​តារាចម្រៀង ​ជើងចាស់​ម្នាក់ បកស្រាយ​ពី ​ប្រភព​បទ​ចម្រៀង និង​ការសុំ​ចម្លង​ស្នាដៃ និង​ការរក្សា​សិទ្ធិ​

385
ចែករម្លែក

ដោយៈ ឫទ្ធិ​ស័ក្តិ /
​ភ្នំពេញៈ
តារាចម្រៀង​ជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បាន​បកស្រាយអំពី​អ្វីដែល​ហៅថា ជា​ប្រភព​បទ​ចម្រៀង និង​ការសុំ​ចម្លង​ស្នាដៃ និង​ការរក្សា​សិទ្ធិ ។ ការបកស្រាយ របស់​អ្នកនាង អាច​បញ្ចប់​នូវការយល់ច្រឡំ និង​ការខុសឆ្គងទាំងឡាយ​បាន ហើយក៏​សង្ឃឹមថា នឹងមាន​ការគោរព​គ្នាពី​អ្នកចម្លងជាមួយ​ម្ចាស់​ស្នាដៃ ។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក អ្នកនាង ម៉េង កែវពេជ្ជតា បាន​បកស្រាយ​ថា​៖ ប្រភព​បទ​ចម្រៀងៈ ចម្រៀង​មួយ​បទ ប្រសូត​ចេញ​ដោយ ៣ ចំណុច ៖ ១. ទំនុកច្រៀង ២. បទ​ភ្លេង ៣. សំឡង​ច្រៀង​។ ចំណុច​ទាំង ៣ សុទ្ធតែ​ដើរតួ​សំខាន់ក្នុងការ​បង្កើត​ឲ្យចេញជា​បទ​ចម្រៀង​មួយ​បទ ដោយ​មិនអាច​ខ្វះចំណុច​ណាមួយ​ឡើយ ប្រៀបបាន​នឹង​ចង្ក្រាន​មុំ​បី ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​ភាគច្រើន ចំណុច​ទី​៣ ត្រូវបាន​គេ​ចាត់ទុកថា មាន​កាតព្វកិច្ច ចាំបាច់​ជាងគេ ដោយសារ​ជា​អ្នកបកស្រាយ បំពេញ​រសជាតិឲ្យ​ស្នាដៃ​ទី​១ និង​ទី​២ ព្រោះថា បើ​ទំនុក​ល្អ​ហើយ បទ​ភ្លេង​ល្អ​ហើយ ប៉ុន្តែ​បែរជា​អ្នក​ច្រៀង សំនៀង​មិន​ពិ​រោះ សមត្ថ​ភាពមិនដល់​កម្រិត ក៏​បទ​ចម្រៀង​នោះ មិនអាច​ក្លាយជា​គ្រាប់ពេជ្រ ចែងចាំង ក្នុង​បេះដូង​អ្នក​ស្តាប់រហូត​ទៅ​កើត​ដែរ ។ រីឯ​ផលិតកម្ម គឺជា​ម្ចាស់​ផលិតផល នៃ​បទ​ចម្រៀង ។ គាត់​មាន​នាទីខាង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ គេ​មិន​ចាត់ទុកថា ជា​ចំណែក​រួមផ្សំ​ជាមួយអ្នក​ទាំង ៣ ក្នុងការ​បង្កើត​បទ​ច​ម្រៀ​ង​ទេ ប៉ុន្តែ​ផលិតកម្ម​មាន​សិទ្ធិ​ធំ ក្នុងការ​សម្រេច​ថា ឲ្យ ឬ​មិនឲ្យ ព្រោះ​ផលិតកម្មគឺជា​ម្ចាស់​ផលិតផល ។​

​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្តថា​៖ ការសុំ​ចម្លង​ស្នាដៃ និង​ការរក្សា​សិទ្ធិ បើទោះជា​ម្ចាស់​ផលិតកម្មអនុញ្ញាត​ក៏ដោយ ក៏​អ្នកចម្លងដាច់ខាតត្រូវតែ​ដាក់ឈ្មោះឲ្យ​អ្នកនិពន្ធ​ទំនុកច្រៀង បទ​ភ្លេង និង​អ្នកចម្រៀងជាដាច់ខាត ព្រោះ​រវាង (​ក្រុម​អ្នកនិពន្ធ និង អ្នកចម្រៀង​) ហើយ​និង​ម្ចាស់​ផលិតកម្ម មាន​តួនាទី មិន​ដូចគ្នា​ទេ ។ សរុបមក ត្រង់នេះ ចង់​បញ្ជាក់​ទៅកាន់​បងប្អូន​ខ្លះ ដែល​មិន​យល់ មិនដឹងថា បទ​ចម្រៀងមួយ​បទ កើតឡើង ដោយ​ប៉ុន្មាន​ចំណុច ហើយ​ត្រូវ​ផ្តល់​តម្លៃ​ដូចម្តេច ។

អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្តទៀតថា​៖ អ្នកខ្លះ​លួច​ចម្លង​ស្នាដៃ​គេ ហើយ​គ្មាន​ទំនួល​ខុសត្រូវ បែរជា​ខំ​លើកឡើងថា ម្ចាស់​ផលិតកម្ម មិន​រករឿង​ផង ហេតុ​អី ត្រឹម​ជា​អ្នកចម្រៀង ត្រូវ​មក​តវ៉ា ? ! ដូច្នេះ​អ្នក​ដែល​យក​ស្នាដៃ​គេទៅប្រើ​ប្រាស់ ហើយ​គួរឈ្វេងយល់ ។ មិនត្រូវ​បំបាត់​គុណ​តម្លៃរបស់​ម្ចាស់​ដើមមួយណា​ទាំងអស់ ( រក្សា​សិទ្ធិ ) លើកលែងតែ​ក្នុងករណី​ខ្លះ ខ្វះ​ឯកសារ មិនអាច​ស្គាល់ម្ចាស់​ផលិតកម្ម ឬ​មិន​ស្គាល់​អ្នកនិពន្ធ ទាំងពីរ តែ​យ៉ាងហោចណាស់ ក៏ត្រូវ​ដាក់ឈ្មោះ​អ្នក​ច្រៀង ដែល​បានឮ​សំឡេង បាន​ស្គាល់​ស្រាប់​នេះដែរ ។​

​តារាចម្រៀង​ជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា សង្ឃឹមថា ការបកស្រាយ របស់​អ្នកនាង អាច​បញ្ចប់​នូវការយល់ច្រឡំ និង​ការខុសឆ្គងទាំងឡាយ​បាន ហើយ​អ្នកនាង ក៏​សង្ឃឹមថា នឹងមាន​ការគោរព​គ្នាពី​អ្នកចម្លងជាមួយ​ម្ចាស់​ស្នាដៃ ។

តារាចម្រៀង​ជើងចាស់ រូបនេះ បានបញ្ជាក់ថា៖ ការពិត​ច្បាប់​រក្សា​សិទ្ធិ កម្មសិទ្ធិបញ្ញា​នេះ ប្រទេស​យើងមាន​យូរ​មកហើយ ប៉ុន្តែ​ដោយសារ​មនោសញ្ចេតនា ខ្មែរ​និង​ខ្មែរ ទើប​យើង​ជា​ម្ចាស់​ស្នាដៃ សុំ​ត្រឹមតែ​ដាក់ឈ្មោះ​ប៉ុណ្ណោះ គិតថា គ្មានអ្វី​ពិបាកធ្វើ​ទេ ប៉ុន្តែ​ត្រូវ​ដឹងថា បើ​នៅ​ស្រុក​គេ​វិញ សម្តី ចរិត​ព្រហើន ខុស​ហើយមិន​ទទួលខុស ដូច​អ្នកខ្លះ ច្បាស់​ជា​ចូល​គុក និង​ផាកពិន័យ គុណ​នឹង​លុយ ដែល​លួច​ស្នាដៃ លក់បាន​រាប់រយ​ដង ។ សូម​បងប្អូន Share និង Comments ដោយ​សេចក្តីថ្លៃថ្នូរ កុំ​ចាក​ប្រធានបទ ទើប​មិន​ប៉ះពាល់ដល់​វិស័យ​ចម្រៀង ដែលជា​មែកធាងនៃ​វប្បធម៌​ជាតិខ្មែរ មួយផ្នែក​ដែរ​នេះ ៕V/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម