មុខទំនិញ​១០​ប្រភេទ​ត្រៀម​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​

164
ចែករម្លែក

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: លោក​អគ្គនាយកដ្ឋាន​ក​សិ​កម្ម បាន​លើកឡើងថា បច្ចុប្បន្ន​កម្ពុជា​បាន​ត្រៀម​ជា​ជំហានៗ​ក្នុងការ​នាំចេញ​ផលិតផល​កសិកម្ម ក្នុងនោះ​មាន​ប្រមាណ​ជិត​១០​មុខ ដើម្បី​ត្រៀម​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទីផ្សារសេរី រវាង​កម្ពុជា និង​ចិន (FTA) បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ធរមាន​។​

រូបឯកសារ


​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វិធាន​ការជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា ស្ថិតក្នុង​បរិបទ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន ទិសដៅ​រួម​របស់​ក្រសួងកសិកម្ម​បានកំណត់​ថា នឹង​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅជា​កសិកម្ម​ទំនើប ប្រកបដោយ​ភាព​ប្រកួតប្រជែង មាន​បរិ​យា​ប័ន្ន ពោលគឺ​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​ក្រុមហ៊ុន​ខ្នាតតូច និង​ធំៗ ទាំង​ក្នុង​ស័​យ​រដ្ឋ​និង​ឯកជន​ឲ្យ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​បន្ត​ឲ្យ​មាន​និរន្តរភាព និង​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច ជាពិសេស​ឆ្លើយតប​និង​ការប្រែប្រួល​អាកាសធាតុ​។

​លោក​ឱ្យដឹងទៀតថា​ចំពោះ​ការនាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​ខាងក្រៅ ជាពិសេស​ទីផ្សារ​ប្រទេស​ចិន បញ្ហា​នេះ​កម្ពុជា កំពុង​បាន​ចរចារ​ជាមួយ​ភាគី​ចិន ក្នុងនោះ​ស​ម្រាប់​ជំ​ហាន​ដំបូង កម្ពុជា​នឹង​នាំចេញ​ផ្លែស្វាយ​មុនគេ ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ពង្រឹង​អនុវត្ត​ឲ្យ​ស្របតាម​បច្ចេកទេស ដើម្បី​ឆ្លើយតប​និង​របាំង​ពាណិជ្ជកម្ម​។ ដោយឡែក ជំ​ហាន​ទី​២ កម្ពុជា​នឹង​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន ដោយបាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទាំង​ការដាំដុះ និង​ការ​វេច​ខ្ចប់​ដើម្បី​នាំចេញ​ផងដែរ​។ ក្រៅពី​ការនាំចេញ​ផលិតផល​ខាងលើ កម្ពុជា​នឹង​បន្ត​នាំចេញ​ផលិតផល​មួយចំនួនទៀត រួមមាន ទឹកមាត់​ត្រចៀកកាំ ដូងក្រអូប ផ្លែ​ស្រកានាគ ម្រេច ទុរេ​ន ផ្លែ​ខ្នុរ និង​​ពោត​ជាដើម​។​

រូបឯកសារ


​លោក​អគ្គនាយក​បានបញ្ជាក់​ថា ទាក់ទិន​និង​ការនាំចេញ​នេះ សម្រាប់​ការ​ច​រា​ចារ​រវាង​កម្ពុជា និង​ចិន ប្រទេស​ចិន ក្នុងនោះ​ប្រទេស​ចិន​បានផ្តល់​អទិភាព​ទី​១ សម្រាប់​កម្ពុជា​ក្នុងចំណោម​ប្រទេស​ជាង​១៣០​ផ្សេងទៀត​។ សម្រាប់​ផលិតផល​ស្វាយ នឹង​អាច​នាំចេញ​នៅ​ដើមឆ្នាំ​២០២១ មៀន​ប៉ៃលិន អាច​នាំចេញ​នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ​២០២២ ក្នុងនោះ​បន្ទាប់ពី​ការនាំចេញ​មៀន​ប៉ៃលិន​រួច នឹង​បន្ត​ដាក់​ផលិតផល​ទឹកមាត់​ត្រចៀកកាំ និង​ផលិតផល​ម្រេច​ជា​បន្តបន្ទាប់​។​


​គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២០​នេះ​កម្ពុជា​សម្រេចបាន​ការបង្ក​រ​បង្កើន​ផល ក្នុងនោះ​ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី​អនុវត្តន៍​ផ្ទៃដី​បង្ករ​បង្កើន​ផល​បាន​ចំនួន​ប្រមាណ​ជិត​៤៩​ពាន់​ហិកតា ស្មើរ​ជិត​៩៦​ភាគរយ​ផែនការ ដោយបាន​ដាំ​ដំណាំ​សំខាន់ៗ​រួមមាន​៖ ពោត មាន​ចំនួន​ជាង​៩​ពាន់​ហិកតា ដំឡូងជ្វា​ជិត​៣​ពាន់​ហិកតា និង​បន្លែ​គ្រប់មុខ​ជាង​៣៣​ពាន់​ហិកតា​។ ចំណែក​ដំណាំ​ឧស្សា​កម្ម​រយៈពេល​ខ្លី​នៅក្នុង​រយៈពេល​នេះដែរ ប្រជាកសិករ​អនុវត្តន៍​ដី​បង្កបង្កើនផល​បាន​ជាង​៧២​ម៉ឺន​ហិកតា ស្មើរ​ប្រមាណ​ជាង​៨២​ភាគរយ​នៃ​ផែនការ​។ ក្នុងនោះ​ដំណាំ​សំខាន់ៗ​ដែល​អនុវត្តន៍​បាន​មាន​៖ ពោតក្រហម​ធ្វើ​ការដាំដុះ​បាន​ជាង​៨៧​ពាន់​ហិកតា​, ដំឡូង​មី​ចំនួន​ជាង​៥៨​ម៉ឺន​ហិកតា សណ្តែកបាយ​ជាង​១៦​ពាន់​ហិកតា សណ្តែកដី​ជាង​៤​ពាន់​ហិកតា សណ្តែកសៀង​ជាង​៨​ពាន់​ហិកតា និង​ការដាំដុះ​អំពៅ​ជាង​១១​ពាន់​ហិកតា​៕​សរន​

រូបឯកសារ

ទីតាំងផ្សាយពាណិជ្ជកម្ម