​អនុវត្ត​ច្បាប់​ចរាចរណ៍ ៩៨​ថ្ងៃ​៖ ផាកពិន័យ​ម៉ូតូ និង​រថយន្ត​ជាង ១៣ ម៉ឺន​គ្រឿង​

179
ចែករម្លែក

ដោយៈ មុនី​រ័ត្ន /
​ភ្នំពេញៈ
អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល ថ្ងៃទី​៦ ខែសីហា ថា លទ្ធផល​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ លេខ​៣៩ រយៈពេល ៩៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ យានយន្ត​ដែល ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៣០.៦៥៨ គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៩៦.៨៨៦ គ្រឿង និង​រថយន្ត មាន​ចំនួន ៣៣.៧៧២ គ្រឿង (​រថយន្ត​តូច ២៩.១៧៦ គ្រឿង និង​រថយន្ត​ធំ ៤.៥៩៦ គ្រឿង​)​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន

​សម្រាប់​ការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច បាន​រកឃើញ​យានយន្ត​ល្មើស សរុប​ចំនួន ១.០៩៨ គ្រឿង ក្នុងនោះ​ម៉ូតូ ចំនួន ៨៣៦ គ្រឿង និង​រថយន្ត​ចំនួន ២៦២ គ្រឿង ក្នុងនោះ​រថយន្ត​តូច ចំនួន ២២០ គ្រឿង និង​រថយន្ត​ធំ ចំនួន ៤២ គ្រឿង ។​

​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ ពេល​បើកបរ​។ សម្រាប់​រថយន្ត ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ពាក់​ខ្សែក្រវាត់ លើស​ចំណុះ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ ពេល​បើកបរ ៕V​

ទីតាំងផ្សាយពាណិជ្ជកម្ម