ក្រសួង​ការងារ និង​ស្វី​ស សហការគ្នា​បន្តទៀត ក្នុងការ​អភិវឌ្ឍ​ជំនាញ ដល់​យុវជន ក្នុង​វិបត្តិ​កូ​វីដ​១៩

167
ចែករម្លែក

ដោយ​: ពៅ​និមល /
​ភ្នំពេញ​:
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​ស្វី​ស សម្រាប់​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ (SDC) បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយគ្នា បន្តទៀត ក្នុងការ​អនុវត្ត​គម្រោង ដើម្បី​គាំទ្រ​ដល់​កម្មវិធី​បណ្តុះបណ្តាល ពី​ចម្ងាយ ឬ​តាម​អន​ឡាញ (Online) សម្រាប់​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ស្ថិតក្រោម​ឱវាទ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ​។​

​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ បាន​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង រវាង​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ ប្រចាំការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Nada ottiger នាយក​ស្តីទី នៃ​ទីភ្នាក់ងារ​ស្វី​ស សម្រាប់​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​។​

​លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​ប្រាប់​ឱ្យដឹងថា យោងតាម​កិច្ចព្រមព្រៀង គម្រោង​នេះ មាន​រយៈពេល ១០​ខែ គិត​ចាប់ពី​ខែសីហា ឆ្នាំ​២០២០ រហូតដល់​ខែឧសភា ឆ្នាំ​២០២១ ដែល​នៅក្នុង​គម្រោង​នេះ ទីភ្នាក់ងារ​ស្វី​ស បាន​ចូលរួម​គាំទ្រ​ថវិកា សរុប​ចំនួន ២០ ម៉ឺន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ មាន​គោលបំណង ផ្ដល់ឱកាស​បណ្ដុះបណ្ដាល​ជំនាញ និង​វិជ្ជាជីវៈ ជា​បន្តបន្ទាប់ ដែល​អាច​បត់បែន​បាន ក្នុងអំឡុងពេល នៃ​ការ​រាតត្បាត ជំងឺ​កូ​វីដ​១៩ និង​ក្រោយ​ពីនេះ​។​

​លោក​បាន​បន្តថា គម្រោង​នេះ បង្កើន​ការទទួលបាន នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ ប្រកបដោយ​សមធម៌ ក្នុងចំណោម​យុវជន នៅ​ទូទាំងប្រទេស​កម្ពុជា ក៏ដូចជា ធ្វើឱ្យ​ប្រសើរឡើង និង​អភិវឌ្ឍន៍ ខ្លឹមសារ​មេរៀន និង​បង្រៀន​ប្រព័ន្ធ បណ្តុះបណ្តាល​ពី​ចម្ងាយ ឬ​អន​ឡាញ ព្រមទាំង​កែលម្អ​គុណភាព ការអប់រំ​បច្ចេកទេស បណ្តុះបណ្តាល និង​វិជ្ជាជីវៈ ប្រកបដោយ​គុណភាព សម្រាប់​ទទួល​ឱកាស​ការងារ ផងដែរ​។​

​សូមជម្រាបថា ទីភ្នាក់ងារ​ស្វី​ស សម្រាប់​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ កន្លងមក បាន​ជួយ​ដល់​ក្រសួង​ការងារ​ជាច្រើន ក្នុង​នោះបាន​គាំទ្រ គម្រោង​កម្មវិធី​អភិវឌ្ឍន៍ ដំណាក់កាល​ទី​១ និង​ទី​២ តាមរយៈ​ការគាំទ្រ​ថវិកា លើ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ ដំណាក់កាល​ទី​១ ដូចជា​បានដាក់​ចេញ នូវ​អន្តរាគមន៍​៣ គឺ​ការបណ្តុះបណ្តាល វិជ្ជាជីវៈ​ឆ្លាស់ ការបណ្ដុះបណ្ដាល ផ្នែក​បដិសណ្ឋារកិច្ច និង​ការគាំទ្រ​លើ​ការកែទម្រង់ គោលនយោបាយ​។​

​រយៈពេល ៤ ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ ដំណាក់កាល​ទី​១ (២០១៦.២០២០) ដែល​ទើបតែ​បញ្ចប់ទៅ ថ្មីៗ​នេះ ទទួលបាន​លទ្ធផល ដូចតទៅ ដោយបាន​បណ្តុះបណ្តាល និង​វាយតម្លៃ​សមត្ថភាព សិក្ខាកាម​សរុប​ចំនួន ៤.៣៧២ នាក់ ក្នុងនោះ​ស្ត្រី ៤៨ ភាគរយ ។ បណ្តុះបណ្ដាល តាម​ប្រព័ន្ធ​ឆ្លាស់ ចំនួន ១.៧៦៣ នាក់ បណ្ដុះបណ្ដាល ផ្នែក​បដិសណ្ឋារកិច្ច ចំនួន​៩០០​នាក់ និង​ការវាយតម្លៃ​សមត្ថភាព ទទួលស្គាល់​ការសិក្សា​ពីមុន ចំនួន ១.៧០៩ នាក់ និង​សិក្ខាកាម បញ្ចប់​ដោយ​ជោគជ័យ មាន​ចំនួន ៣.៩១៣ នាក់ ក្នុងនោះ​ស្ត្រី ៤៦ ភាគរយ និង​សិក្ខាកាម ដែល​ទទួលបាន​ការងា​រ ធ្វើ​ចំនួន ៣.៤៥២ នាក់ ស្រី ៥៥ ភាគរយ ដែល​ក្នុងនោះ ការប្រកប​អាជីវកម្ម ដោយ​ខ្លួនឯង មាន​ចំនួន ២០ ភាគរយ​៕V​

ទីតាំងផ្សាយពាណិជ្ជកម្ម