ទិវា​ឯករាជ្យ​ជាតិ បូ​លិ​វី​

153
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ បូ​លិ​វី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី ០៦ ខែ សីហា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​របស់​ខ្លួន ពី អាណានិគម អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ ១៩២៥ បន្ទាប់ពី​បាន​តស៊ូ​យ៉ាង​ប្តូរផ្តាច់​អស់​រយៈពេល ១៦ ឆ្នាំ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ បូ​លិ​វី មាន​ផ្ទៃដី ១ ០៩៩ លាន​គីឡូ​ម៉ែត្រក្រឡា ស្ថិតនៅក្នុង​ទ្វីប អាមេរិក ខាងត្បូង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ឈី​លី ប៉េ​រូ អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល និង ប៉ា​រ៉ា​ហ្កា​យ ។ ឆ្នាំ ២០២០ មាន​ប្រជាជន​ជាង ១១ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្ត សាសនា ។ រដ្ឋធានី​គឺ ទីក្រុង ស៊ូ​ក្រេ (​ឡា ប៉ាស ? ) ភាសាផ្លូវការ​គឺ​ភាសា អេ​ស្ប៉ា​ញ និង ភាសា អាយ​ម៉ា​រ៉ា ។​

ប្រវត្តិសាស្ត្រ​
​ដោយសារ​ក្នុង​គោលបំណង​រុករក រ៉ែ​មាស នៅ​ទ្វី ប​អាមេរិក ទើប អេ​ស្ប៉ា​ញ បានចាប់ ផ្តើម​ចូល លុកលុយ​អាណាចក្រ Inca ( បច្ចុប្បន្ន គឺ ប៉េ​រូ ) នៅ​ឆ្នាំ​១៥២៤ ហើយ​បាន​ត្រួតត្រា​អាណាចក្រ នេះ ស្ទើរ​ទាំងស្រុង​ត្រឹម​ឆ្នាំ ១៥៣៣ ។ ដែនដី​ដែលជា​ប្រទេស បូ​លី​វី បច្ចុប្បន្ននេះ កាលណោះ ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា “ ប៉េ​រូ ខាងលើ “ ហើយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ ចុ​ល្ល​រាជ្យ ( ស្តេច​ចំណុះ​) នៃ រាជធានី លី​ម៉ា ដែលជា​រាជធានី នៃ ប្រទេស ប៉េ​រូ ។

​ទីក្រុង ប៉ូ​តូ​ស៊ី នៃ ប៉េ​រូ ខាងលើ ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ ១៥៤៥ ហើយ​ត្រូវបាន​ប្រសិទ្ធ​នាម ថា​ជាទី​ក្រុង រ៉ែ ដែលជា​ទីក្រុង​សម្បុកសម្បត្តិ​ដ៏​មហាសាល​សម្រាប់​អាណានិគម អេ​ស្ប៉ា​ញ ។ ប៉ុន្តែ អាណានិគម អេ​ស្ប៉ា​ញ មិនបាន​គិតគូរ​យក​ចិត្ត​ទុកដាក់ អំពី​សុខទុក្ខ​របស់​ម្ចាស់​ស្រុក ឡើយ គឺ​ពួកគេ ( អាណានិគម អេ​ស្ប៉ា​ញ ) គិតតែ​ពី​បូម​ភោគផល​ទ្រព្យសម្បត្តិ​ពី ប៉េ​រូ ខាងលើ យ៉ាង​ឥត​សំចៃ ដើម្បី យកទៅ​ធ្វើ​មាន​ធ្វើបាន​របស់​ពួកគេ​តែប៉ុណ្ណោះ ។​

​គិត​ត្រឹម​ចុង​សតវត្សរ៍ ទី ១៦ រ៉ែ​ប្រាក់​របស់ ប៉េ​រូ ខាងលើ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ អេ​ស្ប៉ា​ញ ដែល​ក្នុងន័យនេះ មនុស្ស​នៅ ប៉េ​រូ ខាងលើ នោះ​គួរតែ​ទទួលបាន​ផល​យ៉ាងហោច ណាស់ ក៏​ផ្នែក​ណាមួយ ដូចជា​ស្ថានភាព​រស់នៅ​ដ៏​សមរម្យ​មួយ​ជាដើម ។ ប៉ុន្តែ​ជាក់ស្តែង​មិន ដូច្នោះ​ទេ ហើយ​ទាសករ​ជាច្រើន​បាន​បម្រើ​ជា​កម្លាំង​ពលកម្ម​ក្រោម​លក្ខន្តិកៈ​យ៉ាង​ឃោ​ឃៅ របស់​អាណានិគម អេ​ស្ប៉ា​ញ ។ គឺ​រឿង​ទាំងនោះ​ហើយ ដែលជា​មូលហេតុ​ដ៏​សំខាន់បំផុត​មួយ នាំឱ្យមាន​ការរើបម្រះរ​បស់​អ្នកស្រុក​អាយ ។​

ចលនា​ដើម្បី​ឯករាជ្យ​
​មើលឃើញ​នូវ​ការកេងប្រវ័ញ្ច​ដោយ​គ្មាន​ក្រែង​ញញើត និង ភាពព្រៃផ្សៃ ទាំងនោះ​ដ៏​គ្មាន​សញ្ញា ណាមួយ​ដែលថា ពួក​អាណានិគម អេ​ស្ប៉ា​ញ អាច​នឹង​បន្ធូរបន្ថយ​ដៃ​ចំពោះ​ម្ចាស់​ស្រុក ទើប​អ្នកស្នេហាជាតិ​ម្នាក់​ឈ្មោះ ទូ​ប៉ាក កាតា​រិ បាន​ដឹកនាំ​ចលនា​ឧទ្ទាម​អ្នកស្រុក​មួយ​ប្រឆាំង នឹង​ការ​ត្រួ​ត្រា​របស់ អេ​ស្ប៉ា​ញ និង ដើម្បី បុព្វហេតុ​ឯករាជភាព​របស់ ប៉េ​រូ ខាងលើ ។ នៅ​ខែ មីនា ឆ្នាំ ១៧៨១ ក្រុម​ឧទ្ទាម​របស់លោក ប៉ាក កាតា​រិ បាន​ទៅ ឡោម​ព័​ទ​រាជធានី ឡា ប៉ាស ដែលជា​ទីតាំង​រដ្ឋាភិបាល​អាណានិគម អេ​ស្ប៉ា​ញ បណ្តាលឱ្យមាន​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​មួយ បាន​ឆាបឆេះ​ឡើង អូសបន្លាយ​អស់​រយៈពេល ០៦ ខែ បានសម្លាប់​ជីវិត​មនុស្ស​មិនតិច​ជា ២០ ០០០ នាក់​ឡើយ ។ នេះ​មិនទាន់​គិតដល់​ការ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ និង​ការ​ធ្វើទុក្ខបុកម្នេញ ផ្សេងៗ​ផង ។​

​នៅ​ឆ្នាំ ១៨០៣ ( ដល់​ឆ្នាំ ១៨១៥ ) សង្គ្រាម ណាប៉ូឡេអុង ( បារាំង ) បាន​ផ្ទុះឡើង​រីក​រាល ដាល​ទៅដល់ អឺរ៉ុប និង បាន​ផ្តួលរំលំ​មហាអំណាច​ជាច្រើន​នៅ អឺរ៉ុប រួមទាំង អេ​ស្ប៉ា​ញ ផង ។ ការ​ងើប​បោះ​បោរ​នៅ​ឆ្នាំ ១៨០៨ ដោយមាន ណាប៉ូឡេអុង នៅ​ពី​ក្រោយខ្នង បាន​បង្ខំ​ឱ្យ​ស្តេច ឆា​លស៍ ទី ៤ របស់ អេ​ស្ប៉ា​ញ ចុះ​ចេញពី​រាជបល្ល័ង្ក ។ មុននឹង​ចុះចេញ​ពី​រាជបល្ល័ង្ក ស្តេច ឆា​លស៍ បានស្នើ​ឱ្យ ណាប៉ូឡេអុង លើក​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ហ្វើ​រ៍ណា​ន់​ដូ ទី ៧ ឱ្យ​ជា​អ្នក​ស្នងរាជ្យ​ព្រះអង្គ ( ស្តេច ឆា​លស៍ ទី ៤ របស់ អេ​ស្ប៉ា​ញ ) ។ ប៉ុន្តែ ណាប៉ូឡេអុង មិនបាន​ធ្វើ​បែប​នោះឡើយ គឺ ណាប៉ូ ឡេអុង បែរជា​បានជា​លើក​ប្អូនប្រុស​របស់ខ្លួន​គឺ ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ឱ្យធ្វើជា​ស្តេច​គ្រងរាជ្យ នៅ អេ​ស្ប៉ា​ញ ទៅវិញ ។

​ប្រការនេះ​បណ្តាលឱ្យមាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​រហូត​មាន​ចលនា​តស៊ូ​ប្រឆាំង យ៉ាង​វក់វី និង មាន​សង្គ្រាម​ទៀតផង ដែល​ប្រការនេះ​បានសេចក្តីថា អំណាចកណ្តាល​របស់ អាណានិគម អេ​ស្ប៉ា​ញ បាន​ខ្ចាត់ខ្ចាយ​រាយប៉ាយ​ដោយ​ដុំ​ដោយ​ពួក​អស់ហើយ មិនមែនជា​បណ្តុំ អេ​ស្ប៉ា​ញ ដ៏​មានអំណាច​ខ្លាំងក្លា​ទៀត​ទេ ។​

​ស្របគ្នា​នេះ អំណាច ចុ​ល្ល​រាជ្យ នៃ ប៉េ​រូ ដែល​ក្រោម​អំណាច​របស់ អេ​ស្ប៉ា​ញ ក៏បាន​ថយចុះ ផងដែរ ។ នៅ​ខណៈនោះ​ដែនដី​ផ្សេងៗ​នៅ អាមេរិក ឡាទីន ដូចជា អ៊ុយ​រុយ​ហ្កា​យ ប៉េ​រូ និង អា​ហ្ស​ង់​ទីន ជាដើម សុទ្ធ​តែមាន​ចលនា​យ៉ាងខ្លាំង​ក្លា ទាមទារ​ឯករាជភាព​របស់​ពួកគេ​រៀងៗ​ខ្លួន ពី​អាណានិគម អេ​ស្ប៉ា​ញ ។

សង្គ្រាម ដើម្បីឯករាជភាព
​នៅ​ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៨០៩ ចលនា​តស៊ូ ដើម្បី ឯករាជភាព បូ​លី​វី បាន​ផ្ទុះឡើង​នៅ ទីក្រុង ស៊ូ​ក្រេ ហើយ​បង្កើតបានជា​រដ្ឋាភិបាល ជុន​តា នៅ​ទីក្រុង​នោះ​និង ទីក្រុង ឡា ប៉ាស ហើយ​ប្រកាស​ឯករាជភាព​របស់ បូ​លី​វី ពី អាណានិគម អេ​ស្ប៉ា​ញ ទៀតផង ។ ជាការ​ណ៍ ពិត​ហើយ​ថា អំណាចកណ្តាល អេ​ស្ប៉ា​ញ ពេលនោះ របេះរបោច​ដោយ​ដុំ​ក៏ពិតមែន ប៉ុន្តែ​ក៏ មិនទាន់​អន់​ដុនដាប​ពេក​នៅឡើយ​ទេ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​តូចតាច ឬ​រដ្ឋ​ដែល ទើបតែ​បង្កើត​ថ្មីៗ និង ក្រុម​ចង់​បង្កើត​ឯកា​រាជ​ភាព​របស់​ពួកគេ​ជាដើម ។ ហេតុ​នោះ​មិនទាន់ បាន​ប៉ុន្មាន​ផង​រដ្ឋាភិបាល ឯករាជភាព​របស់ បូ​លី​វី នេះ បាន​ត្រូវ​កងទ័ព អាណា​និគ អេ​ស្ប៉ា​ញ វាយកម្ទេច ហើយ​ដែនដី ប៉េ​រូ ខាងលើ ក៏ត្រូវ​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ តទៅទៀត ។​

​នៅ​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ១៨១០ មាន​ផ្ទុះ​ចលនា​បដិវត្តន៍​នៅ​ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​រ៍ ដែលជា​ទីតាំង​អំណាចកណ្តាល នៃ មហាអំណាច អេ​ស្ប៉ា​ញ ប្រឆាំងនឹង​រាជការ​របស់​ស្តេច ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ( ដែល​ត្រូវបាន​លើក​បន្តុប​ដោយ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ ) ហើយ​បង្កើត បានជា​រដ្ឋាភិបាល ជុន​តា កំពូល នៅ​ថ្ងៃទី ២៥ ខែ និង ឆ្នាំ ដដែល​នោះ ។​

​បន្ទាប់មក រដ្ឋាភិបាល ជុន​តា កំពូល បាន​បញ្ជូន​កងទ័ព ៣ កងពល​ទៅ​បង្ក្រាប​ការ​ងើប​បះបោរ នៅ​តំបន់ ប៉េ​រូ ខាងលើ ។

​នៅ វ៉េ​ណ​ស៊ុយ​អេ​ឡា ឯណោះ មាន​អ្នកដឹកនាំ​ប្រឆាំង​អាណានិគម អេ​ស្ប៉ា​ញ ដ៏​មាន​ឥទ្ធិពល និង ជោគជ័យ​បំផុត​ម្នាក់ ឈ្មោះ អាន់​តូ​នី​ញ៉ូ ចូ​សេ ដឺ ស៊ូ​ក្រេ បាន​កំពុង​រុលទៅមុខ​ជា​បន្ត​បន្ទាប់ ។ ស្របគ្នា​នោះ​ក៏មាន​វិ​រ​ជន​ម្នាក់ទៀត​ឈ្មោះ ស៊ី​ម៉ុ​ន បូ​លី​វ៉ា ។ ពួកគេ​ទាំងពីរ​នាក់ បាន​ដឹកនាំ កងទ័ព​ប្រឆាំងនឹង​របបរាជានិយម​នៅ ប៉េ​រូ ខាងលើ ដែល​ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ បានធ្វើឱ្យ​កងទ័ព​ទាំង ៣ កងពល​ដែល​បញ្ជូន​ដោយ​ទីក្រុង ប៊ុ​យ​ណូ ស៊ែ​រ៍ បរាជ័យ ។​

​ទោះយ៉ាងណា របបរាជានិយម​នៅ ប៉េ​រូ នៅ​មិនទាន់​ត្រូវបាន​ផ្តួលរំលំ​នៅឡើយ​ប៉ុន្តែ​នៅត្រឹម តែ​ជា​រដ្ឋាភិបាល​ដែល​ការពារ​ខ្លួន​ប៉ុណ្ណោះ​ពោលគឺ​គ្មាន​សមត្ថភាព​បង្ក្រាប​ការបោះ​បោរ​បាន ឡើយ ហើយ​តំបន់ ប៉េ​រូ ខាងលើ បាន​ធ្លាក់​ទៅក្នុង​សង្គ្រាម​ឧទ្ទាម ។​

​កងទ័ព​ឧទ្ទាម​របស់លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា និង លោក ស៊ូ​ក្រេ បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ហើយ បាន​ផ្តួលរំលំ​របបរាជានិយម​ដោយ​ជោគជ័យ ។ អ្នក​នៅ​តំបន់ ប៉េ​រូ ខាងលើ បានប្រកាស​ឯករាជ ភាព​របស់ខ្លួន​នៅ​ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ១៨២៥ ។ ឯករាជភាព​ដែលជា​ការប្រកាស​ឯករាជ​ភាព លើក​ទី​ពីរ ហើយ​នោះ គឺជា​ឯករាជ្យ​ពិតប្រាកដ​បន្ទាប់ពី​បាន​តស៊ូ​ធ្វើ​ពលិកម្ម​ទាំង​កម្លាំងកាយ កម្លាំងចិត្ត ទ្រព្យសម្បត្តិ អាយុជីវិត និង អ្វីៗ​គ្រប់យ៉ាង​អស់​រយៈពេល ១៦ ឆ្នាំ​មក (១៨០៩-១៨២៥) ដោយ បានប្រកាស​ខ្លួន​ថា សាធារណរដ្ឋ បូ​លី​វី ។​
​ ​
​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ បូ​លិ​វី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ ដើម្បី រំឭក​ដល់​ការ​លះ បង់​ទាំងឡាយ​ផង និង ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​របស់​ពួកគេ​នេះ​ផង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទីក្រុង ស៊ូ​ក្រេ នៃ ប្រទេស បូ​លី​វី
​ក្បួនព្យុហយាត្រា​កងទ័ព បូ​លី​វី នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម