វិបត្តិ​សំរាម កើតឡើង​តាម​ភូមិ​ឃុំ នៅ​ស្រុកស្រែ​ចម្ការ​ហើយ​!

233
ចែករម្លែក

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បញ្ហា​សំរាម រាយប៉ាយ ពាសវាល​ពាសកាល ឬក៏​ត្រូវគេ​បោះចោល​តាមផ្លូវ ធ្លា​វត្ត ជិត​សាលារៀន ជាដើម បានកើត​ឡើង មិន​ត្រឹមតែ​កើតឡើងនៅ​តំបន់​មួយចំនួនក្នុង​រាជធានី​ភ្នំពេញ ទីប្រជុំជន ឬ​នៅ​ទី​រួម​ខេត្ត ស្រុក​ប៉ុណ្ណោះ​ទេ តែ​បញ្ហាសំរាម បាន​រាលដាល​ដល់​មូលដ្ឋាន ភូមិ​ឃុំ នៅ​ស្រុកស្រែ​ចម្ការ​ហើយ​។​
​ ​
​ពីមុន គេ​លើកឡើង​តែ​បញ្ហា​សំរាម តាមរយៈ​ក្រុម​អ្នកទេសចរ​ក្នុងស្រុក​ដែលជា​ពលរដ្ឋ​ខ្មែរ​យើងទៅលេង​តំបន់​ទេសចរណ៍ រមណីយដ្ឋាន ទឹកជ្រោះ ឬក៏​តំបន់​ព្រៃភ្នំ មាត់ទន្លេ​ណាមួយ​ ហើយទទួលទាន​អាហារ​រួច មិនបាន​ប្រមូល​វេច​ខ្ចប់​កាកសំណល់​ទាំងនោះ​យកទៅ​ចោល​នៅ​ធុងសំរាម​ទេ​។​
​ ​
​ក៏ប៉ុន្តែ​នៅពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កាកសំណល់​សំរាម ពិសេស​ដប​ទឹកបរិសុទ្ធ​ប្រអប់ស្នោ​ដាក់​ម្ហូបអាហារ កែវ​ជ័រ និង​ថង់​ប្លា​ស្ទីក ត្រូវបាន​អ្នកស្រុក​អ្នកភូមិ មិន​ថា នៅតាម​ផ្លូវជាតិ​ធំៗ ឬ​នៅតាម​ផ្លូវលំ​ក្នុងភូមិ​ទេ គឺ​កាកសំណល់​ទាំងនោះ នៅ​រប៉ាត់រប៉ាយ តាមផ្លូវ​រហូតធ្លាក់​ចូលក្នុង​ទឹកស្រះ បឹង ប្រឡាយ ថែម​ទៀតផង​។​
​ ​
​ករណី​ថ្មីៗ​នេះ សំរាម ត្រូវបាន​អ្នកស្រុកយកទៅ​បោះចោល​ក្នុង​ប្រឡាយ តាមផ្លូវ​មុខ​វត្ត​ស្វាយសាច់​ភ្នំ ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែលមាន​ចម្ងាយ​ប្រមាណ ៦០ គីឡូម៉ែត្រពី​ភ្នំពេញ​។ គំនរ​សំរាម​ទាំងនោះ កើតឡើង​ដោយ​អ្នកស្រុក ហើយ​ជះក្លិន​ស្អុយរលួយ​ដែល​មិន​ត្រឹមតែ​បង្ក បញ្ហា​ដល់​អ្នករស់នៅ​ជិតៗ​នោះទេ តែ​ក្លិន​សំរាម​ទាំងនោះ ក៏បាន​ជះក្លិន​ដល់​វត្ត​ដែលជា​កន្លែងសក្ការៈ​គោរពបូជា និង​ប៉ះពាល់​ដល់​អ្នកដំណើរ ក៏ដូចជា​សោភ័ណភាព​ក្នុងស្រុក​ភូមិ​ផងដែរ​។​
​ ​
​គំនរ​សំរាម​នៅ​ជិត​វត្តក្នុង​ឃុំ​ស្វាយ​សាច់​ភ្នំ​នោះ ក្រោយមក ក៏​ត្រូវបាន​អាជ្ញាធរ​ឃុំ សហការ​រៀបចំ​កើប​សម្អាត និង​ហាមឃាត់ លែង​ឲ្យ​អ្នកស្រុក យក​កាកសំណល់ សំរាម​ទៅ​បោះចោលនៅ​ទីនោះ​ទៀតហើយ​។​
​ ​
​ដោយឡែក នៅ​តំបន់​ព្រៃភ្នំ​វិញ ក៏​ពេលនេះមាន​បញ្ហា​សំរាម​ដូចគ្នា​។ នៅ​ទំនប់​ជណ្តើរ​កាច់ ស្ថិតក្នុង​ឃុំ​ក្រាំង​អំពិល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ​ប្រមាណ​ជាង ៥០ គីឡូម៉ែត្រពី​ភ្នំពេញ គឺជា​តំបន់​ព្រៃភ្នំ ដែលមាន​ទេសភាព​ត្រជាក់​ភ្នែក ដោយមាន​ប្រឡាយទឹក​ថែមទៀត​។​
​ ​
​ក៏ប៉ុន្តែ​នៅ​ចំណុច​ទ្វារ​ទឹក​ប្រឡាយ​ជណ្តើរ​កាច់ ដែល​ទើប​សាងសង់​រួច​ថ្មីៗ​នោះ​បែរ​ជាមានកាកសំណល់ ស្អុយរលួយ ដូចជា ដប​ទឹក​សុទ្ធ ប្រអប់​ស្នោ និង​ថង់​ប្លា​ស្ទីក​នៅ​អណ្តែត​ដុស​ស្លែ ទៅវិញ​។ កាកសំណល់​ទាំងនោះ កើតឡើង​ដោយ​អ្នកស្រុក​ភូមិ​នៅ​ទីនោះ​។ នៅលើ​ខ្នង​ទំនប់ថ្មី​នេះ ពិសេស​នៅ​កន្លែង​ទ្វារ​ទឹក ជា​កន្លែង​អង្គុយលេង​របស់​អ្នកស្រុក​ភូមិ ព្រោះ​មាន​ខ្យល់អាកាស​ល្អ និង​ទេសភាព​ព្រៃភ្នំ គួរ​ឲ្យ​គយគន់​។

​ជាការ​ពិត ដើមឡើយ ចាស់ៗ​តាម​ស្រុកភូមិ ក៏​រស់នៅដោយមាន​សំរាម កាកសំណល់​ដូចគ្នា​។ ប៉ុន្តែ​ជំនាន់​ដើម​នោះ គឺ​កាកសំណល់ សំរាម មិនមាន​ថង់​ប្លា​ស្ទីក ដប​ទឹកបរិសុទ្ធ​ឬក៏​ប្រអប់​ស្នោឡើយ​។ ការ​វេច​ខ្ចប់​ចំណីអាហារ ប្រើតែ​ស្លឹកចេក ស្លឹក​ឈូក ដែល​អាច​ក្លាយជា​សំរាម​ដែល​អ្នក ស្រុក​អ្នកភូមិ ដុតចោល ឬក៏​ជីកដី​កប់ ធ្វើជា​ជី ជាមួយនឹង​អាចម៍គោ ក្របី អាចម៍មាន់ ទា ជាដើម បាន​។​

​តែ​មកដល់​សម័យ​សព្វ​ថ្ងៃ នៅ​ប៉ុន្មាន​បួនដប់​ឆ្នាំ​ចុង​ក្រោយនេះ ការ​វេច​ខ្ចប់​ចំណីអាហារ​របស់ របរ​មកពីផ្សារ ពី​តូប​លក់​អីវ៉ាន់ មិន​ថានៅ​ភ្នំពេញ ឬ​នៅ​ទីប្រជុំជន នៅ​ស្រុក​ស្រែចម្ការ​ចុង​កាត់មាត់​ញក​ឯណា​ទេ គឺ​ប្រើប្រាស់​ថង់​ប្លា​ស្ទីក ប្រអប់​ស្នោ​អស់ហើយ​។ ដូច្នេះ​នេះ​ជា​បញ្ហា ដែល​អ្នកស្រុក​អ្នកភូមិ ពិសេស​អាជ្ញាធរ​មូលដ្ឋាន នៅ​ភូមិ​ឃុំ​ទាំងអស់ ត្រូវ​គិតគូរ​មុនគេ​លើ​បញ្ហាសំរាម កាកសំណល់​នេះ​។​

​ជា​ដំណោះស្រាយ​ងាយៗ លើ​បញ្ហា​សំរាម នៅ​ស្រុក​ស្រែចម្ការ ពិសេស​នៅ​មូលដ្ឋាន​មិន​ថា នៅ​ស្រុកចម្ការ ឬ​ស្រុក​ផ្សារ តំបន់​ព្រៃភ្នំ​នោះទេ គឺ​អ្វីៗ ក៏​អាច​ដោះស្រាយ​បានដែរ​លើ​បញ្ហាសំរាម និង​កាកសំណល់​នេះឯង​។​

​ទី​១-​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ឃុំ​ទាំងអស់ នៅតាម​ផ្ទះ​នីមួយៗ គួរ​មាន​កន្លែង​ទុកដាក់​សំរាម បើ​មិនមាន​កញ្ឆេ ធុងសំរាម​ជ័រ​អ្វី​ទេ គួរតែ​ធ្វើ​ពី​ឫស្សី ជា​ធុងសំរាម ឬក៏​ច្រក​ថង់ កា​រុង បាវ ឬក៏​ជីកដី ធ្វើជា​រណ្តៅ ដើម្បី​ទុកដាក់​សំរាម​ទាំងនោះ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្ទះ​រៀងៗ​ខ្លួន​។​

​ទី​២-​ប្រជាពលរដ្ឋ គួរតែ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទីក ប្រអប់​ស្នោ ឬ​ដប​ទឹកបរិសុទ្ធ ដោយពេល​ទៅ​ផ្សារ ប្រើ​ត្រក ឬក៏​ថង់​ក្រណាត់ ដែល​អាច​ប្រើ​បាន​ច្រើនដង​។​

​ទី​៣-​អាជ្ញាធរ​ភូមិ​ឃុំ តាម​មូលដ្ឋាន រៀបចំ​ឲ្យ​មាន​ធុងសំរាម នៅតាម​ផ្លូវ​សាធារណៈ​តាម សាលារៀន សាលាឃុំ ទីប្រជុំជន តាម​ផ្សារ តាម​វត្ត ឬក៏​កន្លែង ដែលមាន​មនុស្ស​ទៅលេង​ច្រើន ក្នុងភូមិ​ឃុំ​នោះ​។ អាជ្ញាធរ​ភូមិ​ឃុំ ប្រជុំ​រៀបចំ​ក្រុម​អ្នកប្រមូល សម្អាត​សំរាម​ដោយ​អាច​ចលនា ឲ្យ​ប្រជាជន​ក្នុងភូមិ​ឃុំ​នោះ បង់​វិភាគទាន​ក្នុងតម្លៃ​ស្រុះស្រួល​គ្នា​ណាមួយ​ដើម្បី​ប្រើប្រាស់​លើ ថ្លៃឈ្នួល​កម្លាំង​ពលកម្ម សម្រាប់​អ្នក​បោសសម្អាត កើប​ប្រមូល​សំរាម​ក្នុងភូមិ​ឃុំ​នោះ​។ ធ្វើ​ដូច្នេះ ភូមិ​ឃុំ មាន​ចំណូល សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍន៍​ផង ដោយ​មិនចាំបាច់​រក​ក្រុមហ៊ុន​ឯកជន ឬ​អ្នកម៉ៅការ មក​ធ្វើ​អាជីវកម្ម ប្រមូល​ដឹកជញ្ជូន​សំរាម​ឡើយ​។​

​ទី​៤-​អាជ្ញាធរ​ភូមិ​ឃុំ រក​ទីតាំង​ណាមួយ ដើម្បី​ធ្វើជា​ទីលាន​ចាក់សំរាម​មួយ ឬ​ច្រើន​កន្លែង​។ មិន​ខ្វះ​ទេដី​ទំនេរ ក្នុងភូមិ​ឃុំ​នោះ​។ ការបង្កើត​ទីលាន​ចាក់សំរាម ក៏​អាជ្ញាធរ​ភូមិ​ឃុំ​មិន​ចាំបាច់​ចំណាយ​ថវិកា​ទេ គឺ​បាន​ទាំង​អាចម៍ដី​លក់​ថែមទៀត ព្រោះ​នៅក្នុង​ភូមិ​ឃុំ​ច្បាស់​ជាមានអ្នករកស៊ីដឹក​ដី ដូច្នេះ​អាជ្ញាធរ​រក​អ្នករកស៊ី​នោះ មក​ជីក​យក​អាចម៍ដី ដើម្បី​ធ្វើជា​រណ្តៅ ទីលាន​ចាក់សំរាម នៅ​កន្លែង​ណា ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ជាដើម​។​

​ទី​៥-​អាជ្ញាធរ​ភូមិ​ឃុំ ចលនា​មហាជន អ្នកស្រុក​អ្នកភូមិ ដើរ​បោសសម្អាត​បរិស្ថាន​រើស​ប្រមូលសំរាម​ក្នុងភូមិ​ឃុំ តាមផ្លូវ តាម​ប្រឡាយទឹក អូរ ស្រះ ស្ទឹង បឹងបួរ ដែលមាន​កាកសំណល់​សំរាម ត្រឹម​តែមួយ​ខែម្តង ព្រមទាំង​អប់រំ ណែនាំ​ដល់​ប្រជាជន​ក្នុងភូមិ ឲ្យ​ជួយ​សម្អាត​បរិស្ថាន ទុកដាក់​សំរាម​ឲ្យ​រៀបរយនៅមុខ​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​ក្រុម​សម្អាត​បរិស្ថាន ដឹកជញ្ជូន ប្រមូល យកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ក្នុងភូមិ​ឃុំ​នោះ​។​

​ជារួម បើសិនជា​អាជ្ញាធរ​ភូមិ​ឃុំ ក្រោម​ការអនុញ្ញាត​ពី​ស្រុក ខេត្ត រៀបចំ​ផែនការ​គ្រប់គ្រងកាកសំណល់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិធី​សាមញ្ញៗ​ខាងលើនេះ នោះ​បញ្ហា​សំរាម​កាក សំណល់​នៅតាម​ភូមិ​ឃុំ​នៅ​ស្រុក​ស្រែចម្ការ តំបន់​ព្រៃភ្នំ​នឹង​អាច​ដោះស្រាយបាន​ជាក់ ជាមិនខាន​។ ចូរ​ចងចាំ​ថា មិនមាន​អ្វីដែល​មិនអាច​ធ្វើ​បានទេ ខ្លាច​តែ​យើង​មិន​ធ្វើ​ទើប​មិនបាន​!៕ ដោយៈ​លី ម៉េង​ហួរ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម