Samnsung ចេញទូរស័ព្ទ Note ថ្មី និងទូរស័ព្ទបត់ ខណៈជំងឺរាតត្បាតធ្វើឱ្យធ្លាក់ចុះទីផ្សារ

456
ចែករម្លែក

ក្រុមហ៊ុន Samsung Electronics Co Ltd បានបង្ហាញនូវស្មាតហ្វូន Galaxy Note ស៊េរីចុងក្រោយរបស់ខ្លួននិងទូរស័ព្ទថ្មីដែលអាចបត់បានរបស់ខ្លួន គឺ Z Fold 2 កាលពីថ្ងៃពុធទី៥សីហា ដោយសង្ឃឹមដណ្តើមឧត្តមភាពមកវិញពីគូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន Huawei និង Apple ខណៈទីផ្សារស្មាតហ្វូនចាប់ផ្តើមងើបឡើងវិញពីការធ្លាក់ចុះដោយសារកូវីដ១៩។

ក្រុមហ៊ុន Samsung បានដាក់បង្ហាញម៉ូដែលថ្លៃស៊េរីមុនរបស់ខ្លួនគឺ S20 នៅក្នុងខែកុម្ភៈនៅគ្រាចាប់ផ្តើមនៃជំងឺរាតត្បាតប៉ុន្តែចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានរបូតចំណាត់ថ្នាក់កំពូលរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនឱ្យទៅក្រុមហ៊ុន Huawei របស់ចិនដោយសារតែមនុស្សជ្រើសរើសយកម៉ូដែលដែលមានតម្លៃថោកនៅគ្រាលំបាកនេះ។

ក្រុមហ៊ុន Samsung បានប្រកាសនៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ថា ស្មាតហ្វូន Z Fold 2 មានអេក្រង់ទំហំ ៦,២ អ៊ីញ នៅពេលបត់ ដើម្បីផ្តល់នូវបទពិសោធន៍ស្មាតហ្វូនពេញលេញ សូម្បីនៅពេលដែលវាបិទក៏ដោយ។ អេក្រង់លាតរបស់វាមានទំហំ ៧,៦ អ៊ីញ។

Samsung និយាយថា ទូរស័ព្ទបត់ថ្មីនេះគឺស្តើងជាងស្មាហ្វូន Fold ដំបូង ហើយគន្លាក់បត់របស់វាត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីឱ្យមានភាពធន់។

ក្រុមហ៊ុន Samsung មិនបានបង្ហាញពីតម្លៃរបស់ទូរស័ព្ទនោះទេប៉ុន្តែនិយាយថាព័ត៌មានលម្អិតនិងការបញ្ជាទិញជាមុននឹងមាននៅថ្ងៃទី ១ ខែកញ្ញា។

ទូរស័ព្ទ Note 20 ស៊េរីថ្មីមានអេក្រង់ធំជាងមុន ៦,៧ អ៊ីញ ភ្ជាប់បណ្តាញ 5G មានលក្ខណៈពិសេសសម្រាប់ការសរសេរជាមួយនឹងប៊ិក S-Pen របស់ខ្លួន និងអាចចូលទៅលេងហ្គេមវីដេអូនិងហ្គេមកុំព្យូទ័រជាង ១០០ តាមរយៈការភ្ជាប់គ្នាជាមួយសេវាកម្ម Cloud របស់ក្រុមហ៊ុន Microsoft Corp ។

ទូរស័ព្ទនេះនឹងត្រូវដាក់លក់នៅថ្ងៃទី ២១ ខែសីហាក្នុងប្រទេសប្រហែល ៧០ រួមទាំងសហរដ្ឋអាម៉េរិក ដោយទូរស័ព្ទ Note 20 ប្រភេទ Basic នឹងលក់រាយក្នុងតម្លៃ ៩៩៩ ដុល្លារធៀបនឹងតម្លៃទូរស័ព្ទស៊េរីមុនរបស់វាគឺ ៩៤៩ ដុល្លារ។

លោក ប៉ាវឡូ ប៉េស្កាត័រ អ្នកវិភាគនៅក្រុមហ៊ុន PP Foresight Tech បាននិយាយថា “វាជាពេលវេលាមិនប្រាកដប្រជាក្នុងការបង្ហាញនូវឧបករណ៍ទំនើបថ្មីតម្លៃថ្លៃ ដោយផ្អែកលើបរិយាកាសប្រកួតប្រជែងនិងសេដ្ឋកិច្ច” ដោយបន្ថែមថា “តម្លៃថ្លៃបែបនេះ” អាចរារាំងអ្នកទិញមួយចំនួន។

ក្រុមអ្នកវិភាគនិយាយថា អ្នកគាំទ្ររបស់ក្រុមហ៊ុន Apple ទំនងជាមិនលោតទៅរកម៉ូដែលថ្មីរបស់ Samsung នោះទេ ព្រោះថា iPhone បំពាក់ 5G ទំនងជានឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។

យោងតាមអ្នកស្រាវជ្រាវនៅ IDC បានឱ្យដឹងថា ក្រុមហ៊ុន Samsung បានប្រកាសពីការធ្លាក់ចុះនៃការនាំចេញស្មាតហ្វូនចំនួន ២៩ ភាគរយនៅក្នុងត្រីមាសខែមិថុនា ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងចំណោមក្រុមហ៊ុនលក់ស្មាតហ្វូនកំពូលៗ។ ក្រុមហ៊ុន Apple ដែលចេញលក់ iPhone SE ស៊េរីថោកអំឡុងត្រីមាសនេះនៅតែរក្សាចំណូលបានគត់មត់ជាមួយនឹងកំណើននៃការនាំចេញបានកើនឡើងដល់ទៅ ១១ ភាគរយខណៈក្រុមហ៊ុន Huawei បានធ្លាក់ចុះត្រឹមតែ ៥ ភាគរយប៉ុណ្ណោះ។

IDC បាននិយាយថា ទីផ្សារស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះប្រហែល ១៦ ភាគរយនៅក្នុងត្រីមាសខែមេសា – មិថុនាដោយសារការបិទទ្វារប្រទេសទប់ស្កាត់កូវីដ១៩និងការប្រុងប្រយ័ត្នរបស់អតិថិជន ដែលជាការធ្លាក់ចុះខ្លាំងជាងត្រីមាសទី១ទៅទៀត ហើយត្រូវគេរំពឹងថានឹងប្រសើរឡើងបន្តិចនៅឆមាសទី ២ ។

នាយកស្រាវជ្រាវនៅក្រុមហ៊ុនផ្តល់ទិន្នន័យវិភាគ IDC លោក ណាប៊ីឡា ប៉ូផាល់ បាននិយាយថា “មុនពេលមានកូវីដ១៩ ការចេញលក់ស្មាតហ្វូនស៊េរីថ្លៃរបស់ Samsung ជាធម្មតាលក់ដាច់ខ្លាំងណាស់។ …ទោះបីអ្វីៗកំពុងងើបឡើងវិញក៏ដោយ ក៏ការជះលុយខ្ជាំងៗនឹងមិនធំដូចកាលពីមុនទេ”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម