រូបថត​បង្ហាញ​ពេលវេលា​នៃ​អំពើ​ឧក្រិដ្ឋ​របស់​ខ្មែរក្រហម​

491
ចែករម្លែក
រូបថត​នេះ​បង្ហាញ​ពី​ដំណើរ​ជា​ជួរ​ឆ្ពោះទៅមុខ​របស់​យុវជន​៦​រូប និង​កុមារា​ម្នាក់ ក្នុង​សម្លៀកបំពាក់​ខ្មៅ ពាក់​ស្បែកជើងកង់ឡាន បង់ក​ក្រមា និង​លី​កាំភ្លើង​។ ពីឆ្វេង​ទៅ​ស្តាំ​៖ អុល អ៊ឹម ផេង អោ ញ៉េប (​ហៅ សុខ​) សាន្ត សុខ និង ផ្លូច​។​
(​សាន្ត សុខ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​រូបថត​អំណោយ​របស់លោក សាន្ត សុខ ជាដើម​បណ្តឹងរដ្ឋប្បវេណី នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​និង​ជា​អតីត​កម្មាភិបាល​ម្នាក់​ក្នុងចំណោម​កម្មាភិបាល​៧​នាក់​ក្នុង​រូបថត​នេះ ថត​នៅ​ឆ្នាំ​១៩៧២ ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ រូបថត​នេះ បង្ហាញ​ពី​ដំណើរ​ជា​ជួរ​ឆ្ពោះទៅមុខ​របស់​យុវជន​៦​រូប និង​កុមារា​ម្នាក់ ក្នុង​សម្លៀកបំពាក់​ខ្មៅ ពាក់​ស្បែកជើងកង់ឡាន បង់ក​ក្រមា និង​លី​កាំភ្លើង​។ ពីឆ្វេង​ទៅ​ស្តាំ​៖ អុល អ៊ឹម ផេង អោ ញ៉េប (​ហៅ សុខ​) សាន្ត សុខ និង​ផ្លូច​។
​នៅ​ខាង​ខ្នង​រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ មាន​អក្សរ​ពណ៌​ខៀវ​សរសេរថា «​សាន្ត សុខ រួម​ចលនា​តស៊ូ​បដិវត្តន៍​ជាមួយ​ប្អូនៗ​បុគ្គលិក​អង្គភាព​គណកម្មាធិការ​ទទួល​ប្រជាជន​ជម្លៀស​ស្រុក​ព្រៃកប្បាស (​ស្រុក​៥៥) ថត​ឆ្នាំ​១៩៧២ នៅ​ចម្ការ​ដំឡូង​ជិត​មន្ទីរ​អំពិល​រៀង​»​។ សំណេរ​ខ្លី​សរសេរ​ដោយ​ដៃ​មួយ​ឃ្លា​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការជម្លៀស​ប្រជាជន​នៅ​ខេត្តតាកែវ ដែល​បានចាប់ផ្តើម​ឡើង​យ៉ាងហោចណាស់​៣​ឆ្នាំមុន​ថ្ងៃជ័យ​ជម្នះ​របស់​ខ្មែរក្រហម ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដែល​សកម្មភាព​នេះ ត្រូវបាន​មើលឃើញថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ ចាប់តាំងពី​ថ្ងៃជ័យ​ជម្នះ​របស់​ខ្មែរក្រហម​ក្នុង​ខែមេសា ឆ្នាំ​១៩៧៥ ពិភពលោក​បានកត់សម្គាល់​ឃើញថា​ខ្មែរក្រហម​បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ជា​បី​ដំណាក់កាល​ធំៗ គឺ​នៅ​ភ្លាមៗ​បន្ទាប់​ពីថ្ងៃ​ជ័យជម្នះ​១៧​មេសា​១៩៧៥ នៅ​ចុងឆ្នាំ​១៩៧៥ និង​នៅ​ចុងឆ្នាំ​១៩៧៧​រហូតដល់​ឆ្នាំ​១៩៧៨​។ ក្នុងពេលដែល​បណ្តា​ប្រទេស​លើ​ពិភពលោក​ធ្វើការ​ជម្លៀស​ប្រជាជន​ចេញពី​កន្លែង​អ​សុវត្ថិភាព​ទៅកាន់​កន្លែង​សុវត្ថិភាព ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​កន្លែង​សុវត្ថិភាព ទៅកាន់​តំបន់​ដាច់ស្រយាល​និង​គ្មាន​សុវត្ថិភាព​ដើម្បី​ធ្វើ​ការងារ​ស្រែចម្ការ ដោយ​មិនបាន​ប្រាប់​ដំណឹង​ជាមុន ឬ​ទុក​ពេលវេលា​សម្រាប់​ការត្រៀមខ្លួន​និង​រៀបចំ​ឥ​វ៉ាន់​ឡើយ​។​

នៅ​ខាង​ខ្នង​រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ មាន​អក្សរ​ពណ៌​ខៀវ​សរសេរថា «​សាន្ត សុខ រួម​ចលនា​តស៊ូ​បដិវត្តន៍​ជាមួយ​ប្អូនៗ – បុគ្គលិក​អង្គភាព​គណកម្មាធិការ​ទទួល​ប្រជាជន​ជម្លៀស​ស្រុក​ព្រៃកប្បាស (​ស្រុក​៥៥) ថត​ឆ្នាំ​១៩៧២ នៅ​ចម្ការ​ដំឡូង​ជិត​មន្ទីរ​អំពិល​រៀង​»​។​
(​សាន្ត សុខ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ក្នុង​រយៈពេល​នៃ​ការជម្លៀស​និង​ការ​ស្នាក់នៅ​ទីជនបទ​ដាច់ស្រយាល ប្រជាជន​ជួបប្រទះ​ការហូបចុក​មិន​គ្រប់គ្រាន់ បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង គ្មាន​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល និង​ធ្វើ​ទារុណកម្ម​។ នៅក្នុង​គម្រោង​ផែនការ​បួន​ឆ្នាំ​របស់ខ្លួន ខ្មែរក្រហម​បានដាក់​ការដាំដុះ​ស្រូវ​ជា​អាទិភាព​ចម្បង​របស់​ជាតិ បន្ទាប់ពី​បញ្ហា​សន្តិសុខ​ជាតិ​។ នៅពេលដែល​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ខែមករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​ប្រមាណ​ពី​១,៧​លាន​នាក់​ទៅ​២,២​លាន​នាក់ ត្រូវបាន​រកឃើញថា​បាន​ស្លាប់ និង​សម្លាប់​ក្រោម​ហេតុផល​អភិវឌ្ឍន៍​ប្រទេស​តាមរបៀប «​មហាលោតផ្លោះ មហាអស្ចារ្យ​» ដែល​ផ្តោតលើ​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​កសិកម្ម ដើម្បី​ឈានដល់​ការសម្រេច​បំណង​ប្រែក្លាយ​ប្រទេស​កម្ពុជា ឲ្យ​ក្លាយជា​ប្រទេស​ជឿនលឿន​ផ្នែក​កសិកម្ម​របស់ ប៉ុល ពត​។​
​ ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ សាលក្រម​សំណុំរឿង ០០២/០២ របស់​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានចាត់ទុក​ការជម្លៀស​ប្រជាជន​ក្នុង​របប​ខ្មែរក្រហម គឺជា​គោលនយោបាយ​ដែលមាន​លក្ខណៈ​ឧក្រិដ្ឋ​។ គោលនយោបាយ​នេះ ជា​គោលនយោបាយ​មួយ​ក្នុងចំណោម​គោលនយោបាយ​ទាំង​៥​របស់​ខ្មែរក្រហម ដែល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​យល់ឃើញ​ថា ជា​គោលនយោបាយ​ដែលមាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ទៅនឹង​គោលបំណង​រួម ដែល​ឈានដល់​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​។ គោលនយោបាយ​ទាំងនោះ រួមមាន​៖ ១- ការផ្លាស់​ទីលំនៅ​ប្រជាជន​ម្ដង​ហើយ​ម្ដងទៀត​ពី​ទីប្រជុំជន និង​ទីក្រុង ទៅកាន់​តំបន់​ជនបទ ព្រមទាំង​ពី​ទីជនបទ​មួយ ទៅកាន់​ទីជនបទ​មួយទៀត​។ ២- ការបង្កើត និង​ដំណើរការ​សហករណ៍ និង​ការដ្ឋាន​ការងារ​។ ៣- ការបង្កើត និង​ដំណើរការ​មន្ទីរ​សន្ដិសុខ និង​ទីកន្លែង​សម្លាប់​មនុស្ស ដើម្បី​កំណត់​អត្តសញ្ញាណ ចាប់ខ្លួន ដាក់​ឲ្យ​នៅ​ដោយឡែក និង​«​កម្ទេច​» អ្នក ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​ខ្មាំង​ធ្ងន់ធ្ងរ​បំផុត និង​ដើម្បី​អប់រំ «​សមាសភាព​មិនល្អ​»​។ ៤- ការកំណត់​គោលដៅ​ទៅលើ​ក្រុម​ជាក់លាក់ រួមទាំង​ជនជាតិ​ចាម​និង​វៀតណាម ពុទ្ធសាសនិក និង​អតីត​អ្នករដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ រួមទាំង​អ្ន្ករដ្ឋការ​ស៊ីវិល ទាហាន និង​ក្រុមគ្រួសារ និង ៥- ការចេញ​បទបញ្ជា​ស្តីពី​ការរៀប​អាពាហ៍ពិពាហ៍​៕សរន

រូបថត​នេះ ត្រូវបាន​បោះពុម្ព​ជា​ផ្ទាំង​ពិព័រណ៍​ធំ​មួយ​ក្នុងចំណោម​រូបថត​ពិព័រណ៍​ជាច្រើន​ផ្ទាំង​ទៀត ដើម្បី​ដាក់តាំង​នៅក្នុង​បន្ទប់ «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តតាកែវ​»
(​សាន្ត សុខ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម