊ុន​ឈឿន​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​ដោយមាន​ការចូលរួម​ពី​ប្រធាន​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ប្រធាន​ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ និង​មន្ទីរ​ពាក់ព័ន្ធ​ជំវិញ​ខេត្ត​ត្បូងឃ្មុំ ។​
​អង្គ​វេទិកា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ឈ្វេងយល់​អំពី​បញ្ហា​មួយចំនួន​ដូចជា​៖ ទី​១-​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ (Covid-19) ក្នុងពេល​បច្ចុប្បន្ន វិធានការ​បង្ការ ការពារ ទប់ស្កាត់ អប់រំ​ប្រជាពលរដ្ឋ​។​ទី​២​ការកំណត់​អត្តសញ្ញាណ​កម្ម​ជនក្រីក្រ​១​ជនក្រីក្រ​២​និង​ការបែងចែក​កញ្ចប់​ថវិកា​ជូន​ប្រជាពលរដ្ឋ​។

​ទី​៣​តើ​មាន​គោល​ការ​អ្វីខ្លះ​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​និង​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​និង វិ​ស័​អប់រំ​ក្នុងពេល​មាន​ជំងឺ​កូ​វីដ​១៩​នេះ​។ ទី​៤-​ការអនុវត្ត​គោ​លន​យោ​យ​បាយ​ភូមិ ឃុំ មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច​នៅ​មូលដ្ឋាន​។​ទី​៥​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នាពេល​កន្លងមក​ដូចជា​៖ អត្រា​នុ កូ​ល​ដ្ឋា​ន ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ការផ្តល់​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ ទី​៦- ការដក​ថវិកា​សម្រាប់​ការអភិវឌ្ឍ​ឃុំ សង្កាត់ នៅ​មូលដ្ឋាន​នាពេល​កន្លងមក និង​ទី​៧-​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការនារី និង​កុមារ​ឃុំ​។​

​អង្គ​វេទិកា​ប្រព្រឹត្តទៅ​រយៈពេល​០១​ព្រឹក ដោយមាន​ការធ្វើ​សេចក្តីរាយការណ៍​អំពី​តួនាទី ភារកិច្ច និង​ការផ្តល់សេវា​របស់​ក្រុមប្រឹក្សាឃុំ​នីមួយៗ និង​ការពិភាក្សាគ្នា​អំពី​បញ្ហា​ប្រឈម សំណូមពរ និង​ការបកស្រាយ​បំភ្លឺ និង​រក​ដំណោះស្រាយ​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​។​

​បន្ទាប់ពី​ប្រមូល​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​ដែល​លោក​ប្រធាន​ក្រុមប្រឹក្សាឃុំ​ក្នុងស្រុក​តំបែរ បានលើកឡើង​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០​រួចមក នៅ​រសៀល​ថ្ងៃ​ដដែល ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​ដឹកនាំ​ដោយ​លោក​អ៊ុក​ប៊ុន​ឈឿន​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយនឹង​អាជ្ញាធរ​ស្រុក​តំបែរ​ដឹកនាំ​ដោយ​លោក រ៉េត បូរ៉ាន់ អភិបាល​ស្តីទី​ស្រុក​តំបែរ ។

ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ស្រុក ប្រធាន​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ អធិការនគរបាល មន្ទីរ​ហិរញ្ញវត្ថុ មន្ទីរ​សុខាភិបាល និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សប្ប​ទា សរុប​ចំនួន​២២​នាក់ នៅ​សាលប្រជុំ​សាលាស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ឈ្វេងយល់ និង​នាំយក​នូវ​មតិយោបល់ និង​សំណូមពរ​របស់​ក្រុមប្រឹក្សាឃុំ​ក្នុងស្រុក​តំបែរ គោលបំណង​ក្នុង​ការជួយ​ជាមួយ​អាជ្ញាធរ​ស្រុក​ដើម្បី​ពិភាក្សា​និង​រក​ដំណោះស្រាយ​ឱ្យ​ឆ្លើយតប​នឹង​សំណូមពរ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ។​

​លោក​រ៉េត​បូរ៉ាន់​អភិបាល​ស្តីទី​ស្រុក​តំបែរ​បាន​ស្វាគមន៍​និង​ថ្លែងអំណរគុណ​ដល់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូម​ភាគ​ទី​២ ដែល​បាន​ចុះ​ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន បញ្ហា​ប្រឈម និង​សំណូមពរ ដែល​បានលើកឡើង​ក្នុងនាម​តំណាង​ប្រជាពលរដ្ឋ ដើម្បី​ជា​មូលដ្ឋាន​ព័ត៌មាន​បន្ថែមទៀត ឱ្យ​ស្រុក​ធ្វើ​ការបន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ លោក​អភិបាល​ស្តីទី​បាន​ជម្រាបជូន​គណៈប្រតិភូ​ថា បញ្ហា​ប្រឈម​និង​សំណូមពរ​នានា​ដែល​អង្គ​វេទិកា​បាន​រកឃើញ​អាជ្ញាធរ​ស្រុក​គ្រប់លំដាប់​ថ្នាក់​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដោះស្រាយបាន​មួយចំនួន ហើយ​បញ្ហា​ដែល​នៅ​សេសសល់ ស្រុក​នឹង​បន្ត​ខិតខំ​ដោះស្រាយ​បន្ថែមទៀត​។

ចំពោះ​បញ្ហា​មួយចំនួន​ដែល​អាជ្ញាធរ​ស្រុក​មិនអាច​ដោះស្រាយបាន​លោក​អភិបាល​ស្តីទី​បាន​សំណូមពរ​ដល់​គណៈប្រតិភូ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ ជួយ​អន្តរាគមន៍​ទៅ​ទៅ​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​ដោះស្រាយ​។​ក្នុងនាម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ លោក អ៊ុក​ប៊ុន​ឈឿន​បានផ្តល់​អនុសាសន៍​មួយចំនួន​ដល់​អាជ្ញាធរ​ស្រុក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ទាំងឡាយ​ដែល​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​បានលើកឡើង និង​ទាមទារ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ដោះស្រាយ​ជាមួយគ្នា ដើម្បី​ឆ្លើយតប​តាម​សំណូមពរ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

​ចំពោះ​បញ្ហា​ប្រឈម​និង​សូម​ណូ​ម​ពរ​នានា​ដែល​អាជ្ញាធរ​ស្រុក​ពុំ​អាច​ដោះស្រាយបាន ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ នឹង​នាំយក​បញ្ហា​ប្រឈម និង​សំណូមពរ​ទាំងពួង​រាយការណ៍​ជូន​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដើម្បី​លើក​អនុសាសន៍​ជម្រាប​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ធ្វើការ​ដោះស្រាយ​។​

​ក្នុងឱកាស​នោះដែរ លោក​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២ បានធ្វើការ​ផ្តាំផ្ញើរ​ដល់​ក្រុមប្រឹក្សាឃុំ អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ សូម​ចូលរួម និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ថែរក្សា​សុខភាព​កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​១៩ នឹងត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល (gel sanitizer) សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល ហើយ​ប្រើប្រាស់​ម៉ាស​ឱ្យបាន​ជាប្រចាំ គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ដាច់ខាត ដើម្បី​សុវត្ថិភាព សុខ​ភា​ពុ​យើងទាំងអស់គ្នា​៕S/

​ចំណងជើង​រូបថត​៖​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​រៀបចំ​វេទិកា​ថ្នាក់ស្រុក​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​

ទីតាំងផ្សាយពាណិជ្ជកម្ម