សង្កាត់រដ្ឋបាលជលផល កំពង់លួង ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ

99
ចែករម្លែក

ដោយ៖រិទ្ធិសែន/ពោធិ៍សាត់ : សង្កាត់រដ្ឋបាលជលផល កំពង់លួង សហការជាមួយ យោធានៃប្រតិបត្តការសឹករង ខេត្តពោធិ៍សាត់ បានចុះបង្ក្រាប បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចកន្លុកសងក្រង ស្ថិតនៅក្នុងភូមិកំពង់ឡ ឃុំពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្ត្រីសង្កាត់រដ្ឋបាលជលផល កំពង់ហ្លួង លោក យូ សុវិចិត្រ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចយើង បានរឹបអូស របាំងស្បៃមុង មួយខ្សែ ប្រវែង ១.២00 ម៉ែត្រ លបលូស្បៃមុង ១២ មាត់ និងរបាំងសាច់អួន ៣ ខ្សែ ប្រវែង ១.២00 ម៉ែត្រ ក្បាលថ្នល់ ចំនួន ៣ បង្គោលចំនួន ៥00 ដើម ។ ម្ចាស់ឧបករណ៍ល្មើសច្បាប់នេសាទទាំងអស់ បានគេចខ្លួនអស់ មុនពេលសមត្ថកិច្ច បានចុះទៅដល់ ។ របាំងស្បៃមុង និងរបាំងសាច់អួន ដាក់ស្ទាក់ចាប់យកត្រី នៅក្នុងរដូវបិទនេសាទ ដែលច្បាប់ស្តីពីជលផល បានហាមឃាត់ មិនអោយធ្វើការនេសាទ ក្នុងរដូវត្រីពងកូន នោះឡើយ ។

កន្លងមក នាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ លោក ភុំនិមល ធ្លាប់បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ផ្នែក សង្កាត់ទាំងអស់ បន្តបង្ក្រាបបទល្មើស នៅក្នុងរដូវទឹកទន្លេឡើង ដើម្បីឲ្យត្រីពងកូន និងទប់ស្កាត់ បង្ក្រាបនូវរបាំងស្បៃមុង របាំងសាច់អួនក្រឡាញឹក ធ្វើយ៉ាងណា ឲ្យបានទាន់ពេលវេលា ។

នាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ ក៏បានអំពាវនាវ ហើយអំពាវនាវទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបរនេសាទ សូមកុំនេសាទ នៅក្នុងរដូវបិទនេសាទ និងកុំនេសាទដោយឧបករណ៍ ដែលច្បាប់ស្ដីពីជលផល មិនអនុញ្ញាត ដើម្បីរក្សានិរន្តរភាពពូជត្រី សម្រាប់កូនចៅ ជំនាន់ក្រោយរបស់យើង ។

សូមបញ្ជាក់ថា រដូវបិទនេសាទ គឺធ្វើឡើង នៅថ្ងៃទី១ មិថុនា បន្តរហូតដល់ថ្ងៃទី១ តុលា ព្រោះរដូវនេះ ជារដូវទឹកឡើង ហើយជារដូវដែលត្រី កំពុងតែពងកូន ផងដែរ ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម