ប៊ី​ល ហ្គេត អំពាវនាវ​អាម៉េរិក​អោយ​ជួយ​បណ្តា​ប្រទេស​ក្រីក្រ​ទទួលបាន​វ៉ាក់សាំង​កូវី​ដ​១៩

232
ចែករម្លែក

​ស្ថាបនិក​ក្រុមហ៊ុន​Microsoft Corp និង​ជា​មហាសេដ្ឋី​សប្បុរសធម៌​លោក​ប៊ីល ហ្គេត បាន​ទទូច​អោយ​អាម៉េរិក​ចាត់វិធានការ​សកល​ទូលំទូលាយ​ឡើង​នៅក្នុង​ការដោះស្រាយ​ជំងឺ​ឆ្លងកូវី​ដ​១៩ ដោយ​លោក​​និយាយថា​នៅ​ពេល​ប្រទេស​នេះ​នាំមុខ​ការសិក្សា​ស្រាវជ្រាវ «​យើង​គិតតែ​ពី​ខ្លួនឯង »​ក្នុង​ការស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​។​

​ហ្គេត បាន​និយាយថា លោក​បាន​លើកទឹកចិត្ត​អោយ​សមាជិក​សភា​ពិចារណា​បន្ថែម​ប្រាក់​៨​ពាន់​លាន​ដុល្លារ​ទៅលើ​ច្បាប់​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​ពិភាក្សា​ដេញដោល​ដែល​វា​អាច​នឹង​បោះ​​បង់​ចោល​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិច​ក្នុង​ការរកបាន​វ៉ាក់សាំង​ណាមួយ​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​កូវី​ដ​១៩​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Bloomberg News​កាលពី​ថ្ងៃ​អង្គារ លោក​ហ្គេត​បាន​និយាយថា​« យើង​កំពុង​ព្យាយាម​ធ្វើ​អោយ​ប្រាកដថា យើង​អាច​បញ្ចប់​វា មិន​គ្រាន់តែ​នៅក្នុង​បណ្តា​ប្រ​​ទេស​អ្នក​មាន​ទេ​»​។​

​សូម​រំលឹក​ថា មូលធិ​និ​The Bill & Melinda Gates Foundation របស់​មហាសេដ្ឋី​រូបនេះ​បាន​សន្យា​ជួយ​ប្រាក់​ជាង​២៥០​លាន​ដុល្លារ​សំរាប់​ការសិក្សា​ស្រាវជ្រាវ​រក​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​កូវី​ដ​១៩​។​ភាគ​​ច្រើន​នៃ​លុយ​ទាំង​នេះ​មិន​ត្រឹមតែ​ធ្លាក់​ទៅ​ខាង​ការសិក្សា​ស្រាវជ្រាវ តែ​ក៏​សំរាប់​សមត្ថភាព​ផលិត​ដែល​នឹង​ជួយ​ចែកចាយ​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​។​

​នៅ​ជុំវិញ​ពិភពលោក មាន​វ៉ាក់សាំង​ជាង​១០០​កំពុង​ត្រូវ​សិក្សា​និង​ផលិតឡើង ក្នុងនោះ​ជាង​២០​ត្រូវ​បាន​សាកល្បង​លើ​មនុស្ស​។​នៅពេល​វា​កាន់តែ​ច្បាស់​ថា​មាន​តែ​វ៉ាក់សាំង​ទើប​អាច​ទប់ស្កាត់​ការឆ្លង​រាល​​ដាល​និង​អនុញ្ញាត​អោយ​បើក​ដំណើរការ​សេដ្ឋកិច្ច​ពេញលេញ​ឡើងវិញ​នោះ ប្រទេស​ជាច្រើន​កំពុង​ប្រវេប្រវា​រក​វ៉ាក់សាំង​។​

​ហ្គេត​បាន​ចូលរួម​ជាមួយអ្នក​ដទៃ​ទៀត​ក្នុង​ការសម្តែង​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​«​ជាតិនិយម​វ៉ាក់សាំង​»​ដែល​អាទិភាព​របស់​វា​គឺ​ប្រទេស​មាន​លទ្ធភាព​នី​មួយៗ​ផលិត​និង​ស្តុក​ទុក​វ៉ាក់សាំង​​ដើម្បី​ខ្លួនឯង​។​អង្គការ​របស់​លោក​បាន​វិនិយោគ​ប្រាក់​ជំនួយ​នេះ​ទាំង​ដុល​ទៅក្នុង​ការរក​ថ្នាំ​ព្យាបាល​និង​វ៉ាក់សាំង​ការពារ រួម​មាន​វ៉ាក់សាំង​មួយ​ដែល​កំពុង​ស្រាវជ្រាវ​ផលិត​នៅ​កូរ៉េ​ខាងត្បូង​ផង​។​

​លោក​មាន​ជំនឿ​ថា វ៉ាក់សាំង​មួយ​នឹង​ត្រូវ​អនុម័ត​អោយ​ប្រើ​នៅ​យ៉ាងយូរ​ត្រឹម​ដើមឆ្នាំ​២០២១ ទោះជា​វា​ទំនង​ជា​សម្រាប់​បណ្តា​ប្រទេស​អ្នក​មានក្តី​។​លោក​បាន​បន្ថែមថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​មួយ​ទំនង​​ជា​ត្រូវការ​ពេល​យូរ​ថែមទៀត​ដើម្បី​ផលិត​ចេញ​៕​ប្រែ​សម្រួល​៖​វាសនា​

​ប៊ី​ល ហ្គេត​ជឿថា វ៉ាក់សាំង​មួយ​នឹង​ត្រូវ​អនុម័ត​អោយ​ប្រើ​នៅ​យ៉ាងយូរ​ត្រឹម​ដើមឆ្នាំ​២០២១ ទោះជា​យ៉ាងណា​វា​ទំនងជា​សម្រាប់​បណ្តា​ប្រទេស​អ្នកមាន​ប៉ុណ្ណោះ​នៅ​គ្រា​ដំបូង​

ទីតាំងផ្សាយពាណិជ្ជកម្ម