​ចំណូល​ពន្ធ​នៅ​ឆមាស​ទី​២​ខាងមុខ​របស់​កម្ពុជា ស្ថិតក្នុង​ភាព​ប្រឈម​នៅឡើយ​ដោយសារ​ឥទ្ធិពល​កូ​វីដ​

150
ចែករម្លែក

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ដោយសារ​ការរង​ផលប៉ះពាល់​នៃ​ការ​រាតត្បាត​ជំងឺឆ្លង​កូ​វីដ​-១៩ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២០​ខាងមុខ កម្ពុជា​នឹងរង​ផលប៉ះពាល់​បន្តទៀត​ដល់​ការប្រមូល​ចំណូល​ពន្ធដារ​តាម​ការប៉ាន់ស្មាន​រហូត​ដល់​ដំណាច់ឆ្នាំ​គ្រា​ដែល​ការ​ថមថយ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ចាប់ពី​ត្រីមាស​ទី​២​ជាពិសេស​សកម្មភាព​ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ ដឹកជញ្ជូន សំណង់ និង​អចលនទ្រព្យ​។​

​ប្រភពពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានលើកឡើង​ថា​យោងតាម​លទ្ធផល​នៃ​ការអនុវត្ត​ថវិការ​ឆមាស​ទី​១​ការវាយតម្លៃ​លទ្ធផល​ប៉ាន់ស្មាន​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០​។​ក្នុងនោះ​ចំពោះ​វិស័យ​ពន្ធដារ​បាន​ប្រមូល​ចំណូល​ពន្ធដារ (​ថ្នាក់ជាតិ​) អនុវត្តបាន​៤,៩៧៣​ពាន់​លាន​រៀល ស្មើ​ជាង​៥២​ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ​គឺ​ទាប​ជាង​០២​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​ដែល​អនុវត្តបាន​ជិត​៥៥​ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ​។​ប៉ុន្តែ​បើ​គិត​ជា​សាច់ប្រាក់​ចំណូល​ពន្ធដារ​បាន​កើនឡើង​ជាង​១៦​ភាគរយ បើ​គិត​រយះពេល​ដូចគ្នា​។

​ទាក់ទិន​និង​ការប្រមូល​ចំណូល​ពន្ធ​នេះ​ក្នុង​រយៈពេល​នេះដែរ​ក្នុងនោះ​ពន្ធ​លើ​ប្រាក់ចំណូល​អនុវត្ត​ជាង​៦៩​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​,​បើ​គិត​ចំណូល​ជា​សាច់ប្រាក់​កើន​ជាង​២៩​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩​។ ចំណែក​ពន្ធលើប្រាក់បៀវត្ស​អនុវត្តបាន​ជាង​៤៦​ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ​, បើ​គិត​ជា​ចំណូល​សាច់ប្រាក់​កើន​ជិត​១៣​ភាគរយ​,​។​ដោយឡែក​អាករ​លើ​តម្លៃបន្ថែម (​របប​ផ្ទៃក្នុង​) អនុវត្តបាន​ជិត​៣៧​ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ​, គិត​ចំណូល​ជា​សាច់ប្រាក់​កើន​ជាង​៣​ភាគរយ និង​អាករ​ពិសេស​លើ​ទំនិញ និង​សេវា​ក្នុងស្រុក អនុវត្តបាន​ជាង​៣៨​ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ បើ​គិត​ចំណូល​ជា​សាច់ប្រាក់​បាន​ថយចុះ​ជាង​៩​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ជារួម ការប្រមូល​ចំណូល​ពន្ធដារ ឆមាស​ទី​១ ឆ្នាំ​២០២០ នៅតែ​បន្ត​សម្រេចបាន​លទ្ធផល​ល្អប្រសើរ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ប្រសិទ្ធភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ប្រតិបត្តិ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ ស្របតាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ ២០១៩-២០២៣​។
​ប៉ុន្តែ​ចំពោះ​ការ​ថមថយ​នៃ​សកម្មភាព​សេដ្ឋកិច្ច ចាប់ពី​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ជាពិសេស​សកម្មភាព​ធុរកិច្ច​ក្នុង​វិស័យ​ខាងលើ​ដោយ​រង​ផលប៉ះពាល់​ដោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​អាច​នឹង​ប៉ះពាល់​ដល់​ការប្រមូល​ចំណូល​ពន្ធដារ​ក្នុង​ឆមាស​ទី​២​ខាងមុខ​ក្នុងនោះ​បើតាម​ការប៉ាន់ស្មាន​រហូត​ដល់​ដំណាច់ឆ្នាំ​ចំណូល​ពន្ធដារ​នឹង​សម្រេចបាន​ប្រមាណ​៨៥,០​ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០២០៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម