ប្រជាជនចិនជាង១លាននាក់រស់នៅក្រោមដីជាង៥០ឆ្នាំ​ ក្រោយប្រធានម៉ៅប្រាប់ឱ្យជីកដីជ្រៅៗដើម្បីជ្រកគ្រាប់បែកអំឡុងសង្គ្រាមត្រជាក់

860
ចែករម្លែក

ប្រជាជនជាងមួយលាននាក់កំពុងរស់នៅក្នុងរូងក្រោមដីនៅប្រទេសចិនជាង ៥០ ឆ្នាំមកហើយ បន្ទាប់ពីរូងទាំងនោះត្រូវបានសាងសង់ជាជម្រកគ្រាប់បែកក្នុងសម័យសង្គ្រាមត្រជាក់។

កម្មករដែលមានប្រាក់ចំណូលទាបរហស្សនាម “កុលសម្ព័ន្ធកណ្តុរ” ទាំងនេះឥឡូវកាន់កាប់រូងក្រោមដី ដែលមានផ្ទៃដីប្រមាណ ៤៨ គីឡូម៉ែត្រការ៉េ។

ការស្ថាបនាទីក្រុងក្រោមដី ដែលគេឱ្យឈ្មោះថា “គុកងងឹត” បានចាប់ផ្តើមក្នុងឆ្នាំ ១៩៦៩ នៅពេលដែលការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរឈានដល់កម្រិតកំពូល។

នៅឆ្នាំនោះប្រធានបក្សកុម្មុយនីស្តចិនលោកម៉ៅសេទុងបានបញ្ជាឱ្យពលរដ្ឋរបស់គាត់ “ជីករូងក្រោមដី រក្សាទុកស្បៀងអាហារ និងត្រៀមខ្លួនធ្វើសង្គ្រាម”។

លេណដ្ឋាន ១០.០០០ ត្រូវបានសាងសង់ ហើយនៅពេលការគំរាមកំហែងនុយក្លេអ៊ែរមិនបានលេចរូបរាងជាផ្លែផ្កា កម្មករចំណាកស្រុកនិងនិស្សិតបានចូលទៅរស់នៅទីនោះ។

ជីវភាពរស់នៅខាងក្នុងលេណដ្ឋានគឺសាមញ្ញ ដោយមានស្លែនិងខ្យល់អាកាសអាប់អួរ ដោយសារកង្វះខ្យល់ចេញចូល។

ទោះបីជាមានអគ្គិសនីប្រព័ន្ធលូនិងប្រព័ន្ធទឹកស្អាតក៏ដោយ ក៏ស្ថានភាពរស់នៅក្រោមដីមិនមានអ្វីប្រណីតនោះទេ។

អ្នកដែលរស់នៅក្នុងលេណដ្ឋានតែងចែករំលែកបន្ទប់ដេក និង ផ្ទះបាយនិងបន្ទប់ទឹកក៏មានលក្ខណៈរួមផងដែរ ដែលនាំឱ្យមានស្ថានភាពកកកុញនិងកខ្វក់។

ទីក្រុងក្រោមដីនេះតាមន័យបច្ចេកទេសគឺខុសច្បាប់ នេះយោងតាមសេចក្តីសម្រេចឆ្នាំ ២០១០ របស់អាជ្ញាធរក្រុងប៉េកាំង បន្ទាប់ពីមានការព្រួយបារម្ភអំពីសុវត្ថិភាព។

ទោះយ៉ាងណា មនុស្សជាច្រើននៅតែបន្តរស់នៅក្រោមដី។

ពួកគេមួយចំនួនរស់នៅក្រោមដីរាប់ទសវត្សរ៍មកហើយ ខណៈអ្នកខ្លះទៀតប្រើលេណដ្ឋានក្រោមដីគ្រាន់តែជាទីសំចត មុនពេលអាចរកបានទីតាំងលើដីដើម្បីរស់នៅ។

តម្លៃជួលផ្ទះឡើងថ្លៃនៅក្រុងប៉េកាំងកំពុងបង្ខំឱ្យកម្មករចំណាកស្រុកងាកទៅរកផ្ទះតូចៗនៅក្រោមដី។

បុគ្គលិកលក់បណ្ណធានារ៉ាប់រងឈ្មោះ វៃ គួន រស់នៅផ្ទះតូចមួយនៅក្រោមដី។ និយាយទៅកាន់ទូរទស្សន៍ Al Jazeera គាត់លើកឡើងថា “ខ្ញុំធ្វើការងារបានល្អប្រសើរ ព្រោះខ្ញុំខ្លាចភាពក្រីក្រ។ មិត្តរួមការងារខ្ញុំភាគច្រើនរស់នៅលើដី ប៉ុន្តែខ្ញុំយល់ថាវាស្រណុកពេកហើយ។ កន្លែងបែបនេះបង្ខំខ្ញុំឱ្យប្រឹងប្រែងធ្វើការ”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម