​បិទទ្វារ​យូរពេក សាលា​ឯកជន​មួយចំនួន ប្រកាស​ក្ស័យធន​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​

128
ចែករម្លែក

​ដោយ​៖​ច្រាយ ចំណាន​/​ភ្នំពេញៈ ដោយសារតែ​ស្ថានភាព​កូ​វីដ ១៩ បាន​វាយលុក ជំ​រុញអោយ​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន បាន​ផ្អាក​ដំណើរការ​បង្រៀន​ផ្ទាល់ ជិត ១ ឆមាស និង​បង្វែរ​អោយ​រៀន តាម​អន​ឡាញ​វិញ​នោះ មាន​សាលារៀន​ឯកជន មួយចំនួន ហើយ បានប្រកាស​ក្ស័យធន និង​បិទទ្វារ​ឈប់​បង្រៀន​ទាំង​តាម​អន​ឡាញ​។

​ជាក់ស្ដែង យោងតាម​សេចក្តីប្រកាស​របស់​សាលារៀន​អន្តរជាតិ ឃី​ង ស្លាយ​ធ៍ សាខា​ខណ្ឌទួលគោក បានប្រកាស​បិទទ្វារ និង​ប្រកាស​អោយ​អាណាព្យាបាល​សិស្ស ដែល​បាន​បង់ថ្លៃ​សាលា​រួចហើយនោះ មក​ទទួលយក​ថវិកា​ដែល​នៅ​សេសសល់​ត្រឡប់​ទៅវិញ​។

លោក ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ នៃ​កម្ពុជា បាន​ថ្លែង​តាម​ទូរស័ព្ទ​អោយដឹង នា​រសៀល​ថ្ងៃទី​៥ សីហា​នេះ​ថា រហូតមកដល់​ពេលនេះ សាលា​ឯកជន ដែល​ស្ថិតនៅក្នុង​ចង្កោម​សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា បាន​ផ្អាក បិទ និង​បង្រួម​សាខា មានន័យថា សាខា​ខ្លះ ត្រូវបាន​បិទ​តែម្ដង ប្រមាណ​ជា ២០ ភាគរយ ហើយ ដោយសារតែ​អាណាព្យាបាល​សិស្ស មិនបាន​បង់​ថវិកា មក​សាលា ហើយ​សាលា ក៏​មិនមាន​ហិរញ្ញវត្ថុ សម្រាប់​គាំទ្រ​ការ​ដំណើរការ​បន្តទៀត ទើប​សម្រេច​បិទ​សាខា​របស់ខ្លួន​បណ្ដើរៗ​។

​លោក​បាន​បន្តថា “​សាលា​ដែល​បិទ​ភាគច្រើន ជា​សាលា​ដែល​ទទួលបាន​ការបង់​ប្រាក់ ពី​អាណាព្យាបាល ជា​ត្រីមាស ឬ​ជា​ប្រចាំខែ ហើយ​ក្នុងពេល​ដែលមាន​វិបត្តិ ឪពុកម្ដាយ ឬ​អាណាព្យាបាល​សិស្ស ក៏​មិនបាន​បង់អស់​ជា​យូរ ដោយសារតែ​កូនៗ​របស់​ពួកគេ មិន​បានមក​រៀន​ផ្ទាល់ ហើយ​ខ្លះ ក៏​រៀន​តាម​អន​ឡាញ​”​។​

លោក​បាន​បន្តថា “​សាលា​ខ្លះ ដែល​បង្រួម​សាលា ហើយ​ទទួល​លុយ​ពី​អាណាព្យាបាល ក៏បាន​ប្រកាស​ប្រគល់​ត្រឡប់​ទៅ​អាណាព្យាបាល​វិញ​”​។
​លោក ប៉ិច ប៉ូ​ឡែ​ន បាន​និយាយ​ចំពោះ​សិស្ស ដែល​រៀន​នៅ​សាលា​បិទ​បណ្ដោះអាសន្ន អាច​ទៅរក​សាលា​រដ្ឋ​ឬក៏​សាលា​ឯកជន​ផ្សេង​រៀន​បន្ត និង​រង់ចាំ​ដល់​បើក​វគ្គ​ថ្មី ទើប​គិតគូរ​សារជាថ្មី​។

លោក​បាន​បន្ថែមថា នៅក្នុង​អំឡុង​ខែ កញ្ញា និង​តុលា ខាងមុខនេះ ក្រសួង​គ្រោង​នឹង​ប្រកាស​អោយចូល​រៀន ក្នុង​សាលា​ឡើងវិញ​ខ្លះ និង​រៀន​ពី​ចំងាយ​ខ្លះ ដូច្នេះ​សាលា​ឯកជន​ទាំងឡាយ សូម​ត្រៀម​កម្មវិធីសិក្សា​របស់​ខ្លួន និង​ត្រៀម​រៀបចំ​បើក​ឡើងវិញ ដោយ​អនុវត្តន៍​វិធានការ​អនាម័យ អោយបាន​ត្រឹមត្រូវ ស្តង់ដារ​អនាម័យ ដើម្បី​ការពារ​នឹង​ជំងឺឆ្លង​សកល​មួយ​នេះ​។


​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បិទ​សាលា​ទូទាំងប្រទេស តាំងពី​អំឡុង​ខែមីនា ឆ្នាំ​២០២០ មកម្ល៉េះ ដើម្បី​ការពារ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគមន៍ ជាពិសេស​ក្នុង​សាលារៀន ព្រោះថា ក្នុង​ស្ថាប័ន​អប់រំ គឺ​ងាយ​ប្រឈម​នឹង​ការឆ្លង ដោយសារតែ​សិស្ស​ខ្លះ មិនទាន់​យល់​ពី​វិធី​អនាម័យ និង​ដោយសារតែ​ឪពុកម្ដាយ អាណាព្យាបាល​មួយចំនួន ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូនៗ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម