អភិបាលរាជធានីណែនាំដល់មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

268
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់មន្ទីរជំនាញ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសបែបអាណាធិបតេយ្យឱ្យអស់ពីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំថា៖ មន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង ១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិង បរិស្ថាន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំបែបនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៦ ខែសីហានេះនៅសាលារាជធានីភ្នំពេញក្រោមអធិបតី លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

គួររំលឹកដែរថា កាលពីខែកក្ដដាកន្លងទៅនេះមានករណីផ្ទុះឆេះធុងហ្គ្រាសនៅផ្ទះលក់ហ្គ្រាសមួយកន្លែងក្នុងខណ្ឌដូនពេញបណ្ដាលឱ្យស្លាប់មនុស្ស៤នាក់និងរងរបួសធ្ងន់និងស្រាល៥នាក់ដោយសារការលក់ហ្គ្រាសគ្មានបច្ចេសទេសដោយយកធុងហ្គ្រាសចាស់មកផ្សាបណ្ដលឱ្យផ្ទុះតែម្ដង។

ក្នុងនោះលោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានកន្លែងលក់ហ្គាសនិងបញ្ជូលហ្គាស ជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស បើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ជូលនិងអ្នកប្រើប្រាស់។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កឱ្យផ្ទុះធុងហ្គាសនិង អគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម។ លោកឃួង ស្រេង បញ្ជាក់ទៀតថា៖ នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ កន្លែងលក់ហ្គាសពុំមែនតែកន្លែងលក់ហ្គាសទេ គឺមានទំាងផលិតហ្គាសថែមទៀត ព្រោះពេលចុះទៅកន្លែងផ្ទុះហ្គាសគឺឃើញថ្មស្អុយដែលជា សារធាតុ ផលិតហ្គាស។កិច្ចការងារនេះគឺជាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបើកាលណាបង្ក ឱ្យមានកន្លែងលក់ហ្គាសអានាធិបតេយ្យកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់ចំពោះយើង ហើយយើង ពិបាកឡានដែលរត់ទៅសង្គ្រោះ ក៏មានការចង្អៀតដោយសារបញ្ហាចរាចរណ៍ដែលចំណុចនេះត្រូវតែយក ចិត្តទុកដាក់អោយបានខ្ពស់។

ក្នុងឱកាសនោះដែរលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ បញ្ហាហ្គាសឬការលក់សំាងដបនៅតាមចិញ្ចើមផ្លូវឬផ្ទះលក់ដូរគ្រឿងទេសជាបញ្ហាប្រឈមផ្នែកសុវត្ថិភាព ដោយត្រូវ បង្កើនការយកចិត្តទុកដាក់លុបបំបាត់ឲ្យខាងតែបាន ខណៈដែលអគ្គិភ័យនានាដែលកើតឡើងនៅរាជធានីភ្នំពេញកន្លងមកនេះភាគច្រើនបណ្តាលមកពីការផ្ទុះធុងហ្គាសដែលគ្មានបច្ចេកទេសនេះឯង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម