បិទ​ផ្អាក​ទីតាំង​សិប្បកម្ម ផលិត​ប្រហិត មួយកន្លែង​ជា​បណ្ដោះអាសន្ន

297
ចែករម្លែក


ដោយៈ ចាន់តូ /
​ភ្នំពេញ ៖ ទីតាំង​សិប្បកម្ម ផលិត​ប្រហិត មួយកន្លែង ស្ថិតនៅ​ខាងក្រោយ សាលាបឋមសិក្សា ជម្ពូ​វ័ន ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​គណៈកម្មាធិកា​រ ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង នគរបាល​ជំនាញ​មូលដ្ឋាន អាជ្ញាធរ ចុះទៅ​ត្រួតពិនិត្យ លើ​ផ្នែក​ផលិត អនាម័យ រក្សា​ការពារ គុណភាព ច្បាប់​អាជីវកម្ម​ផលិត នា​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នេះ ហើយ​បាន​រកឃើញ ថា ច្បាប់​អនុញ្ញាត​ពុំទាន់​ត្រឹមត្រូវ ទៅតាម​ការស្នើសុំ មិនទាន់​ត្រឹមត្រូវ ទៅតាម​ស្តង់ដារ អនាម័យ បិទ​ផ្អាក​ទី​តាំ​អ​នោះ ជា​បណ្តោះអាសន្ន ។​

​ម្ចាស់​ទីតាំង​នោះ មានឈ្មោះ ព្រៃ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ នៅ​ចំណុច​ខាងលើ ហើយ​ទីតាំង​នេះ ផលិត​ប្រហិត សាច់គោ សាច់ជ្រូក សាច់មាន់ ត្រី សាច់​ចម្រុះ ក្តាម គ្រឿង​សមុទ្រ ។​

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ជំនាញ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ តាន់ គុណ​តារា អនុប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ សហការ​ជាមួយ​កម្លាំង នគរបាល​មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល ពី​លោក ចែ សុង ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង ចុះ​ត្រួតពិនិត្យ រាល់​គុណភាព អនាម័យ ច្បាប់​អាជីវកម្ម និង​គុណភាព រកឃើញ ប្រហិត​សាច់ជ្រូក ចំនួន​១៥​ធុង ស្មើនឹង ៤.៥០០ គីឡូក្រាម , ប្រហិត​សាច់គោ ចំនួន​១៦​ធុង ស្មើនឹង ៤.៨០០ គីឡូក្រាម , ប្រហិត​សាច់​ចម្រុះ ២០០ ថង់ ស្មើនឹង ១.០០០ គីឡូក្រាម​, ស្លាបមាន់​ចំនួន ១៩​កេស ស្មើនឹង ២៨០ គីឡូក្រាម , កោះមាន់​៥​កេស ស្មើនឹង ៦០ គីឡូក្រាម , សាច់​ក្របី ចំនួន​១៤​កេស ស្មើនឹង ៦០ គីឡូក្រាម , ដង្កៀបក្តាម ចំនួន​១៨​កេស ស្មើនឹង ១៨០ គីឡូក្រាម , សាច់​បង្គា ៤០​កេស ស្មើនឹង ៤០០ គីឡូក្រាម និង​វត្ថុធាតុដើម សម្រាប់​ផ្សំ​ផលិត សរុប​រួម​ជាង ៧ តោន ។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ ត្រួតពិនិត្យ​រួច ឃើញថា សិប្បកម្ម​ខាងលើ ពុំមាន​ច្បាប់​អនុញ្ញាត ពី​ក្រសួងពាណិជ្ជកម្ម ។ – ទីតាំង​ផលិត​ខុសពី​លិខិតបញ្ជាក់ ។ – សង្វាក់​ផលិតកម្ម ពុំទាន់​មាន​អនាម័យ​ត្រឹមត្រូវ ។ – វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​ពី​គុណភាព ហួស​សុពលភាព ។ – ផលិតផល​ប្រហិត ដែល​កំពុង​ផលិត ខុសពី​ផលិតផល ដែល​បាន​ស្នើសុំ ចុះបញ្ជី​ផលិតផល (​ច​.​ប​.​ផ​.) ។ – ផលិតផល ៨ ប្រភេទ​ខាងលើ ពុំមាន​បិទ (​ច​.​ប​.​ផ​.) លើ​សំបក​វេច​ខ្ចប់ នៅឡើយ​ទេ ។​

​តាម​សមត្ថកិច្ច លោក​ឧ​ត្ត​ម​សេនីយ៍​ទោ តាន់ គុណ​តារា បាន​ប្រាប់​ឲ្យ​ដឹងថា ទីតាំង​សិប្បកម្ម ផលិត​ប្រហិត​ខាងលើ ក្រោម​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​បិទ​ផ្អាក​ដំណើរការ ជា​បណ្តោះអាសន្ន ហើយ​ផលិតផល​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ជំនាញ យកទៅ​ធ្វើតេស្ត ពិនិត្យ បន្តទៀត និង​ហៅ​ម្ចាស់​ទីតាំង ទៅ​សាកសួរ នៅ​ក្រសួងមហាផ្ទៃ ៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម