ឪពុកម្តាយចិនរារែកក្នុងការបញ្ជូនកូនទៅរៀននៅអាម៉េរិកចំពេលកំពុងមានទំនាក់ទំនងល្អក់កករ ជំងឺកូវីដ១៩ និង កោលាហលសង្គម

203
ចែករម្លែក

លោកស្រី ស៊ូ វៃឈីង តែងសង្ឃឹមថាកូនស្រីអាយុ ១៣ ឆ្នាំរបស់លោកស្រីនឹងបានទៅសិក្សានៅសាកលវិទ្យាល័យកំពូលរបស់អាម៉េរិក។ ប៉ុន្តែលោកស្រីនិយាយថា គោលនយោបាយមិនរាក់ទាក់របស់អាម៉េរិក ការបាត់បង់ម្ចាស់ការលើជំងឺកូវីដ១៩ និង ភាពវឹកវរក្នុងសង្គម បានឱ្យលោកស្រីគិតជាលើកទីពីរ។

ដើម្បីជំរុញឱកាសកូនស្រីរបស់ពួកគាត់ឱ្យបានចូលរៀននៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាម៉េរិកជាទីដែលមានសាកលវិទ្យាល័យធំៗនៅលើពិភពលោកច្រើនជាងប្រទេសណាៗទាំងអស់នោះ លោកស្រីស៊ូនិងស្វាមីរបស់គាត់មានគម្រោងបញ្ជូនកូនស្រីទៅរៀននៅវិទ្យាល័យអន្តរជាតិមួយនៅរដ្ឋធានីប៉េកាំងឬអាចនៅវិទ្យាល័យអាម៉េរិក។ កូនស្រីរបស់ពួកគាត់ទើបតែបញ្ចប់ថ្នាក់ទី ៧ នៅអនុវិទ្យាល័យប៉េកាំង។

លោកស្រីស៊ូនិយាយថា “ទោះយ៉ាងណា បើគិតពីគោលនយោបាយនិងសន្តិសុខ សហរដ្ឋអាម៉េរិកលែងជាជម្រើសកំពូលទៀតហើយ ហើយយើងកំពុងពិចារណាបញ្ជូនកូនស្រីរបស់យើងទៅប្រទេសផ្សេង ដូចជា កាណាដា ចក្រភពអង់គ្លេស ឬ អូស្ត្រាលី”។

ចិនគឺជាប្រភពនិស្សិតអន្តរជាតិធំជាងគេនៅលើពិភពលោកដោយមានសិស្សចំនួន ៦៦២.១០០ នាក់ចាកចេញពីប្រទេសចិនទៅសិក្សានៅក្រៅប្រទេសក្នុងឆ្នាំ ២០១៨ ។ ជិតពាក់កណ្តាលបានជ្រើសរើសទៅសិក្សានៅសហរដ្ឋអាម៉េរិក។

ចាប់តាំងពីឆ្នាំ ២០០៩ ចិនគឺជាប្រភពធំបំផុតនៃនិស្សិតអន្តរជាតិសម្រាប់សាលារៀននៅសហរដ្ឋអាម៉េរិក។ យោងតាមវិទ្យាស្ថានអប់រំអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានឱ្យដឹងថា និស្សិតម្នាក់ក្នុងចំណោម៣នាក់នៃនិស្សិតបរទេសជាង ១ លាននាក់នៅសហរដ្ឋអាម៉េរិកគឺមកពីប្រទេសចិនក្នុងឆ្នាំសិក្សា ២០១៨-១៩។

ទោះយ៉ាងណា ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលអាម៉េរិក ដែលគេមើលឃើញថាមិនស្មោះត្រង់និងការស្តីបន្ទោសចិនចំពោះជំងឺរាតត្បាតក៏ដូចជាការតវ៉ាលើបញ្ហាពូជសាសន៍ បានធ្វើឱ្យនិស្សិតចិនជាច្រើនពិចារណាឡើងវិញនូវផែនការទៅសិក្សានៅសហរដ្ឋអាម៉េរិក។

យោងតាមក្រុមហ៊ុន New Oriental Education and Technology Group ដែលជាទីភ្នាក់ងារសិក្សាក្រៅប្រទេសមានមូលដ្ឋាននៅទីក្រុងប៉េកាំង ចក្រភពអង់គ្លេសបានផ្តួលសហរដ្ឋអាម៉េរិកជាលើកដំបូងដើម្បីក្លាយជាគោលដៅសិក្សាក្រៅប្រទេសសម្រាប់និស្សិតចិន។

នៅក្នុងការស្ទង់មតិរបស់និស្សិតចិនចំនួន ៦.៦៧៣ នាក់ដោយក្រុមហ៊ុននេះ ៤២ ភាគរយសង្ឃឹមថានឹងបានទៅសិក្សានៅចក្រភពអង់គ្លេសធៀបនឹង ៣៧ ភាគរយដែលពេញចិត្តទៅរៀននៅសហរដ្ឋអាម៉េរិក។ នេះគឺជាការប្រែប្រួលគួរឱ្យកត់សម្គាល់ធៀបកាលពីបួនឆ្នាំមុន នៅពេលដែលអ្នកឆ្លើយតប ៣០ ភាគរយសង្ឃឹមថានឹងបានទៅសិក្សានៅចក្រភពអង់គ្លេស និង ៤៦ ភាគរយមានគម្រោងទៅសិក្សានៅសហរដ្ឋអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស

ចាប់តាំងពីឆ្នាំ ២០០៩ ចិនគឺជាប្រភពធំបំផុតនៃនិស្សិតអន្តរជាតិសម្រាប់សាលារៀននៅសហរដ្ឋអាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម