​​សាកសព​ស្ត្រី​ខ្មែរ​ដែល​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​បាងកក​បញ្ជូន​មកដល់​កម្ពុជា​នៅយប់នេះ

189
ចែករម្លែក

ដោយ​៖​មុនី​រ័ត្ន​/ភ្នំពេញ​៖សាកសព​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​កន្លែង​លេង​ល្បែ​ស៊ីសង​មួយកន្លែង​ស្ថិតនៅ​សង្កាត់​ឆ​ង់​នុ​ន​ស៊ី ខណ្ឌ​យ៉ាន​ណា​វ៉ា ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០​ត្រូវបាន​ដឹកបញ្ជូន​មកដល់​ច្រកព្រំដែន​ប៉ោយប៉ែត​កាលពី​យប់​ថ្ងៃទី​៥ ខែសីហា​ឆ្នាំ​២០២០​នេះ​។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក កុយ គួ​ង បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​៥ ខែសីហា​ថា សព​ស្ត្រី​ខ្មែរ​ដែល​ទទួលមរណភាព ដោយ​ការផ្ទុះអាវុធ​នៅ​ទីក្រុង​បាងកក ត្រូវបាន​មន្ត្រី​ពីររូប​នៃ​ស្ថានទូត​កម្ពុជា​ដំណើរ​ការដឹក​សព​មក​កម្ពុជា ដែល​អាច​មកដល់​ច្រកព្រំដែន​ប៉ោយ​ប៉េ​ត​វេលា​ម៉ោង​ជិត ៨​យប់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​។​

ស្រ្តីខ្មែរ ឈ្មោះ ម៉ៅ ស្រីពៅ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃទី ៣ ខែ សីហា ២០២០ ។

​លោក កុយ គួ​ង បាន​បន្តថា​តាម​ព័ត៌មាន​ទទួលបាន​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បានអោយដឹងថា​កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ផ្ទុះអាវុធ​បានកើត​ឡើង​នៅក្នុង​កន្លែង​លេង​ល្បែ​ស៊ីសង​មួយ​នៅ​អាគារ​លេខ ៥០១/២៣៧ ផ្រា​ក់​រ៉ា​ម ៣ សយ ៦៦ សង្កាត់​ឆ​ង់​នុ​ន​ស៊ី ខណ្ឌ​យ៉ាន ណា​វ៉ា ទីក្រុង​បាងកក ។ ក្នុង​ហេតុការណ៍​នោះ​បណ្តាលឱ្យមាន​អ្នករងរបួស​ចំនួន ២​នាក់​និង​ស្លាប់​ចំនួន ៤​នាក់​ដែល​នៅក្នុង​ចំណោម​អ្នកស្លាប់​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់ ឈ្មោះ ម៉ៅ ស្រី​ពៅ ភេទ​ស្រី អាយុ​២៩​ឆ្នាំមាន​ទីលំនៅ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បន្តថា​រហូតមកដល់​នេះ​ស្ថានទូត​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ​ជាពិសេស​ជាមួយ​ប៉ូលីស​ថៃ​ហើយ​មន្ត្រី​ស្ថានទូត​បានធ្វើ​ដំណើរ​ទៅកាន់​កន្លែង​តម្កល់សព​ចូលរួម​សង្កេត​ការ​ក្នុង​ការធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​នៅ​ពីក្រោយ​ការបាញ់សម្លាប់​។​ស្ថានទូត​ក៏បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​នៅ​ខ្មែរ​រួចហើយ​និង​សាច់​ញា​តិបានស្នើ​ស្ថានទូត​ជួយ​សម្របសម្រួល​និង​ចេញ​ឯកសារ​នាំ​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ប្រទេស​កម្ពុជា​៕BR
​ ​ ​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម