រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះធ្វើបាតុកម្មទាមទារដោះលែងរ៉ុងឈុនទេ

204
ចែករម្លែក
រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះធ្វើបាតុកម្មទាមទារដោះលែរ៉ុងឈុនទេ

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះ ដឹកនាំធ្វើបាតុកម្មហែរក្បួននៅទីលានប្រជាធិបតេយ្យដើម្បីទាមទារឲ្យដោះលែងឈ្មោះ រ៉ុង ឈុន ដែលបានញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី១៦-២០-២៣ និង៣០ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះទេ។ ការមិនអនុញ្ញាតឲ្យធ្វើបាតុកម្មនេះ ត្រូវបានអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ដោយសារតែប្រឆាំងនឹងច្បាប់ ហេតុដូច្នេះមិនអាចអនុញ្ញាតឲ្យបានទេ។ 

  ការមិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះ ដឹកនាំធ្វើបាតុកម្ម គឺបន្ទាប់ពីគណបក្សមួយនេះបានជូនដំណឹងទៅអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា  ស្តីពីការធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនក្នុងទីលានប្រជាធិបតេយ្យចំនួនបួនថ្ងៃ គឺនៅថ្ងៃទី ១៦,២០,២៣ និង៣០ ខែសីហា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យមានការដោះលែងជនសង្ស័យឈ្មោះ រ៉ុង ឈុន។

  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី៦ខែសីហា ថា រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះធ្វើបាតុកម្មនៅថ្ងៃទី១៦,២០,២៣ និង៣០ ខែសីហា ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យនោះទេ ដោយសារប៉ះពាល់ថ្ងៃបុណ្យ បញ្ហាជំងឺកូវីដ១៩ ហើយប្រឆាំងនឹងច្បាប់ គឺមិនអាចអនុញ្ញាតឲ្យធ្វើបានទេ។

  សូមជម្រាបថា ឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់។ ហើយនៅព្រឹកថ្ងៃទី១ខែសីហា ឆ្នាំ២០២០ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ដោយលោកសេងហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះ រ៉ុង ឈុន ពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ 

ឈ្មោះ រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការកាលពីយប់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២០ បន្ទាប់ពីចោទប្រកាន់គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីទៅខាងភាគីវៀតណាមជាច្រើនរយហិចតា នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាការប្រឌិតរឿងក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ៕សរន

រ៉ុងឈុន

ទីតាំងផ្សាយពាណិជ្ជកម្ម