វៀតណាម​ថា​ជំងឺ​កូវី​ដ​១៩​ ស្ថិត​ក្រោម​ការគ្រប់គ្រង តែ​៤៥​នាក់​ទៀត​ទើប​ឆ្លង​

244
ចែករម្លែក

​ការផ្ទុះ​ការឆ្លង​វីរុស​កូរ៉ូណា​ជា​ថ្មី​នៅ​វៀតណាម​បាន​រាលដាល​ទៅ​កាន់​ខេត្ត​២​ទៀត​កាលពី​ថ្ងៃ​ពុធ​ទី​០៥​សីហា នៅពេល​ក្រុម​ការងារ​កូវី​ដ​១៩ ​បានប្រកាសថា ជំងឺឆ្លង​នេះ​ស្ថិត​ក្រោម​ការគ្រប់គ្រង​បាន​នៅក្នុង​​ទីក្រុង​ដា​ណាំង​ភាគ​កណ្តាល ដែល​ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះកូ​វីដ​១៩​ជា​ថ្មី​នេះ​។​

​រថយន្តយោធា បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្រុង​ដា​ណាំ​ង​កាលពី​ថ្ងៃ​៣​សីហា

​ការ​តាម​រក​អ្នក​ប៉ះពាល់ ការធ្វើតេ​ស្តិ៍លើ​គោលដៅ​សង្ស័យ​និង​ចត្តា​ឡី​ស័ក​ម៉ឺងម៉ាត់​បាន​ជួយ​វៀតណាម​ឲ្យ​ទប់ទល់​បានការ​ផ្ទុះ​ជំងឺ​នេះ​នៅ​ដំណាក់កាល​ដំបូង តែ​ឥឡូវ​ប្រទេស​នេះ​កំពុង​តស៊ូ​នឹង​ការឆ្លង​​រាលដាល​ទៅ​កាន់​ខេត្ត​ក្រុង​យ៉ាងតិច​១០ ក្រោយ​មិន​មាន​ការឆ្លង​នៅក្នុង​ស្រុក​អស់​ជាង​៣​ខែ​។​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​ល្ងាច​ថ្ងៃ​ពុធ​បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៤១​នាក់ និង​៤​នាក់​ទៀត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៦​សីហា នាំឲ្យប្រទេស​នេះ​មាន​អ្នក​ឆ្លង​​សរុប​៧១៧​នាក់ និង​៨​នាក់​ស្លាប់​ដោយកូវី​ដ​១៩​។​

​ការផ្ទុះ​ជំងឺឆ្លង​ក្នុងស្រុក​ជា​ថ្មី​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​២៥​កក្កដា នៅ​ក្រុង​ទេសចរណ៍​ដា​ណាំង​ភាគ​កណ្តាល និង​បាន​រាលដាល​ទៅ​កាន់​ទីក្រុង​ហាណូយ និង​ហូជីមិញ ក្រោយ​អ្នកទេសចរ​វៀតណាម​រាប់ពាន់​​នាក់​វិល​ពី​ដា​ណាំ​ង​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល លោក​ង្វៀន ថាញ់ ឡុង បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​មួយ​ថា ជំងឺ​នេះ​បាន​រាល​ដល់​ខេត្ត​បាក់ យ៉ាង​ជិត​ក្រុង​ហាណូយ និង​ឡាង សឺ​ន ជាប់​ព្រំដែន​ចិន ដោយ​ករណី​ទាំង​ពីរ​មាន​ជាប់​ពាក់ព័ន្ធ​​នឹង​ក្រុង​ដា​ណាំង​។​

​រដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​ដា​ណាំ​ង និង​ខេត្ត​ក្វាង ណា​ម ជាប់​នោះ ស្ថិត​ក្រោម​ការគ្រប់គ្រង​បាន​។​

​សូមបញ្ជាក់​ថា​ក្រោយ​ការផ្ទុះកូ​វីដ​១៩​ក្នុង​សហគមន៍​នៅ​ដា​ណាំ​ង អាជ្ញាធរ​វៀតណាម​ប្រឆាំង​ដាច់ខាត​ការ​លួច​នាំ​ចូល​ជន​បរទេស​ដោយ​ខុសច្បាប់​តែ​តាំងពី​មុន​មក​មិន​បាន​រកឃើញ​ភស្តុតាង​បញ្ជាក់ថា ការផ្ទុះ​ជំងឺ​ជា​ថ្មី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជនបរទេស​លួច​ចូលមក​ពី​ក្រៅ​ទេ​។​អាជ្ញាធរ​បាន​ទទួល​ស្គាល់​ថា ការផ្ទុះ​ជំងឺ​បច្ចុប្បន្ន​នេះ​ពិបាក​រក​ប្រភព​ហើយ​វីរុស​កូរ៉ូណា​បច្ចុប្បន្ន​នេះ​សាហាវ កាច​និង​គ្រោះថ្នាក់​​ជាង​វីរុស​មុន​។​

​វៀតណាម​បាន​ចាប់ខ្លួន​អ្នក​លួច​នាំ​ចូល​ជនជាតិ​ចិន​មក​ក្នុង​ប្រទេស​វៀតណាម​ជា​បន្តបន្ទាប់​ក្រោយ​ការផ្ទុះ​ជំងឺ​នៅ​ដា​ណាំង​និង​នៅ​សប្តាហ៍​នេះ​តុលាការ​ខេត្ត​ក្វាង​ណា​ម​បាន​កាត់ទោស​បុរស​៦​នាក់​ឲ្យ​​ជាប់គុក​២​ទៅ​៦​ឆ្នាំ​ចំពោះ​ការ​លួច​នាំ​ចូល​ជនជាតិ​ចិន​ចូល​ក្នុង​ប្រទេស​វៀតណាម​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​បុរស​៦​នាក់​កាលពី​ថ្ងៃ​៤​សីហា ត្រូវបាន​កាត់ទោស​ក្នុង​តុលាការខេត្ត​ក្វាង​ណា​ម ចំពោះ​ការ​លួច​នាំ​ចូល​ជនជាតិ​ចិន​មក​ធ្វើការ​នៅ​វៀតណាម​ដោយ​ខុសច្បាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម