អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សម័យ​មហា​ធៀ ត្រូវ​ចាប់ខ្លួន​ចំពោះ​បទចោទ ប្រកាន់​ពុករលួយ​

221
ចែករម្លែក

​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី លោក​លីម ហ្គួង អេង ត្រូវបាន​ចាប់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​០៦​សីហា បន្ទាប់​ពី​ការស៊ើបអង្កេត​រាប់​ឆ្នាំ​លើ​គម្រោង​សាងសង់​​ផ្លូវ​ក្រោម​សមុទ្រ​តម្លៃ​៦,៣​ពាន់​លាន​រីង​ហ្គី​ត ដែល​ត្រូវបាន​អនុម័ត​កាល​ពី​លោក​នៅ​ជា​អភិបាលរដ្ឋ​ប៉េណាំង​។​

​លោក​លីម វ័យ​៥៩​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ភ្លាម​ក្រោយ​លោក​បាន​ទៅ​ដល់​ស្នាក់ការ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC)​ដើម្បី​សួរ​ចម្លើយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​សីហា​។​

​លោក​លីម ដែល​ក៏​ជា​អគ្គលេខា​គណបក្ស​អំពី​ប្រជាធិបតេយ្យ នឹង​ប្រឈម​ការចោទប្រកាន់​២​ពាក់ព័ន្ធ​នឹង​ផ្លូវ​ក្រោម​សមុទ្រ​នេះ​និង​ការចោទប្រកាន់​ចំពោះ​បទល្មើស​មួយ​ទៀត​នៅ​តុលាការ​ប៉េណាំង​នៅ​​សប្តាហ៍​ក្រោយ​។​

​យោង​តាម​គណៈកម្មាធិកា​រ​ MACC លោក​លីម ​នឹងត្រូវ​ចោទប្រកាន់​ពី​បទ​ទទួល​សំណូក និង​រំលោភ​អំណាច​ពាក់ព័ន្ធ​នឹង​គម្រោង​ខាងលើ​និង​បទចោទប្រកាន់​រំលោភ​អំណាច​ចំពោះ​ករណី​មួយទៀត​។​បើ​​សិន​ជា​ត្រូវ​រក​ឃើញ​ទោសកំហុស លោក​អាច​ជាប់គុក​២០​ឆ្នាំ​ចំពោះ​បទ​ចោទ​នី​មួយៗ​។​

​សូមបញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី បាននិងកំពុង​ស៊ើបអង្កេត​គម្រោង​ផ្លូវ​ក្រោម​សមុទ្រ​នេះ​អស់​ពេល​៣​ឆ្នាំ​មកហើយ តែ​ការស៊ើបអង្កេត​ហាក់​ចេញ​លទ្ធផល​ឲ្យឃើញ​ខ្លាំង​ឡើង​ក្រោយ​​ការចាប់ខ្លួន​ធុរជន​និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ ជាពិសេស​បន្ទាប់ពី​ការដួលរលំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ពន្ធភាព​Pakatan Harapan​របស់​អតីត​នាយករដ្ឋមន្ត្រី​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ​ដែលមាន​​លោក​លី​ម​ ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​លោក​លីម ហ្គួង អេង បាន​ទៅ​ដល់​ស្នាក់​ការ​របស់​គណៈកម្មាធិកា​រ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី កាលពី​យប់​ថ្ងៃ​០៦​សីហា នៅ​ពេល​លោក​ត្រូវ​ចាប់ខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម