អាយុ​ទើប ១៩ ឆ្នាំ​សោះ នាង​ខាយ​លី ជែ​ន​ន័​រ ទិញ​ភូមិគ្រឹះ​ថ្លៃៗ​បាន ៣ ខ្នង​ទៅហើយ​

1518
ចែករម្លែក

​មនុស្ស​ជំទង់​អាយុ ១៩ ឆ្នាំ​ភាគច្រើន​រស់នៅក្នុង​បន្ទប់​ធម្មតាៗ​នៅ​សាកលវិទ្យាល័យ ឬ​កំពុង​រស់នៅ​ផ្ទះ​ឪពុកម្តាយ​រហូត​ទាល់តែ​ពួកគេ​អាចមាន​លទ្ធភាព​រើចេញ​។​

​ប៉ុន្តែ នាង​ខាយ​លី ជែ​ន​ន័​រ (Kylie Jenner) មិនមែនជា​ក្មេង​ជំទង់​ភាគច្រើន​ទាំង​នោះទេ​។ តារា​ក្នុង​កម្មវិធី​ទូរទស្សន៍ ឈ្មោះ “Keeping Up With The Kardashians” រូបនេះ ដែលមាន​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​ផ្ទាល់ខ្លួន​មួយ​ផង​នោះ បាន​ទិញ​ផ្ទះ​ទី​២​និង​ទី​៣​នៅ​សង្កាត់​ឡូយឆាយ ហ៊ី​ត​ដិ​ន​ហ៊ីល (Hidden Hills) ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នក​គួ​ក​ជេ​ផ្ទះសម្បែង​របស់​នាង គឺ លោក ថម​មឺ ហ្វ្រី​ដ​មែន ធ្វើការ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ Sotheby’s Reality​។​

​យោងតាម​វេ​ប​សាយ​កម្សាន្ត TMZ បានឱ្យដឹងថា នាង​បាន​ចំណាយ​ប្រាក់​ជិត ៤,៥ លាន​ដុល្លារ​លើផ្ទះ ដែលមាន​បន្ទប់​គេង ៤ បន្ទប់ទឹក ៤ ដែល​នាង​នឹង​ប្រើប្រាស់​សម្រាប់​ធ្វើជា​ការិយាល័យ​ពង្រីក​អាជីវកម្ម​គ្រឿង​ស​ម្អាំ​ង​របស់​នាង​។ ប្រសិនបើ​នាង​ចង់​សម្រាក​ពី​ការងារ នោះ​មាន​អាង​ហែល​ទឹក​មួយ​និង​អាង​សម្រាប់​ត្រាំ​មួយ​នៅផ្ទះ ដែលមាន​កន្លែង​គេង​ទំហំ​ប្រហែល ១.១១៥ ម៉ែត្រការ៉េ​នេះ​។​

​ផ្ទះ​ខាងលើនេះ​មិនមែនជា​ផ្ទះ​ចម្បង​របស់​នាង​ទេ ខណៈ​នាង​កំពុងមាន​គម្រោង​រើ​ទៅផ្ទះ​ថ្មី​មួយទៀត​តម្លៃ ៦,០២៥ លាន​ដុល្លារ​នៅក្នុង​សង្កាត់​ហ៊ី​ត​ដិ​ន​ហ៊ីល​ដដែល គឺ​នៅក្បែរៗ​ផ្ទះ​របស់​តារា​ល្បីៗ​ជាច្រើនរូប ដូចជា នាង​ជែ​ន​នី​ហ្វើ ឡូ​ប៉េ​ស នាង​ម៉ា​យ​លី សាយ​រ៉ឺ​ស និង នាង​ជេស​ស៊ីកា ស៊ីម​សុន​។ បងស្រី​របស់​នាង គឺ គីម កា​ដា​សៀន និង ស្វាមី កេ​ន​យ៉េ វេស ក៏មាន​ផ្ទះ​នៅក្នុង​តំបន់​នេះដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង​ខាយ​លី ជែ​ន​ន័​រ មានផ្ទះ ៣ ខ្នង​រួចទៅហើយ​នៅ​អាយុ​ត្រឹម ១៩ ឆ្នាំ

ទីតាំងផ្សាយពាណិជ្ជកម្ម