ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៣ មេសា មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់នៅ​ទូទាំងប្រទេស​

1586
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ស្ថានភាព​អាកាសធាតុ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ​មាន​ភាព​អំណោយ​ផល​ល្អ​ណាស់ ដោយមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស នៅ​ថ្ងៃទី​១២ និង ១៣ ខែមេសា​។​

ទិដ្ឋភាពភ្លៀងនៅខេត្តកោះកុងព្រឹកថ្ងៃតី៧ខែមេសា(រូបក្រសួងធនធានទឹក)

​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​រស្មី​កម្ពុជា​​ថា ចាប់ពី​ថ្ងៃទី​៧ ខែមេសា​ទៅ នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ និង​ភាគខាង លិច​នៃ​ប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​រាល់ថ្ងៃ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​ខ្សោយ មកពី​ប្រទេស​ថៃ​។​នៅពេល​មាន​ភ្លៀង​ធ្លាក់ នឹង​នាំមក​ជាមួយ​នូវ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន ក្នុងពេល​មេឃកល​ធ្លាក់​ភ្លៀង​។ នៅមុន​ថ្ងៃទី​៧ ខែមេសា មាន​ភ្លៀង​មាន​ធ្លាក់​តែ​នៅក្នុង​ខេត្តកោះកុង​មួយ​ទេ​។​

​ ​លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១២ និង​ទី​១៣ ខែមេសា អំឡុងពេល​បុណ្យចូលឆ្នាំថ្មី មកដល់ នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ជា​បន្តបន្ទាប់ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​ខ្សោយ រុញ​មក​ខ្លាំង​ពី​ប្រទេស​ថៃ ធ្វើ​ឲ្យ​សីតុណ្ហភាព​អតិបរមា ស្ថិតក្នុង​រង្វង់​ពី ៣៣​ទៅ​៣៤​អង្សា​សេ​។​

​ ​ទោះជា​យ៉ាងណា មន្ត្រី​ក្រសួង​ជំនាញ​ខាងលើ បាន​ឲ្យ​ដឹងផង​ដែរ​ថា អាកាសធាតុ​ត្រជាក់ មិន​ត្រឡប់មក​វិញ​ទៀត​ទេ តែ​ក៏​មិន​ក្តៅ​ខ្លាំង​ដែរ ដោយសារ​នៅពេលនេះ ប្រទេស​កម្ពុជា ស្ថិតក្រោម​ឥទ្ធិពល​ឡា​នី​ណា (La Nina)៦០ ភាគរយ និង ៤០ ភាគរយ ស្ថិតនៅក្នុង​អន្តរកាល​នៃ​ឥទ្ធិពល ឡា​នី​ណា និង​អែល​នី​ណូ (El Nino) ធ្វើ​ឲ្យ​នៅក្នុង​ប្រទេស ឆ្នាំនេះ សម្បូរ​ទឹកភ្លៀង ទាំង​ក្នុង​រដូវប្រាំង និង​ក្នុង​រដូវវស្សា ដែល​នឹង​មកដល់ នៅពេល​មុខ​៕មន


ទីតាំងផ្សាយពាណិជ្ជកម្ម