អ្នកជំងឺ​កូវី​ដ​ចំនួន​៨​នាក់​ស្លាប់​ដោយ​អគ្គិភ័យ​ឆេះ​នៅ​មន្ទីរពេទ្យ​មួយ នៅ​ឥណ្ឌា​

179
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៨​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ឆេះ​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​មួយ​នៃ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ទីក្រុង​អា​ម៉េ​ដា​បាត ភាគ​ខាងលិច នៃ​ប្រទេស​ឥណ្ឌា កាល​​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៦​ខែ​សីហា​។

​ប៉ូលិស​បាន​ឃាត់​សាច់ញាតិ​ដែល​ខឹងសម្បារ​មិន​ឱ្យ​ចូល​មន្ទីរពេទ្យ​កើតហេតុ នៅក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ា​ត បន្ទាប់​ពី​សោកនាដកម្ម​ដែល​បាន​បង្កឡើង​ដោយ​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​របស់​បុគ្គលិក​ពេទ្យ​ម្នាក់ ​មាន​ភ្លើង​ឆាបឆេះ​។​

​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយថា បុគ្គលិក​ដែល​ឧបករណ៍​ការពារ​ខ្លួន​របស់​គាត់​បាន​ឆាបឆេះ​នោះ បាន​រត់ចេញ​ពី​បន្ទាប់​សង្គ្រោះ​ដើម្បី​ពន្លត់​វា ប៉ុន្តែ​ភ្លើង​បាន​ឆេះ​រាលដាល​យ៉ាង​លឿន​ដល់​បន្ទប់​​សង្គ្រោះ​នោះ​ទាំងស្រុង​។

​ករណី​ឆ្លង​វីរុស​ថ្មី​នៅ​ប្រទេស​ឥណ្ឌា​មាន​ចំនួន ៥៦.២៨២ នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​(​ទី​៦​ខែ​សីហា​)​ដែលនាំឱ្យ​ករណី​ឆ្លង​សរុប​មាន​ចំនួន​១,៩៦ លាន​នាក់ ដោយ​រួមទាំង​អ្នកស្លាប់​៤០.៦៩៩ នាក់​។​

​នៅ​ថ្ងៃ​០៦​សីហា ឥណ្ឌា​ក៏​កត់សំគាល់​ការស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​បំផុត​មិន​ធ្លាប់មាន គឺ​ចំនួន​៩០៤​នាក់ ដែល​ធ្វើអោយ​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​នៅក្នុង​ប្រទេស​នេះ​ឡើង​ដល់​៤០.៦៩៩​នាក់​៕

ប៉ូលិស​និង​សាច់ញាតិ​ឈរ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​កើតមាន​អគ្គិភ័យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ខែ​សីហា

ទីតាំងផ្សាយពាណិជ្ជកម្ម