គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅច្រកទ្វារព្រំដែន ស្ទឹង បត់-បានណងអៀន សម្រេចបាន ៥%

150
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាល នៅច្រកទ្វារព្រំដែន ស្ទឹងបត់-បានណងអៀន ព្រំប្រទល់កម្ពុជា ថៃ សម្រេចបាន ៥ ភាគរយ និងគ្រោងបញ្ចប់ នៅឆ្នាំ២០២១ ។ ច្រកនេះ ជាច្រកសំខាន់មួយ ក្នុងការរវិនិយោគ និងការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ដែន។

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំ គណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេស នៃការសាងសង់ អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅច្រកទ្វារព្រំដែន ស្ទឹងបត់ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ប្រធានមន្ទីរ មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេកទេសផងដែរ។

បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាព បច្ចេកទេស នៃការសាងសង់ និងជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ប្រឹក្សាបច្ចេកទេស សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាល នៅច្រកទ្វារព្រំដែន ស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេស ដូចមានចែង ក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជា ដើម្បីពន្លឿនការងារ សាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យា ដែលបានកំណត់។

សូមបញ្ជក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ រួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន, សំណង់អគារអន្តេវាសិកដ្ឋាន​, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ” ឃ្លាំង និងទីលានកុងទីន័រ ” និងអគាររដ្ឋបាល ជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥.២៥០.១៦៨ បាត ក្រោមគម្រោងឥណទាន ទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជិតខាង (NEDA) ចំណាយពេល ២៤ ខែ គិតរហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះ គម្រោងនេះ សម្រេចបានប្រមាណ ៥ % ហើយ ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ ការអនុវត្តគម្រោងនេះ មានការយឺតយ៉ាវ រយៈពេល ២ ខែ ធៀបនឹងកិច្ចសន្យា និងផែនការ ដែលបានកំណត់ ដោយសារកត្តាមេរោគកូវីដ ១៩ និងរដូវភ្លៀង ប៉ុន្តែប្រធានក្រុមហ៊ុន សាងសង់ បានប្តេជ្ញាបញ្ចប់គម្រោងនេះ ឱ្យចប់សព្វគ្រប់ តាមកិច្ចសន្យា និងផែនការ ដែលបានគ្រោងទុក។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសាងសង់ថៃ ពន្លឿនការងារសាងសង់ របស់ខ្លួន និងពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ដើម្បីរិះរកនីតិវិធី បើកច្រកស្ទឹងបត់នេះ ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកព្រំដែន ប៉ុន្តែត្រូវបំពេញឯកសារពាក់ព័ន្ធ នៅ ច្រកទ្វារព្រំដែន ប៉ោយប៉ែត ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍។

គួរកត់សម្គាល់ថា៖ ការបើកច្រកព្រំដែន ត្រង់ចំណុច ស្ទឺងបត់ -បានណងអៀន នេះ នឹងបើកឱកាស យ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ នៃប្រជា ជាតិទាំងពីរ ផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម