មន្ត្រី​ជំនាញៈ ស្មា​ត​ហ្វូ​ន គឺជា​មូលហេតុ​ចម្បង​មួយ​នាំឱ្យ​ការរំលោភបំពាន​ផ្លូវភេទ​កុមារ​តាម​អន​ឡាញ​

89
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ ដើម្បី កុមារ បានលើកឡើង​អំពី​ទូរស័ព្ទ​វៃឆ្លាត ឬ ស្មា​ត​ហ្វូ​ន ចំពោះ​កុមា​រថា “ ឧបករណ៍​បច្ចេកវិជ្ជា និង អ៊ី​ន​ធឺ​ណេ​ត នាំមក​នូវ​គុណប្រយោជន៍​ច្រើន​ក៏ពិតមែន​ហើយ ប៉ុន្តែ​បច្ចេកវិជ្ជា ជាពិសេស​ស្មា​ត​ហ្វូ​ន និង អ៊ី​ន​ធឺ​ណេ​ត ក៏​នាំមក​នូវ​គុណ​វិ​ប​ត្ត​ច្រើន​ណាស់ដែរ​ចំពោះ​កុមារ ! នាំមក​នូវ​គុណវិបត្តិ​ច្រើន ដោយសារ វា​គឺជា​មូលហេតុ​ដ៏​ចម្បង​មួយ​នាំឱ្យមាន​ការរំលោភបំពាន និង កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ ព្រោះ​ជួនកាល​ពួកគេ​ថតរូប​មិន​សមរម្យ ហើយ​បង្ហោះ ឬ ផ្ញើ​ទៅ​មិត្តភក្តិ ឬ បុគ្គល​ណាមួយ​ដែល​ពួកគេ​មិនបាន​នឹក​ដល់​ផល​អវិជ្ជមាន​ចំពោះ​ពួកគេ ហើយ​វា​ក៏​ធ្លាក់​ដល់ដៃ​ជនខិលខូច​យកទៅ​ប្រើ ដើម្បី យក​ផលប្រយោជន៍ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កុមារ​នោះ​ផ្ទាល់ និង គ្រួសារ​របស់​ពួកគេ​ច្រើន​ឆ្នាំ​តទៅទៀត “ ។

លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ ដើម្បី កុមារ ថ្លែង​នៅក្នុង​សិក្ខាសាលា ( រូបៈ មេសា )


​លោកស្រី ញ៉េប សុភាព ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ឺ​ធឺ​ណេ​ត​នៅ កម្ពុជា នៅឯ​សណ្ឋាគារ ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២០ នេះ ហើយ​តាមរយៈ​ការលើកឡើង​ដោយ​សង្ខេប​ខាងលើនេះ លោក ស្រី អគ្គលេខាធិការ ក្រើនរំឭក​ដល់​មាតាបិតា​អាណាព្យាបាល និង អ្នកធ្វើការ​លើ​វិស័យ​កុមារ​ទាំងអស់ ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ និង ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​ឱ្យ​កុមារ និង យុវជន​លេង ឬ ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ។


​សូមជម្រាបថា កម្ពុជា គឺជា​រដ្ឋ​ភាគី នៃ អនុសញ្ញា​នានា​ក្នុងការ​ទប់ស្កាត់​ការរំលោភបំពាន និង ការកេងប្រវ័ញ្ច​ផ្សេងៗ​លើ​កុមារ ហើយ កម្ពុជា ក៏បាន​ដាក់ចេញ​នូវ​ច្បាប់ គោលការណ៍ វិធានការ និង យន្តការ​ជាច្រើន​ក្នុង​ការបង្ការ​ទប់ស្កាត់​នូវ​អំពើ​រំលោភបំពាន និង កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមា​រដែរ ប៉ុន្តែ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវបាន​ជនខិលខូច​ប្រព្រឹត្ត​ដោយ​ទម្រង់​ថ្មី​ជាច្រើន ដែល​ជួនកាល ត្រូវបាន​គេ​មើលទៅ គិតថា​ជា​អំពើ​សប្បុរស​ចំពោះ​កុមារ​ទៅវិញ​ក៏មានដែរ ។ ហេតុនេះ​ទើប កម្ពុជា ត្រូវការ​វិធានការ​ថ្មីៗ​ថែមទៀត ខណៈ​មាតាបិតា​អាណាព្យាបាល ក៏ត្រូវ​តែ​គិតគូរ​យកចិត្តទុកដាក់​តាមដាន​ជាប់​ជានិច្ច​ផងដែរ ។​


​ទិដ្ឋភាព នៃ ការកេងប្រវ័ញ្ច​ផ្លូវភេទ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ជួនកាល​ត្រូវបាន​ជនខិលខូច​យក​រូប​មិនល្អ ឬ រូបភាព​អាស្រូវ​របស់​កុមារ ទៅ​គំរាមកំហែង​ត្រង់ៗ ដើម្បី យក​ផលប្រយោជន៍​ពី​គ្រួសារ​របស់​កុមារ ហើយ​ជួនកាល​ពេល​គ្រួសារ​ប្រគល់​លុយកាក់​តាម​ការទាមទារ​ហើយ ពួកគេ​ក៏​នៅតែ​មិនអាច ឬ មិន​បំផ្លាញ​រូបភាព​អាសអាភាស​ទាំងនោះ​ចោល​ឡើយ ហើយ​វា​នឹង​នៅតាម​យាយី​ដល់​កុមារ​រូបនោះ រហូតដល់​ពួកគេ​មាន​វ័យ​ចម្រើន​ឡើង និង មាន​ឋានៈ​កិត្តិយស​មុខមាត់​នៅក្នុង​សង្គម ក៏​រូប​ភាពមិន​ជាទី​ពេញចិត្ត​ទាំងនោះ មិនទាន់​ត្រូវបាន​លុប​ចេញពី​ប្រព័ន្ធ​អន​ឡាញ​ក៏មាន ខណៈ​ជនខិលខូច​ខ្លះ​យក​រូបភាព​ទាំងនោះ​ទៅ​ផលិត​ជា​គ្លី​ប​វិ​ដេ​អូ​ជាដើម ដើម្បី រកប្រាក់​ចំណូល​ដោយ​មធ្យោបាយ​ផ្សេងៗ​ជាច្រើន​រូបភាព ។​


​ក៏ត្រូវ​បានទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ផងដែរ​ថា ស្មា​ត​ហ្វូ​ន នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងច្រើន​ទៀត​ចំពោះ​កុមារ ដូចជា​ប៉ះពាល់​ដល់​សុខភាព​រាងកាយ ផ្នែក​ខួរក្បាល និង ប្រព័ន្ធ​ស​សៃ​ប្រសាទ វា​ក៏​ធ្វើឱ្យ​កុមារ​មាន​បញ្ហា​យ៉ាងច្រើន​ណាស់ដែរ​ផ្នែក​ផ្លូវចិត្ត និង ចរិត​ប្ញ​ក​ពា ដូចជា​ធ្វើឱ្យ​កុមារ​មាន​ចរិត​គឃ្លើន​រឹងរូស ឬ រលាម​ខុស​ប្រក្រតី ចូលចិត្ត​នៅឯ​កោ​ម្នាក់​តែ​ជាមួយ​ទូរស័ព្ទ មិនសូវ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ដោយ​រួមទាំង​ឥ​ឪពុកម្តាយ​ផង មិនសូវ​ចាប់អារម្មណ៍​នឹង​ចំណីអាហារ និង ការ​ដេក មិន​យកចិត្តទុកដាក់​នឹង​ការរៀនសូត្រ និង មិន​ស្តាប់​ការ​ទូន្មាន​ជាដើម ៕ Kh

​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ឺ​ធឺ​ណេ​ត​នៅ កម្ពុជា ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម