រដ្ឋមន្ត្រី​ការងារ​អំពាវនាវ​កម្មករ​ព្យួរការងារ​ឱ្យ​អត់ធ្មត់​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​១៩

131
ចែករម្លែក

ដោយ​: ពៅ​និមល​
​ភ្នំពេញ​: លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានធ្វើការ​អំពាវនាវ​ទៅដល់​កម្មករនិយោជិត​ដែល​ស្ថិតក្នុង​ដំណាក់កាល​ព្យួរ​កិច្ចសន្យាការងារ សូមឱ្យ​អត់ធ្មត់ ឬក៏​អាច​ស្វែងរក​ការងារ​ផ្សេងៗ​ដើម្បី​ធ្វើ​ក្នុង​រយះពេល​ខ្វះ​ការងារ ដោយ​រក្សា​ប្រាក់ឧបត្ថម្ភ​ចំនួន​៧០​ដុល្លារ​អាម៉េរិក​ជូន​ដដែល​របស់​ភាគី​និយោជក និង​រដ្ឋាភិបាល​។​


​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ ក្រោយ​បិទ​ពិធី​ប្រកាស​សមាសភាព​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម អាណត្តិ​ទី​១ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ជា​មធ្យម​ក្នុង​មួយថ្ងៃ​ចន្លោះ​ពី​១៥០ ទៅ​២០០​រោងចក្រ ដែល​ស្នើរ​សុំ​ព្យួរការងារ ព្រោះ​មាន​អ្នក​សុំ​ព្យួរ​ថ្មី ហើយ​អ្នក​បញ្ចប់​ព្យួរ ក៏​បើក​ដំណើរការ​ឡើងវិញ ដូច្នេះ​ការព្យួរ​នេះ​ជួនកាល​មាន​រយះពេល​ខ្លី និង​ខ្លះទៀត​មាន​រយះ​វែង ហើយ​ក្នុង​រយះពេល​ដែល​ព្យួរ​នេះ​រោងចក្រ​ក៏មាន​ការលំបាក​ខ្វះខាត​សាច់ប្រាក់​ជាដើម ដូច្នេះហើយ​រដ្ឋាភិបាល​ស​ម្រេច​ឧបត្ថម្ភ​បងប្អូន​កម្មករ​ម្នាក់​ចំនួន​៤០​ដុល្លារ ហើយ​ភាគី​និយោជក (​ថៅកែ​) ត្រូវ​ផ្តល់​៣០​ដុល្លារ​។​” លោក​បន្តទៀតថា “​មកដល់​ឥឡូវនេះ​គិត​ជា​លេខ​មូល​ប្រហែល​២​សែន​នាក់ ដែល​បាន​ព្យួរការងារ ការព្យួរ​នេះ មិនមែន​មានន័យថា​កម្ម​ករ​បាត់បង់​ការងារ​ទាំងស្រុង​នោះទេ ក្នុងនោះ​បាត់​រយះពេល​ខ្លីៗ និង​ជួនកាល​ក៏មាន​វិញ ប៉ុន្តែ​ក៏មាន​មួយចំនួន​បាត់​រហូត​ដែរ ។​


​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ការអនុវត្ត​គោលនយោបាយ​ព្យួរ​កិច្ចសន្យាការងារ និង​ការឧបត្ថម្ភ​នេះ ក៏​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​រោងចក្រ​អាច​ធានា​និ​រ​ន្ត៍​រ​ភាព​របស់ខ្លួន​ដើម្បី​ឆ្លង​ឱ្យ​ផុត​នូវ​ដំណាក់​ដ៏​លំបាក​កូ​វីដ​១៩ ប្រសិនបើ​គាត់​ឆ្លង​ផុត បានន័យថា​រោងចក្រ​នៅតែមាន ការងារ​នៅតែមាន ប្រាក់ចំណូល​របស់​កម្ម​ករ​នៅតែមាន ប៉ុន្តែ​ក្នុងពេល​ទាប​បំផុត​គឺអាច​ទទួលបាន​៤០​ដុល្លារ ក្នុង​មួយខែ​។​”


សូម​រម្លឹកថា ការដាក់​ពាក្យ​ស្នើរ​សុំ​ព្យួរការងារ​ជា​បន្តបន្ទាប់​របស់​វិស័យ​ឯកជន​ទាំងអស់នេះ បណ្តាលមកពី​ការ​រា​ត​ត្បត​ជំងឺឆ្លង​កូ​វីដ​១៩ និង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​កម្មករនិយោជិត​បាត់បង់​ការងារ​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម