លីបង់ដាក់គុកបុគ្គលិកកំពង់ផែចំនួន ១៦ នាក់ជុំវិញការផ្ទុះដ៏ធំនៅ ទីក្រុងបៃរូត

261
ចែករម្លែក

រដ្ឋអាជ្ញាយោធាម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៦ សីហា) ថា បុគ្គលិកចំនួន ១៦ នាក់នៅឯកំពង់ផែបៃរូត ជាកន្លែងនៃការផ្ទុះដ៏ធំ ត្រូវបានឃុំខ្លួនជុំវិញការផ្ទុះ ដ៏សាហាវដែលបានបំផ្លិចបំផ្លាញផ្នែកជាច្រើននៃទីក្រុង។

អាជ្ញាធរលីបង់បានប្រកាសការស៊ើបអង្កេតមួយលើការផ្ទុះនេះកាលពីថ្ងៃអង្គារ ដែលពួកគេនិយាយថា បង្កឡើងដោយអគ្គិភ័យដែលឆាបឆេះសារធាតុ អាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោន ដែលផ្ទុកនៅក្នុងឃ្លាំងមួយនៅកំពង់ផែបៃរូត។

រដ្ឋមន្ត្រីការបរទេសលីបង់បាននិយាយតាមវិទ្យុបារាំងកាលពីថ្ងៃព្រហស្បតិ៍ថា គណៈកម្មាធិការស៊ើបអង្កេតមួយត្រូវបានផ្តល់ពេល ៤ ថ្ងៃដើម្បីកំណត់ការទទួល ខុសត្រូវចំពោះការផ្ទុះដែលបានសម្លាប់មនុស្សជាង ១៣០ នាក់និងយ៉ាងហោចណាស់ ៥.០០០ នាក់រងរបួស។

រដ្ឋអាជ្ញាយោធា លោក ហ្វាឌី អាគីគី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិក ១៨ នាក់នៅកំពង់ផែបៃរូតត្រូវបានកោះហៅសាកសួរ ហើយ ១៦ នាក់កំពុងជាប់គុកដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែម។

លោកអាគីគីនិយាយថា ពួកគេទាំងនោះគឺរួមបញ្ចូលទាំងមន្រ្តីកំពង់ផែនិងមន្ត្រីគយ ក៏ដូចជាកម្មករថែទាំនិងអ្នកគ្រប់គ្រងរបស់ពួកគេ។

សេចក្តីថ្លែងការណ៍របស់លោកបានធ្វើឡើង ខណៈដែលមន្ត្រីម្នាក់បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន AFP ថា ធនាគារកណ្តាលបានបញ្ជាឱ្យបង្កក ទ្រព្យសម្បត្តិរបស់មន្ត្រីកំពង់ផែនិងមន្ត្រីគយចំនួន ៧ នាក់ក្នុងនោះមានទាំង អគ្គនាយកអាជ្ញាធរគយលីបង់ លោក បាឌ្រី ដាហឺ ។

មន្ត្រីរូបនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិក ពីព្រោះគាត់មិនមានសិទ្ធិនិយាយ អំពីបញ្ហានេះទេ។

ប្រភពធនាគារមួយបានបញ្ជាក់ប្រាប់ AFP ថា ធនាគារពាណិជ្ជទាំងអស់របស់ប្រទេស នេះបានទទួលបទបញ្ជានេះហើយ ដែលវានឹងដកចេញផងដែរនូវការរក្សាការសម្ងាត់ ធនាគារពីគណនីដែលមានកម្មសិទ្ធិឬផ្សារភ្ជាប់ទៅនឹងអ្នកដែលកំពុងត្រូវគេសាកសួរ៕ ដោយ៖ កញ្ញាដាលីស/Ha

បុគ្គលិកកំពង់ផែ ១៦ នាក់កំពុងជាប់ក្នុងមន្ទីរឃុំឃាំងរង់ចាំការស៊ើបអង្កេតបន្ថែមទាក់ទងនឹងការផ្ទុះដ៏ធំនៅទីក្រុងបៃរូត

ទីតាំងផ្សាយពាណិជ្ជកម្ម