កម្ពុជា​ត្រៀម​ផលិតផល​កសិកម្ម​ជាអាទិភាព ៦ មុខសម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន

253
ចែករម្លែក

ដោយ៖តារារិទ្ធ/ភ្នំពេញ​៖​ផលិតផល​កសិកម្មរ​បស់​កម្ពុជា​ចំនួន ៦​មុខ​រួមមាន ផ្លែស្វាយ​ស្រស់ ផ្លែ​មៀន​ប៉ៃលិន ម្រេច ផ្លែ​ស្រការ​នាគ ផ្លែ​ដូងក្រអូប និង ទឹកមាត់​ត្រចៀកកាំ ជាដើម ត្រូវបាន​ជ្រើសរើស​ជា​មុខទំនិញ​អាទិភាព​សម្រាប់​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅពេលដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន​ចូល​ជា​ធរមាន ។ នេះ​បើតាម​អះអាង​របស់ លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​វិធានការ​ជំរុញ​ផលិតផល​ក​សិ កម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​»​នា​ព្រឹក​ថ្ងៃទី​៦ ខែសីហា​ឆ្នាំ​២០២០ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។ លោក ងិន ឆាយ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​ផ្លែស្វាយ​អាច​និង​ត្រូវ​នាំចេញ​ដំបូង​គេ​ដែល​អាច​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ២០២១ ដោយសារ​ថា យើង​បាន​ចុះ​ហត្ថ លេខា​រវាង​ក្រសួងកសិកម្ម​កម្ពុជា ជាមួយនិង​អគ្គ​រដ្ឋបាល​គយ​ចិន​កាលពី​ថ្ងៃទី ១៣ មិថុនា ឆ្នាំ​២០១៩​ស្ដីអំពី​ការជំរុញ​ដំណើរការ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ ផ្លែស្វាយ​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ។

​លោក ងិន ឆាយ បាន​បន្តថា​បន្ទាប់មក​ទៀត​គឺ ផ្លែ​មៀន​ប៉ៃលិន ហើយ​ជា​បន្តបន្ទាប់​មាន​ទឹកមាត់​ត្រចៀក​កម្ម មាន​ម្រេច មាន​ផ្លែ​ស្រកានាគ និង ដូច​ក្រអូប ។ ប៉ុន្ដែ មុននឹង​អាច​នាំចេញ​បាន​ប្រទេស​ចិន​នឹង​តម្រូវ​ឲ្យ​កម្ពុជា​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​អនាម័យ​និង​ភូតគាម​អនាម័យ​ព្រមទាំង​បទដ្ឋាន​សុវត្ថិភាព​ម្ហូបអាហារ ពាក់ព័ន្ធ ដែល​មានចែង​ក្នុង​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​របស់​ប្រទេស​ចិន​។

​គួរ​បញ្ជាក់ថា​កាលពីដើមឆ្នាំ​២០១៩ កន្លងទៅនេះ​កម្ពុជា​ក៏​ទើបតែ​បានធ្វើការ​នាំចេញ​ផ្លែ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​។ ប៉ុន្ដែ​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​បានដាក់​ពាក្យស្នើសុំ​នាំចេញ​ចេក​ចំនួន ១០ មានតែ​ក្រុមហ៊ុន​ចំនួន ៥ ប៉ុណ្ណោះ​ដែល​អាច​គោរព​តាម​ស្ដង់ដារ​អនាម័យ​និង​ភូតគាម​អនាម័យ​ដែល​រដ្ឋាភិបាល​ចិន​បានកំណត់ និង​អាចធ្វើ​ការនាំចេញ​ចេក​ទៅកាន់​ទីផ្សារ​ចិន​បាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម