ឱសថ XOXO លើ​ហ្វេ​ស​ប៊ុ​ក ថា​ម​ពាល​ប្រយុទ្ធ​៣០​វិនាទី និង ឱសថ SUPER XM លើ​ហ្វេ​ស​ប៊ុ​ក ចំប៉ី​មាស គឺជា​ឱសថ គ្មាន​ច្បាប់​

115
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា ឱសថ​ឈ្មោះ XOXO ដែល​ប្រកាស​លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ថាមពល​ប្រយុទ្ធ​៣០​វិនាទី និង ឱសថ​ឈ្មោះ SUPER XM លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចំប៉ី​មាស គឺជា​ឱសថ​គ្មាន​លេខ​បញ្ជិកា និង គ្មាន​ច្បាប់​អនុញ្ញាត​ផ្សព្វផ្សាយ​ពី​ពី​ក្រសួងសុខាភិបាល​ឡើយ ហើយ​ថែមទាំង​ផ្សព្វផ្សាយ​ភូត កុហក់ បោកប្រាស់ បំផ្លើស​ហួស​ពី​ការណ៍​ពិត​ដូចជា​ធ្វើឱ្យ​ប្រដាប់ភេទ រឹង ធំ វែង បន្ថែម​ទំហំ​ប្រដាប់ភេទ បន្ថយ​ទឹកនោមផ្អែម ការពារ​មហារីក ជាដើម​ទៀតផង ។​


​សេចក្តីប្រកាស​ដដែល​នេះ​ពន្យល់ថា អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូវឱ្យ​រាល់​ការ​ចរាចរ​ឱសថ​គ្រប់​ប្រភេទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​លេខ​ទិដ្ឋាការ ឬ បញ្ជិកា ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងអស់នេះ ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។​


​ហេតុនេះ​ក្រសួងសុខាភិបាល​បន្ថែម​ថា ដើម្បី ចៀសវាង​ការខាតប់ង​ប្រាក់កាស និង ប៉ះពាល់​ដល់​សុខភាព ឬ អាចឈាន​ដល់​ការស្លាប់​បាត់បង់​ជីវិត​អ្នកប្រើប្រាស់​ទៀត​នោះ សូម​សាធារណជន​មេត្តា​ឈប់​ប្រើប្រាស់ ឱសថ XOXO និង ឱសថ​ឈ្មោះ SUPER XM នេះ​ជាបន្ទាន់ ហើយ​ថា ក្រសួងសុខាភិបាល​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ថាមពល​ប្រយុទ្ធ​៣០​វិនាទី និង ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចំប៉ី​មាស ដែល​បាន​នាំចូល និង ផ្សព្វផ្សាយ​លក់ ឱសថ XOXO និង ឱសថ​ឈ្មោះ SUPER XM នេះ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។​


​ក្រសួងសុខាភិបាល​សង្ក​ត់​ធ្ងន់​ថា ករណី​ឃើញ​ការលក់ ឬ ចែកចាយ ឱសថ ខាងលើនេះ ឬ ត្រូវការ​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ។​


​សូមបញ្ជាក់ថា ផលិតផល​ក្លែងក្លាយ ផលិតផល​គ្មាន​ច្បាប់ និង ផលិតផល​អន់​គុណភាព ដែល​សមត្ថកិច្ច​ជំនាញ​រឹបអូស​បាន មានដូចជា ភេសជ្ជៈ ផលិតផល​ជំនួយ​ផ្លូវភេទ គ្រឿងសម្អាង ផលិតផល​ធ្វើ​ឲ្យ​ស្បែ​កស ឱសថ និង អាហារ​បំប៉ន ជាដើម ហើយ​កាលពី​ដើមខែ មិថុនា ២០២០ នេះ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ដុត​កម្ទេចចោល ជាង ១៣ ០​តោន ។​


​ស្ទើរ​រាល់ថ្ងៃ ក្រសួងសុខាភិបាល បានប្រកាស​ហាម​ផ្សព្វផ្សាយ​លក់ និង ប្រើប្រាស់​ផលិតផល​នេះ ផលិតផល​នោះ ដោយ​អះអាងថា​ជា​ផលិតផល​គ្មាន​ច្បាប់​អនុញ្ញាត ជាការ​ផ្សព្វផ្សាយ​បំផ្លើស កុហក់ បោកប្រាស់ ហើយ​ថា នឹង​ចាត់វិធានការ​តាមច្បាប់​ប្រឆាំង​អ្នក​នាំចូល និង លក់​ផលិតផល​ទាំងនោះ ហើយ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​ក្រើនរំឭក​ម្តង​ហើយ​ម្តង​ទៀតថា​ចំពោះ​ផលិតផល ជាពិសេស​គ្រឿងសម្អាង អាហារ​បំប៉ន និង ឱសថ​នានា ដែល​ប្រកាស​លក់​តាម​អន​ឡាញ គួរតែ​ចៀសវាង​ការទិញ និង ប្រើប្រាស់ ព្រោះ​ភាគច្រើន​គឺជា​ផលិតផល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែល​បានសេចក្តីថា វា​មាន​គ្រោះថ្នាក់​ខ្ពស់​ដល់​អ្នកប្រើប្រាស់ ហើយ​ថា ប្រសិនបើ​ត្រូវ​ការទិញ កិច្ច​ដំបូង​ដែល​ត្រូវធ្វើ​មិនអាច​រំលង គឺ​សួររក​ការអនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល ៕ Kh

ឱសថ XOXO លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ថាមពល​ប្រយុទ្ធ​៣០​វិនាទី និង ឱសថ SUPER XM លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចំប៉ី​មាស ដែល​ក្រសួងសុខាភិបាល​ហាម​ចែកចាយ និង ប្រើប្រាស់ ហើយ​ថា​នឹង​ចាត់ការ​តាមច្បាប់ ( រូបៈ ក្រសួងសុខាភិបាល )

ទីតាំងផ្សាយពាណិជ្ជកម្ម