​រាជរដ្ឋាភិបាល​គ្រោង​រៀបចំ​តំបន់​ជួរ​ភ្នំក្រវាញ​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​

145
ចែករម្លែក

ដោយៈ​ច្រាយ​ចំណាន​/​ភ្នំពេញៈ​រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំ​តំបន់​ជួរ​ភ្នំក្រវាញ​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​៣,៨​លាន​ហិកតា​ជា​តំបន់​អេកូ​ទេសចរណ៍​នឹង​ក្លាយជា​ផលិតផល​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍​ដ៏​ទាក់​បំផុត​។​
​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​ថា ការ​ប្រែក្លាយ​តំបន់​ជួរ​ភ្នំ​ង​ក្រវាញ​ឱ្យទៅជា​តំបន់​អេកូ​ទេសចរណ៍​នាពេលនេះ គឺជា​ពេលដែល​សមរម្យ​បំផុត​ក្នុងការ​អភិវឌ្ឍ​វា​ឱ្យ​ក្លាយជា​ផលិតផល​ថ្មី​និង​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​


​លោកស្រី​បន្តថា​“​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មាន​សក្តានុពល​ខ្ពស់​ចំពោះ​វិស័យ​អេកូ​ទេសចរណ៍​ដែល​មិនទាន់​បានរៀបចំ​ឱ្យបាន​ត្រឹមត្រូវ​និង​ស្តង់ដារ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​នៅឡើយ​ខណៈដែល​ភាគច្រើន​ភ្ញៀវ​ទៅលេង​តែ​ប្រាង្គ​ប្រាសាទ​ដែលជា​ទេសចរណ៍វប្បធម៌ ដូចជា​ប្រាសាទអង្គរវត្ត ”​។​លោកស្រី​បន្ថែមថា​“​ការ​រៀង​ចំ​ឱ្យ​តំបន់​ជួរ​ភ្នំក្រវាញ​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​លេង​កំសាន្ត​កាន់តែច្រើន​បន្ថែមទៀត ជាពិសេស​ភ្ញៀវទេសចរ​បរទេស បើទោះបី​គាត់​មកលេង​ហើយ​ម្តង​ក៏ដោយ នៅពេលដែល​យើង​មាន​ផលិត​ថ្មី​គាត់​នឹង​មក​ម្តងទៀត​”​។​
​លោកស្រី​បញ្ជាក់ថា​ការ​រ​រៀបចំ​តំបន់​ជួរ​ភ្នំ​នេះ​កាន់តែ​ឆាប់​កាន់តែ​ល្អ​សម្រាប់​ឱ្យ​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ចូលរួម​ផ្សព្វផ្សាយ​ទៅកាន់​ភ្ញៀវ​ទាំង​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។​


​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក សៅ សុភាព បាន​មានប្រសាសន៍​ឱ្យដឹង​កាលពីដើម​សប្ដាហ៍​ថា រាជរដ្ឋាភិបាល បានឱ្យ​ក្រសួងបរិស្ថាន និង​ក្រសួងទេសចរណ៍​រៀបចំ​យុទ្ធសាស្ត្រ​ពង្រីក​តំបន់​អេកូ​ទេសចរណ៍​ទាំងនេះ​ដោយ​អនុញ្ញាត​ឱ្យមាន​ការចូល​រួម​ពី​វិស័យ​ឯកជន​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចូលទៅ​កម្សាន្ត​តំបន់​នោះ​ឱ្យបាន​ច្រើន​។​

លោក​បាន​បញ្ជាក់ថា​“​ក្រសួងបរិស្ថាន​កំពុង​បង្កើត​លក្ខខណ្ឌ​ឱ្យមាន​ភាព​កាន់តែ​ប្រសើរ​ដែល​ជំរុញ​ដល់​ការវិនិយោគ​ផ្នែក​ទេសចរណ៍ធម្មជាតិ​ឱ្យមាន​ភាព​ទាក់ទាញ​ដោយ​រៀបចំ​ឱ្យមាន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា​ការតភ្ជាប់​ផ្លូវ​មជ្ឈមណ្ឌល​ភ្ញៀវទេសចរ​និង​សកម្មភាព​ពាក់ព័ន្ធ​នានា​ជាច្រើន​ទៀត​”​។

លោក​បន្តថា “​ពេលនេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​គោលនយោបាយ​សម្រាប់​អេកូ​ទេសចរណ៍ ដោយ​អនុញ្ញាត​ឱ្យមាន​ការចូល​រួមទាំង​ប្រតិបត្តិ​ករ​អេកូ​ទេសចរណ៍​ខ្នាត​ធំ និង​តូច និង​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​សកម្មភាព​អេកូ​ទេសចរណ៍​”​។​
​យោងតាម​ការស្រាវជ្រាវ​របស់​ធនាគារពិភពលោក​បង្ហាញថា ធនធានធម្មជាតិ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​បឹង​ទន្លេសាប​ផ្តល់ទុន​យ៉ាងសំខាន់​សម្រាប់​វិស័យ​អេកូ​ទេសចរណ៍​ខណៈ​តាម​ការប៉ាន់ប្រមាណ​ជា​សកល​បង្ហាញថា​ភ្ញៀវ​ផ្នែក​អេកូ​ទេសចរណ៍​មាន​កំណើន​ប្រហែល​២០​ភាគរយ​ប្រចាំឆ្នាំ​។​

​តំបន់​ជួរ​ភ្នំក្រវាញ​និង​តំបន់​បឹង​ទន្លេសាប​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​៣,៨​លាន​ហិកតា​ត្រូវបាន​ធនាគារពិភពលោក​ផ្តល់​ការគាំទ្រ​ផ្នែក​ថវិកា​និង​បច្ចេកទេស​សម្រាប់​គម្រោង​“​និរន្តរភាព​តំបន់​ទេសភាព​និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​”​ក្នុង​ខេត្ត​គោលដៅ​មួយចំនួន​មានដូចជា​៖​ខេត្តពោធិ៍សាត់​កោះកុង​បាត់ដំបង​កំពង់ស្ពឺ​កំពង់ធំ​សៀមរាប​និង​កំពង់ឆ្នាំង​តាមរយៈ​ជំរុញ​សកម្មភាព​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​និង​ដែនជម្រកសត្វព្រៃ​តា​តៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល​និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ជួរ​ភ្នំក្រវាញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម