រុស្ស៊ី​ប្តេជ្ញា​ធ្វើការ​ឆ្លើយតប​ខ្លាំងៗ​ចំពោះ​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​

1119
ចែករម្លែក

​ក្រោយពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​ដាក់​កំហិត​ថ្មី​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​ពីថ្ងៃ​សុក្រ​ទី​៦​មេសា​ថា រុស្ស៊ី​នឹងមិន​ទុកចោល​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​និង​សកម្មភាព​អមិត្ត​ណាមួយ​នាពេល​អនាគត​ដោយ​គ្មាន​ការឆ្លើយ​ខ្លាំងក្លា​វិញ​នោះឡើយ​។​

​ក្រសួង​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជាមួយ​ទណ្ឌកម្ម​គ្មាន​ទីបញ្ចប់​រួមទាំង​ការដកចេញ​គូប្រជែង​នានា​ដោយ​ប្រើ​វិធានការ​រដ្ឋបាល រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពិតណាស់​គឺ​កំពុង​ប្រឆាំងនឹង​សេដ្ឋកិច្ច​ទីផ្សារ និង​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​ពិតណាស់ យើង​នឹងមិន​ទុកឱ្យ​ការវាយប្រហារ​ប្រឆាំង​រុស្ស៊ី​នាពេល​បច្ចុប្បន្ន​ដោយ​គ្មាន​ការឆ្លើយតប​តឹងរ៉ឹង​នោះឡើយ​។ ប៉ុន្តែ​ដំបូង យើង​សូម​ណែនាំ រដ្ឋធានី​វ៉ាស៊ីនតោន​គួរ​បោះបង់​ចោលការ​បំភ័ន្ត តាមរយៈ​ភាសា​ទណ្ឌកម្ម​”​។​

​សេចក្តីថ្លែងការណ៍​នោះបាន​ឱ្យដឹងទៀតថា គ្មាន​វិធាន​ការដាក់​សម្ពាធ​ណាមួយ​នឹង​រុញ​ទម្លាក់​រុស្ស៊ី​ចេញពី​ផ្លូវ​ដែល​ខ្លួន​បានជ្រើសរើស​នោះទេ ហើយ​វិធានការ​ទាំងនោះ​គ្រាន់តែ​បង្ហាញ​ពី​អសមត្ថភាព​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​សម្រេចបាន​គោលដៅ​របស់ខ្លួន និង​រឹតតែ​ពង្រឹង​សាមគ្គីភាព​សង្គម​រុស្ស៊ី​។​

​ក្រសួង​រតនាគារ​អាមេរិក​បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី​៧​មេសា​នេះ​ថា ខ្លួន​បានដាក់​ទណ្ឌកម្ម​ថ្មី​ទៅលើ​បុគ្គល​និង​ក្រុមហ៊ុន​រុស្ស៊ី​ចំនួន ៣៨ ក្នុងនោះ​មាន​មេដឹកនាំ​ធុរកិច្ច​ចំនួន ៧ នាក់​និង​មន្ត្រីជាន់ខ្ពស់​ចំនួន ១៧ នាក់​ចំពោះ​ការចោទប្រកាន់ថា​ប្រព្រឹត្ត “​សកម្មភាព​ព្យាបាទ​គេ​” នៅ​ជុំវិញ​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​គឺ​ដាក់​ទៅលើ​បុគ្គល​និង​អង្គភាព​រុស្ស៊ី​ចំនួន ៣៨ នាក់​ក្នុងនោះ​មាន​មេដឹកនាំ​ធុរកិច្ច​ចំនួន ៧ នាក់​និង​មន្ត្រីជាន់ខ្ពស់​ចំនួន ១៧ នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម