​គណៈ​ធម្មការ​សង្ឃរាជ​ធានី​ភ្នំពេញ​និមន្ត​សង្ឃ​ប្រាំបី​អង្គ​មក​អប់រំ​ទូន្មាន​រឿង​ចូលរួម​ការតវ៉ា​

186
ចែករម្លែក
​គណៈ​ធម្មការ​សង្ឃរាជ​ធានី​ភ្នំពេញ​និមន្ត​សង្ឃ​ប្រាំបី​អង្គ​មក​អប់រំ​ទូន្មាន​រឿង​ចូលរួម​ការតវ៉ា​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈ​ធម្មការ​សង្ឃរាជ​ធានី​ភ្នំពេញ បាន​និមន្ត​សង្ឃ​ចំនួន​ប្រាំបី​អង្គ គង់នៅ​វត្ត​ប៉ាឆា វត្ត​លៀប វត្ត​ដំរី​ស និង​វត្ត​សង្កែ ខេត្តបាត់ដំបង ដែល​បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ មក​ធ្វើ​ការអប់រំ​ណែនាំ​នៅ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ ​កាលពី​យប់​ថ្ងៃទី​៤ ខែសីហា​។ បន្ទាប់ពី​អប់រំ និង​ធ្វើ​កិច្ចសន្យា​រួច គណៈ​ធម្មការ​សង្ឃរាជ​ធានី​ភ្នំពេញ​បានប្រគល់​លោកសង្ឃ​ទាំង​ប្រាំបី​អង្គ​នេះ ទៅ​ឲ្យ​ព្រះ​ចៅ​អ​ធិ​ការវត្ត យកទៅ​អប់រំ​ទូន្មាន​បន្ថែមទៀត​។​


​ ​សង្ឃ​ទាំង​ប្រាំបី​អង្គ​នេះ បាន​និមន្ត​មកពី​ខេត្តបាត់ដំបង ចូលរួម​ការតវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក​រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​អាជ្ញាធរ​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​អំពី​បញ្ហា​រឿង​ព្រំដែន​។​

​គណៈ​ធម្មការ​សង្ឃរាជ​ធានី​ភ្នំពេញ​និមន្ត​សង្ឃ​ប្រាំបី​អង្គ​មក​អប់រំ​ទូន្មាន​រឿង​ចូលរួម​ការតវ៉ា​


​ ​សម្តេចព្រះ​ពុទ្ធ​ជ័យ មុនី ឃឹម​សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ បាន​មាន​ថេរ​ដីកា​ថា បើ​និយាយ​ពី​សង្ឃប្រកាស គឺ​បានចេញ​ច្រើនដង​មកហើយ ហាម​មិន​ឲ្យ​ចូលរួម​ធ្វើបាតុកម្ម ពីព្រោះ​កាលណា​បើ​ចូលរួម​សកម្មភាព​បាតុកម្ម​គឺ​ខុសឆ្គង​ហើយ​។ ព្រះសង្ឃ​ទាំង​ប្រាំបី​អង្គ​នេះ ចៅអធិការ​វត្ត​អប់រំ​ទូ​នា្ម​ន​លែង​បាន និង​លែង​ស្តាប់​ចៅអធិការ​វត្ត​។ នៅថ្ងៃនេះ ព្រះអង្គ​បាន​និមន្ត​ព្រះ​មេគណ សហការី​គណ ចៅអធិការ​ឲ្យ​យក​សង្ឃ​ទាំង​ប្រាំបី​អង្គ​នេះ​ទៅ​វត្ត​វិញ ដើម្បី​ទូន្មាន និង​ឲ្យ​រៀនសូត្រ​ធម៌​វិន័យ ស័ក្តិ​សមជា​អ្នកបួស​ពិតប្រាកដ​។​

​សម្តេចព្រះ​ពុទ្ធ​ជ័យ មុនី ឃឹម​សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ​


​ ​សម្តេចព្រះ​ពុទ្ធ​ជ័យមុនី ឃឹម​សន មាន​សង្ឃដីកា​បញ្ជាក់ថា “​ចៅអធិការ​វត្ត​ថាទូន្មាន​អប់រំ​លោក​លែង​បាន​ហើយ លែង​ស្តាប់​ចៅអធិការ និយាយ​រួម​វត្ត​នៅ​បាត់ដំបង​លែង​ទទួលខុសត្រូវ លែង​ទទួលស្គាល់​ហើយ សុំ​ឲ្យ​អាត្មា​ធ្វើ​ម៉េច​ធ្វើទៅ​? ប៉ុន្តែ​អាត្មា​នឹក​ឃើញថា ប្រគេន​សង្ឃ​ទាំង​ប្រាំបី​អង្គ​ទៅ​វត្ត​គេ​វិញ ហើយ​អាត្មា​បាន​និមន្ត​ព្រះ​មេគណ សហការី​គណ ចៅអធិការ​វត្ត​ទាំង​បួន ឲ្យ​យក​សង្ឃ​ទាំង​ប្រាំបី​អង្គ​ទៅវិញ ដោយ​ទូន្មាន​ម្តងទៀត​ឲ្យ​រៀនសូត្រ​ធម៌​វិន័យ កុំ​ចេះតែ​នាំគ្នា​មក​ធ្វើ​អ៊ីចឹង ហើយ​គ្មាន​ឆៃ​យ៉ា គ្មាន​អី​ទាំងអស់ ហើយ​ប្រា​ប់លោក​ឲ្យ​ទៅវិញ​​ ឲ្យ​មន្ត្រី​សង្ឃ​ធ្វើ​ឆៃ​យ៉ា ស័ក្តិ​សមជា​អ្នកបួស​ពិតប្រាកដ ហើយ​បើ​ចង់​ធ្វើ​អី​ផ្សេងៗ​ទៅជាគ្រហស្ថទៅ​ល្អ​ជាង​”​។​


​ ​សម្តេចព្រះ​ពុទ្ធ​ជ័យ មុនី ឃឹម​សន បាន​បញ្ជាក់ថា តាម​ធម៌​វិន័យ​សង្ឃ គឺ​សង្ឃ​ទាំង​ប្រាំបី​អង្គ​នោះ គ្មាន​សមជា​អ្នកបួស​អី​បន្តិច​ទេ​។ ក្នុង​វស្សា​បែបនេះ គឺ​ព្រះអង្គ​បាន​ឲ្យ​មន្ត្រី​សង្ឃ​យក​ទៅ​អប់រំ​ម្តងទៀត​ទៅ​។​


​លោក​រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់ពី​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​ទៅខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិក​តា នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គឺជា​ការ​ប្រឌិត​រឿង​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណមតិ​ជាតិ និង​អន្តរជាតិ​។ ហើយ​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ ដោយ​លោក​សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ឈ្មោះ រ៉ុង ឈុន ពីបទ​ញុះញង់​បង្កឲ្យមាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម