​កម្ពុជា​នាំចេញ​ត្រី​ទៅ​ក្រៅប្រទេស​ជាង ១ ម៉ឺន​តោន តែ​នាំចូល​មកវិញ​ប្រមាណ ២​ម៉ឺន​តោន

145
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជលផល​ក្រសួងកសិកម្ម​បាន​ថ្លែងថា​ ​ប្រទេស​កម្ពុជា​បាន​នាំចេញ​ត្រី​ទៅកាន់​ប្រទេសជិតខាង ​មាន​ប្រទេស​ថៃ វៀតណាម សិង្ហ​បុរី ហុងកុង និង​ចិន ប្រមាណ​ជា ១ ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៩​។ ខណៈដែល​កម្ពុជា​ក៏បាន​នាំ​ផលិតផល​ជលផល​ដែល​កម្ពុជា​នេះ​មិនមាន​ប្រហែល ២ ម៉ឺន​តោន​ចូល​ពី​ក្រៅប្រទេស​ផងដែរ ។​

​លោក អេង ជា​សាន បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​សន្និសីទកាសែត​ស្តីពី «​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃទី​៦ខែសីហា។លោកអេង ជា​សាន បាន​ថ្លែងថា​ការ​នាំចូល​ផលិតផល​ជលផល​ពី​បរទេស​នេះ​គឺ​សម្រាប់​បម្រើតាម​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​មួយឆ្នាំៗ​រាប់លាន​នាក់​។​

​លោក អេង ជា​សាន ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ ផលិតផល​ជលផល​របស់​កម្ពុជា ៤ ប្រភេទ​ដែល​ភាគី​ចិន​ឯកភាព​ឱ្យ​នាំចូល​ទៅកាន់​ប្រទេស​ចិន​នោះ​រួមមាន ត្រី​ដំរី​, បង្កង​,​ខ្យ​ង ខ្ចៅ​និង​អន្ទង់ ដែល​ផលិត​ទាំងអស់នេះ​សុទ្ធតែ​មានតម្លៃ​ថ្លៃ​និង​មាន​គុណភាព​ខ្ពស់ ។ លោក​ប្រធាន​រដ្ឋបាល​ជលផល​បន្ត​ថា​ នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូងប៉ុណ្ណោះ​ ហើយ​នៅពេល​ខាងមុខ​ភាគី​ចិន​នឹង​ឯកភាព​ឲ្យ​កម្ពុជា​នាំចូល​ផលិតផល​ជាច្រើន​ផ្សេងទៀត​។​លោក អេង ជា​សាន​បាន​ឲ្យ​ដឹងផង​ដែរ​ថា ​រយៈពេល​ជាង​២​ឆ្នាំ ហើយ​ដែល​កម្ពុជា​បាន​ចរចា​ក្នុង​ការនាំ​ត្រី​ប្រា​ទៅកាន់​ប្រទេស​ចិន​ តែ​មិនទាន់​ទទួលបាន​លទ្ធផល​នៅឡើយ ។ ពេលនេះ​ក្រសួង​កំពុង​ខិតខំ​ជំរុញ​ការងារ​មួយចំនួន ដែល​ធ្វើយ៉ាងណា​បំពេញ​ឲ្យ​បាន​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​ដែលជា​ការតម្រូវ​របស់​ចិន ។ លោក​អះអាងថា ​ត្រី​ប្រា​របស់​កម្ពុ​ជាមាន​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ទៅ​ក្រៅប្រទេស ខណៈ​ប្រជាពលរដ្ឋ​ក៏មាន​បទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹម​ត្រី​ប្រា​នេះ​ផងដែរ​។​

​បើតាម​លោក អេង ជា​សាន ក្រៅពី​ទីផ្សារ​នៅ​ប្រទេស​ខាងលើនេះ​ កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​រក​ទីផ្សារ​ប្រទេស​ផ្សេងៗ​ទៀត​ដើម្បី​នាំចេញ​ផលិតផល​ជលផល ។ ក្រសួងកសិកម្ម ​តាមរយៈ​រដ្ឋបាល​ជលផល​ក៏​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​ដើម្បី​សិក្សា​លើ​ការងារ​នេះ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​លោក អេង ជា​សាន ក៏បាន​លើកឡើង​ឲ្យ​ដឹងផង​ដែរ​ថា​៖​ក្រោយ​ទទួលបាន​ការណែនាំ​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ចិញ្ចឹម​ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តាមរយៈ​រដ្ឋបាល​ជល​ផល​ដែលជា​សេនាធិការ​ទទួលបន្ទុក​ការងារ​នេះ​បាននិងកំពុង​ខិតខំ​ផ្សព្វផ្សាយ​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អំពី​ជំនាញ​និង​បច្ចេកទេស​មួយចំនួន​ពិសេស​ខេត្ត​គោលដៅ​មួយចំនួន​ដែល​បាន​ដាក់ចេញ​នៅ​ភូមិភាគ​ឦសាន​។ លោក អេង ជា​សាន បាន​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​តម្លៃ​និង​ទីផ្សារ​ ព្រោះ​ក្រសួង​បានគិត​គូរ​អំពី​បញ្ហា​នេះ​រួចរាល់​ហើយ អ្វីដែល​សំខាន់​ប្រជាពលរដ្ឋ​ខ្លួនឯង ត្រូវខិតខំ​ចិញ្ចឹម​ត្រី​ឬ​កង្កែប​ឲ្យ​ទទួលបាន​ទិន្នផល​ល្អ​។​

​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ​សម្រាប់​ខេត្ត​គោលដៅ​នីមួយៗ​ក្រសួង​នឹង​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​បណ្ដាក់ៗ​គ្នា​ ពោល​មិន​ដាក់​ឲ្យ​ចិញ្ចឹម​ម្ដង​ទាំងអស់​នោះទេ ដូច្នេះហើយ​នៅពេល​ប្រមូល​ផល​នឹង​ធ្វើជា​បន្ដបន្ទាប់​គ្នា ។ លោក​បានទទួល​ស្គាល់​ដែរ​ថា​ ប្រសិនបើ​ក្រសួង​មិន​រៀបចំ​បែងចែក​ពេលវេលា​គ្នា​នោះទេ ​ច្បាស់​ណាស់ នៅពេល​ប្រមូល​ផល​ម្ដង​ទាំងអស់គ្នា​តម្លៃនឹង​ធ្លាក់ចុះ​ជាមិនខាន​ឡើយ​។ លោក​ប្រធាន​រដ្ឋបាល​ជលផល បានធ្វើការ​កត់សម្គាល់​ថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា​មានការ​កើនឡើង​ប្រមាណ​២០​ភាគរយ​ជា​រៀងរាល់ឆ្នាំ ។ ទិន្នផល​នៅ​ឆ្នាំ ២០១៩​កន្លង ទៅនេះ​ប្រមូលបាន ៣០៧.៤០០ តោន បាន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និង​បាន​នាំ​ចេញទៅ​ប្រទេសជិតខាង​មួយចំនួន​ផងដែរ​។​

​លោក អេង ជា​សាន ក៏បាន​អះអាងថា​ ទន្ទឹមនឹង​ការ​ផុលផុស​ខ្លាំង​នូវ​ការចិញ្ចឹម​ត្រី​និង​កង្កែប​នេះ​ រដ្ឋបាល​ជលផល​ក៏មាន​វិធានការ​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ពី​ប្រ​ទេ ស​ជិតខាង​ផងដែរ ។ ការទប់ស្កាត់​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ជា​ផ្នែក​មួយ​ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​តម្លៃ​នៅក្នុង​ស្រុក​មានការ​ធ្លាក់​ចុះ​នៅពេល​ប្រមូល​ផល​ដែល អាច​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម