រឿង​អា​រក​ក្តាម​យក​ឈាមៈ​មេ​ប៉ូលិសអន្តោប្រវេសន៍​បញ្ជា​ឲ្យ​ចុះ​ពិនិត្យមើល​រឿង​យកលុយ​ពលករ​ខ្មែរ​ចេញពី​ថៃ​

1862
ចែករម្លែក

ដោយៈ​មុនី​រ័​ត្នៈ​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​មើល​ករណី​ច្រកទ្វារព្រំដែន​អន្តជាតិ​ដូង ស្រុក​កំរៀង​ខេត្តបាត់ដំបង យក​លុយ​ពី​ពលករ​ខ្មែរ​ដែល​ចេញពី​ថៃ​ចូលមក​កម្ពុជា​ដើម្បី​មកលេង​ស្រុកកំណើត​នៅ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​។​ការបញ្ជា​នេះ​បន្ទាប់ពី​មានការ​រិះគន់​ពី​ពលករ​ខ្មែរ​រឿង​ប៉ូលិស​យកលុយ​ពួកគាត់​នៅពេល​ឆ្លងដែន​ពី​ថៃ​ចូលមក​ទឹកដី​កម្ពុជា​។​

នាយឧត្តមសេនីយ៍សុខ ផល (រូបឯកសារ)

​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​រាប់ពាន់នាក់​បាននាំគ្នា​ធ្វើដំណើរ​សម្រុក​ចាកចេញ​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារព្រំដែន​អន្តជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ជាប់​និង​ច្រក​បាន​ឡែ​ម ស្រុក​ប៉ូង​ណាំ​រ៉ង ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ នៅ​ថ្ងៃទី​៦ ខែមេសា នេះ ដើម្បី​មក​ស្រុកកំណើត ក្នុងឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ខាងមុខនេះ​។​ក្រៅពី​ច្រកទ្វារព្រំដែន​អន្តជាតិ​ដូង​ពលករ​ខ្មែរ​ជាច្រើន​នាក់​ក៏បាន​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈម​និង​ច្រក​ខ្លង​ឡឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ផងដែរ​។​

​ខណៈ​ពលករ​ខ្មែរ​សម្រុក​ចេញ​តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង បាន​ចោទប្រកាន់​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​ទាំង​ភាគី​ថៃ​និង​ខ្មែរ​ទារប្រាក់​ម្នាក់​អស់​ជិត​៤​ម៉ឺន​រៀល​។​

​ចំណែក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ ប៊ុន​រិ​ទ្ធ ប្រធាន​ប៉ុ​ស្ថិ៍​នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង បាន​ឱ្យ​​ដឹងថា ពិតជា​មាន​ពលករ​ខ្មែរ​ចាកចេញ​មកលេង​ស្រុកកំណើត​ច្រើន​មែន​។​តាម​គោលការណ៍ ថ្នាក់លើ​គឺ​មិន​ឲ្យសមត្ថកិច្ច​នៅ​ច្រកទ្វារព្រំដែន​យកប្រាក់​ពី​ពលករ​ខ្មែរ​នោះឡើយ លោក​អះអាងថា គ្មាន​ករណី​យកប្រាក់​នោះ​ទេ​។ បើ​ប៉ូលីស​ណា​យកប្រាក់​ពី​ពលក​ខ្មែរ​ត្រូវ​កត់​អត្តលេខ និង​មើល​ឈ្មោះ ដើម្បី​ចាត់វិធានការ​។​

​រីឯ​នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ​ផល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានបញ្ជាក់​ថា​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល​ករណីនេះ​ហើយ​។ ប៉ុន្តែ​លទ្ធផល​យ៉ាងណា លោក​មិនបាន​បញ្ជា​ល់​នោះទេ​៕​មន

ពលករខ្មែរដែលសម្រុកចាកចេញពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបងកាលពីថ្ងៃទី៦ខែមេសា

ទីតាំងផ្សាយពាណិជ្ជកម្ម