​កម្ពុជា​នាំចេញ​កៅស៊ូ​នៅ​ឆមាស​ទីមួយ​នេះ​បាន​ទឹកប្រាក់​ប្រមាណ ១៦០ លាន​ដុល្លារ​

144
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ទៅ​ក្រៅប្រទេស​ប្រមាណ ១០ ម៉ឺន​តោន​ក្នុង​រយៈពេល​ឆមាស​ទី​១​ឆ្នាំ​២០២០​ ទទួលបាន​ចំណូល​ប្រមាណ១៦០លាន​ដុល្លារ​ហើយ​សង្ឃឹមថានឹង​សម្រេចបាន​ប្រមាណ៣៥ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​២០២០​នេះ​។​ខណៈ​តម្លៃ​កៅស៊ូ​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​និង ងើប​ឡើងវិញ​បន្តិច​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​។​

លោក ប៉ុល សុ​ផា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទកាសែត​ស្តីពី​«​វិធានការ ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​»​នា​ព្រឹក​ថ្ងៃទី ៦​សីហា ថា​៖​ គិត​មកដល់ពេលនេះ​កម្ពុ​ជាមាន​ដំណាំ​កៅស៊ូ​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជា ៤១ ម៉ឺន​ហិក​តា​នៅ​ទូទាំងប្រទេស​ ក្នុងនោះ​ផ្ទៃដី​កៅស៊ូ​ដែល​ធ្វើ​អាជីវកម្ម​បាន​មាន​ប្រមាណ ២៩ ម៉ឺន​ហិកតា​ដែល​រំពឹងថា​ប្រមូល​ផល​ក្នុង​ឆ្នាំ​២០២០​នេះ​នឹង​សម្រេចបាន ប្រមាណ​៣៥​ម៉ឺន​តោន ។

​លោក ប៉ុល សុ​ផា ក៏បាន​ឲ្យ​ដឹង​ផងដែរថា ​តម្លៃ​កៅស៊ូ​មានការ​វិវឌ្ឍន៍​ប្រែប្រួល​ចុះឡើង​ខ្ពស់​គឺ​ឆ្នាំ ២០១១ កើនឡើង​ក្នុងតម្លៃ​ខ្ពស់បំផុត​រហូតដល់​ប្រមាណ​៦​ពាន់​ដុល្លារ ក្នុង​១​តោន​ ហើយ​បាន​ធ្លាក់ចុះ​មកវិញ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ ២០១៥សល់​ត្រឹមតែ​១.២០០​ដុល្លារ​ក្នុង​មួយ​តោន ។ បច្ចុប្បន្ននេះ​តម្លៃ​កៅស៊ូ​បាន​កើនឡើង​បន្តិច​គឺ​កើនពី​១.៣០០ដុល្លារ​ដល់ ១.៤០០​ដុល្លារ​ក្នុង​១​តោន ។ លោក​បាន​បញ្ជាក់ថា​ ទីផ្សារ​នាំចេញ​កៅស៊ូ​មិនមាន​ការកកស្ទះ​ទេ ​កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ទៅកាន់​ទីផ្សារ​ដូច ជា​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ចិន និង ប្រទេស​អឺរ៉ុប​មួយចំនួនទៀត ។ ទំហំ​នៃ​ការនាំចេញ​ជ័រកៅស៊ូ​របស់​កម្ពុជា​នៅ​ឆមាស​ទី​១ ឆ្នាំនេះ​មានទឹក​ប្រាក់​ជាង​១៦០ លាន​ដុល្លារ​អាម៉េរិក​៕BR/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម