ទិវា​ឯករាជ្យ​ជាតិ គូ​ឌឺ​វ័រ​

179
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ គូ​ឌឺ​វ័រ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ៧ ខែ សីហា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ទទួលបាន​ឯករាជភាព​ពី បារាំង កាលពី​ឆ្នាំ ១៩៦០ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ គូ​ឌឺ​វ័រ មាន​ផ្ទៃដី ៣២២ ៤៦៣ គីឡូម៉ែត្រ​ក្រឡា ស្ថិត​ទ្វីប អាហ្វ្រិក ភាគ​ខាងលិច មាន​ព្រំដែន​ជាប់​នឹង​ប្រទេស បួ​គី​ណា ហ្វា​សូ ម៉ាលី ហ្កា​ណា ហ្គី​ណេ និង លី​ប៊េ​រី រដ្ឋធានី​គឺ​ទីក្រុង យ៉ា​មូ​សូ​ក្រូ ភាសាផ្លូវការ​គឺ​ភាសា បារាំង ។ ឆ្នាំ ២០២០ មាន​ប្រជាពលរដ្ឋ ជាង ២៦ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម និង គ្រិស្តសាសនា ។
​ ​
ប្រវត្តិសាស្ត្រ​
​ក្រុម​បេសកកម្ម​ផ្នែក​សាសនា របស់ បារាំង បាន​ទៅ​បោះ​ទីតាំងនៅ ឆ្នេរ​មាស ( បច្ចុប្បន្ន ហ្កា​ណា ) មុនដំបូង នៅ​ឆ្នាំ ១៦៣៧ នៅ​តំបន់ Assinie ដែលជា​ផ្នែក​មួយ នៃ ប្រទេស គូ​ឌឺ​វ័រ បច្ចុប្បន្ន ។​

​នៅ​តំបន់ ឆ្នេរ​មាស នោះ ក៏មាន​មហាអំណាច អឺរ៉ុប ជាច្រើន មាន ព័រទុយហ្កាល់ និង ចក្រភព អង់គ្លេស ជាដើម បាន​រុករាន​កាន់កាប់​បង្កើតបាន​ជា​តំបន់​អាណានិគម​របស់​ពួកគេ​រៀងៗ​ខ្លួន ជា​បន្តបន្ទាប់ ។ អាណាចក្រ ហ្គ្រែ​ន​ដ៍ បា​ស្សាំ ( បច្ចុប្បន្ន​ជាទី​ក្រុង​មួយ នៃ ប្រទេស គូ​ឌឺ​វ័រ ) និង តំបន់ Assinie ក៏​រង​ការគំរាមកំហែង នៃ​ការ​លុកលុយ​របស់​មហាអំណាច​ទាំងនោះ​ខ្លាំងក្លា ណាស់ដែរ ។​

​ដោយ​ក្តីបារម្ភ​យ៉ាង​ដូច្នោះ ស្តេច ហ្គ្រែ​ន​ដ៍ បា​ស្សាំ និង តំបន់ Assinie បាន​ចុះសន្ធិ សញ្ញា​ជាមួយ ឧ​ត្ត​មនា​វី​ឯក បារាំង នៅ​ឆ្នាំ ១៨៤៣ និង ឆ្នាំ ១៨៤៤ ដោយ​អោយ​បារាំង​ធ្វើជា​អ្នកការពារ ឬ ថា​ដែនដី​ទាំ​នោះ​ធ្លាក់​ក្រោម​កិច្ចការពារ ឬ អាណានិគម​របស់ បារាំង តាំងពី​ពេលនោះ​ដោយ ប្រការ​ដូច្នេះ​ឯង ។​

​ចាប់ពីពេលនោះ​មក ពួក​អ្នករុករក សាសនទូត ក្រុមហ៊ុន​ពាណិជ្ជកម្ម និង កងទ័ព​បារាំង បាន​ហូរ​ចូល​តំបន់​នោះ​យ៉ាង​គគ្រឹកគគ្រេង ។ អំណាច​របស់ បារាំង ក៏​ចេះតែ​រីកសាយ​ភាយ​ទៅ ពាសពេញ​តំបន់​ក្បែរ ហ្គ្រែ​ន​ដ៍ បា​ស្សាំ និង តំបន់ Assinie បង្កើតបានជា​ប៉ុស្តិ៍​ពាណិជ្ជកម្ម បារាំង នៅ អាហ្វ្រិក​ខាងលិច ។​

អំណាចបារាំងប្រែប្រួល
​ការ​ប្រជែង​អំណាច​រវាង សហព័ន្ធ អាល្លឺម៉ង់ ខាងជើង នៃ អាណាចក្រ ព្រូស និង បារាំង ( របស់​ណា​ប៉ូ ឡេ​អុង ) បាន​បញ្ឆេះ​ឱ្យ​ផ្ទុះ​សង្គ្រាម​យ៉ាង​សន្ធោសន្ធៅ​ឡើង នៅ​ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៨៧០ ( ដល់​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ១៨៧១ ) ហើយ​ជា​លទ្ធផល​ជ័យជម្នះ​បាន​ធ្លាក់​ទៅ ខាង អាល្លឺម៉ង់ ។

​ប្រការនេះ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល បារាំង បោះបង់​មហិច្ឆតា​អាណានិគម​របស់ខ្លួន​ហើយ​បាន ដក​កងទ័ព​ចេញពី​តំបន់ ប៉ុស្តិ៍​ពាណិជ្ជកម្ម បារាំង នៅ អាហ្វ្រិក​ខាងលិច ។ ប៉ុស្តិ៍ ពាណិជ្ជកម្ម បារាំង នៅ​តំបន់ ហ្គ្រែ​ន​ដ៍ បា​ស្សាំ នៃ ប្រទេស គូ​ឌឺ​វ័រ បាន​ធ្លាក់​ទៅ​ក្រោម​ការការពារ​របស់ ឈ្មួញ​កប៉ាល់​ម្នាក់​ឈ្មោះ អា​ធឺ​រ៍ វេ​ឌី​យេ​រ៍ មកពី​ទីក្រុង ម៉ា​ក្សី ប្រទេស បារាំង ។

​ដើម្បី គាំទ្រ​ដល់​ការកាន់កាប់​របស់ខ្លួន​ឱ្យ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ ជាថ្មី​ម្តងទៀត នៅ​ឆ្នាំ ១៨៨៦ បារាំង បាន​ច្បាម​កាន់កាប់ ប៉ុស្តិ៍​ពាណិជ្ជកម្ម នៅ អាហ្វ្រិក​ខាងលិច របស់ខ្លួន​។ ឆ្នាំ ១៨៨៧ អនុសេនីយ៍ទោ បារាំង ឈ្មោះ Louis Gustave Binger បានធ្វើ​ដំណើ​នៅក្នុង​ទឹកដី គូ​ឌឺ​វ័រ រយៈពេល​ពីរ​ឆ្នាំ បង្ខំ​ឱ្យ​អាជ្ជា​ធរ​នានា​នៅក្នុង​ប្រទេស គូ​ឌឺ​វ័រ ចុះសន្ធិសញ្ញា​ក្រោម​ការការពារ ឬ ក្រោម​អាណានិគម​របស់ បារាំង ចំនួន បួន ដែល​អាច​ត្រួតត្រា​លើ​តំបន់ឆ្នេរ​នានា នៃ ប្រទេស គូ​ឌឺ​វ័រ ទាំងស្រុង ហើយ​នៅ​ឆ្នាំ ១៨៨៩ នោះ ចក្រភព អង់គ្លេស​ក៏បាន​ទទួលស្គាល់​ទឹកដី​ក្រោម ការត្រួតត្រា​របស់​បារាំង នៅ​តំបន់​ទាំងនោះ ។ ទោះយ៉ាងណា​ប្រទេស គូ​ឌឺ​វ័រ ដែល​បាន​ត្រូវ ទទួលស្គាល់ថា​ធ្លាក់​ក្រោម​អាណានិគម បារាំង ជា​ផ្លូវការ​នៅ​ឆ្នាំ ១៨៩៣ ។​

ការ​ងើប​បះបោរ
​ការធ្វើ​អាណានិគម​ទាំងនេះ​របស់ បារាំង ក្នុង​គោលបំណង​តែមួយ​ប៉ុណ្ណោះ​គឺ​ដើម្បី​បង្កើន​ការនាំ ចេញ​ផលិតផល កាហ្វេ ក​កាវ និង ប្រេងដូង ជាដើម ដែល​មិន​ដូច​ពួក​ព័រទុយហ្កាល់ និង អេ​ស្ប៉ា​ញ ដែល​ប្រាថ្នា​រុករក រ៉ែ​មាស រ៉ែ​ប្រាក់ ឡើយ ដែល​បានសេចក្តីថា ពួកគេ​ក៏​បង្កើត​ការងារ ជូន​អ្នកស្រុក​ច្រើន​គួរ​ដែរ ។ ប៉ុន្តែ ដើម្បី សម្រេច​បំណង​នោះ បារាំង​ក៏បាន​កេង​ប្រ​វ​ញ្ជ​បឺត​ជញ្ជក់ ផលប្រយោជន៍ និង គាបសង្កត់​អ្នកស្រុក​មិនតិច​តួច​ដែរ ជាពិសេស​ការបង់ពន្ធ​ដារ​។​

​ប្រការនេះ​បាន​បណ្តាលឱ្យមាន​ការប្រឆាំង​តវ៉ា​យ៉ាងច្រើន​ពី​សំណាក់​អ្នកស្រុក​ចំពោះ​ការត្រួតត្រា និង វត្តមាន​ជន​ជាត បារាំង ដែល​កាន់តែច្រើន​ទៅៗ និង កាន់តែ​មានអំណាច​ខ្លាំង​ទៅៗ នៅលើ​ទឹកដី គូ​ឌឺ​វ័រ ។ ពេលនោះ ចលនា ដែលមាន​ឥទ្ធិពល​ជាងគេ​បំផុត​ក្នុងការ​ប្រឆាំងនឹង បារាំង គឺ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក សា​ម៉ូ​រិ ទូ​រ៉េ រហូត​បង្កើតបានជា​អាណាចក្រ​មូ​ស្ល៊ី​ម ដ៏​ធំ​មួយ​ឈ្មោះ វ៉ា​ស្ស៊ូ​លូ ពី​ទសវត្សរ៍​១៨៨០-១៨៩០ ( បច្ចុប្បន្ន​គឺជា​ផ្នែក នៃ ប្រទេស ហ្គី​ណេ ម៉ាលី និង គូ​ឌឺ​វ័រ​) ។

​ប្រជាប្រិយភាព និង ឥទ្ធិពល​របស់លោក សា​ម៉ូ​រិ ទូ​រ៉េ បាន​រីក​សា​ភាយ​ពាសពេញ​តំបន់ ។ បារាំង បាន​ឆ្លើយតប​ដោយ​ការប្រើ​កម្លាំង​កងទ័ព បណ្តាលឱ្យមាន​ការប្រយុទ្ធ​គ្នា​យ៉ាង​ឃោរឃៅ ជាច្រើន​សមរភូមិ​រវាង​កងទ័ព​អ្នកតស៊ូ​ក្នុងស្រុក​របស់លោក ស​ម៉ូ​រិ ទូ​រ៉េ និង កងទ័ព​អាណានិគម បារាំង ។ ទីបំផុត​ជោគជ័យ​ធ្លាក់​ទៅខាង​កងទ័ព បារាំង ដែលមាន​សព្វាវុធ​ទំនើប​ជាង​កងទ័ព មានការ​ហ្វឹកហាត់​ល្អ​ជាង វិន័យ​ល្អ​ជាង និង មានបទ ពិសោធន៍​ខាង​សង្គ្រាម​ច្រើនជាង ហើយ​បាន​ចាប់ខ្លួន​លោក សា​ម៉​រិ ទូ​រ៉េ នៅ​ឆ្នាំ ១៨៩៨ ។ អាណាចក្រ​មូ​ស្ល៊ី​ម​ដ៏​ធំ​មួយ​ឈ្មោះ វ៉ា​ស្ស៊ូ​លូ ក៏បាន​រលាយ​រលត់ទៅវិញ​បន្ទាប់ពី​នោះដែរ ។​

​លុះដល់​ឆ្នាំ ១៩០៤ ប្រទេស គូ​ឌឺ​វ័រ បាន​ក្លាយជា​ទឹកដី​ឯនាយ​សមុទ្ទ​របស់ បារាំង ពោល គឺ​មិន​មែ​ជា​ដែនដី​អាណានិគម​ទៀតឡើយ ។ នៅក្នុង​សង្គ្រាមលោកលើកទី ១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) យុទ្ធជន គឺ​ឌឺ​វ័រ ប្រមាណ​ជា ១៥០ ០០០ នាក់​ត្រូវបាន​បញ្ជូន​ចូល ប្រយុទ្ធ​ក្នុងនាម បារាំង និង​បាន​ស្លាប់បាត់​បង់ជីវិត​ស្ទើរ​គ្មាន​អ្នកណាម្នាក់​បាន​វិល​ត្រលប់មក វិញ​ឡើយ បើទោះជា​មកវិញ ក៏​មក​ទាំង​ពិការ និង ផលប៉ះពាល​អវិជ្ជមាន នៃ សង្គ្រាម​នោះដែរ ។​

​នៅក្នុង​សង្គ្រាមលោកលើកទី ២ (១៩៣៩-១៩៤៥) ប្រទេស គូ​ឌឺ​វ័រ ត្រូវបាន​កងទ័ព​អង់គ្លេស ចូលលុកលុយ​បាន​ដោយ​ងាយ ប៉ុន្តែ​ប្រគល់​សិទ្ធិ​ត្រួតត្រា​ទៅឱ្យ បារាំង វិញ ។​

ឯករាជ្យ​ដោយ​មិនបាច់​លះបង់​ជីវិត​
​បើទោះបីជា​ស្ថិតនៅក្នុង​ភាគី​ឈ្នះ​សង្គ្រាម​ក្តី ក៏​សង្គ្រាមលោកលើកទី ២ ធ្វើឱ្យ បារាំង​រង​ការ ខ្ទេចខ្ទាំ និង ទ្រុឌទ្រោម​ខ្សោយ​ខ្សោះ​អស់​ថាមពល​ច្រើន​ណាស់ដែរ ។ ហេតុនេះ​ក្រោយ​សម័យ សង្គ្រាមលោកលើកទី ២ ប្រព័ន្ធ​រដ្ឋបាល​របស់ បារាំង ចំពោះ អាហ្វ្រិក​ខាងលិច​ត្រូវបានធ្វើ កំណែទម្រង់​មួយចំនួន ។ ឆ្នាំ ១៩៥៨ ជនជាតិ គូ​ឌឺ​វ័រ ត្រូវបាន​រដ្ឋបាល​ក្រុង ប៉ារីស​ផ្តល់​សិទ្ធិ​ខ្លះៗ ក្នុង​ការធ្វើ​នយោបាយ ។ ប៉ុន្តែ​ពួក​អ្នកដឹកនាំ​ទាំងឡាយ និង ប្រជាពលរដ្ឋ គូ​ឌឺ​វ័រ សុទ្ធតែ​យល់ថា រាល់​សិទ្ធិសេរីភាព​ទាំងឡាយ​នឹង​អាច​ទទួលបាន​ពេញលេញ​លុះណាតែ​ទទួលបាន​ឯករាជភាព របស់ខ្លួន ។​

​លោក ហ្វ​លិ​កស៍ អ៊ូ​ហ្វេ​ត បូ​វ៉ាំ​ង គឺជា​កូនប្រុស​របស់​មេ​កុលសម្ព័ន្ធ​មួយ នៃ ប្រទេស គូ​ឌឺ​វ័រ ។ គាត់​ធ្លាប់បាន​ធ្វើជា​គ្រូពេទ្យ និង ជា​ម្ចាស់​កសិដ្ឋាន ។ ក្រោយមក​ក៏បាន​បង្កើត​សហជីព កសិកម្ម អាហ្វ្រិក ( កាហ្វេ កា​កាវ និង កៅស៊ូ ) ។ តាមរយៈ​តំណែង​នេះ​ធ្វើឱ្យ​គាត់​ប្រជាប្រិយភាព យ៉ាង​ឆាប់រហ័ស ទើប​នៅ​ឆ្នាំ ១៩៤៥ គាត់​ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​សមាជិកសភា បារាំង នាទី​ក្រុង ប៉ារីស ។

​គាត់​បានធ្វើការ​ជាមួយ​រដ្ឋាភិបាល បារាំង ជាច្រើន​ឆ្នាំ ដើម្បី បង្កើត​ទំនាក់ទំនង និង​ទំនុកចិត្ត ដល់ បារាំង រហូតដល់​ត្រូវបាន បារាំង តែងតាំង​ជា​រដ្ឋមន្ត្រី​ហើយ​ជា​ជនជាតិ​អាហ្វ្រិក​តែ​ម្នាក់​គត់ ដែល​ត្រូវបាន​តាំង​តាំង​ជា​រដ្ឋមន្ត្រី​នៅក្នុង​រដ្ឋាភិបាល នៃ ប្រទេស អឺរ៉ុប ។

​តាមរយៈ​ទំនាក់ទំនង​ល្អ​របស់គាត់​នោះ លោក ហ្វ​លិ​កស៍ អ៊ូ​ហ្វេ​ត បូ​វ៉ាំ​ង អាច​បញ្ចុះ បញ្ចូល​ឱ្យ បារាំង ព្រម​ផ្ទេរសិទ្ធិ និង អំណាច​មួយចំនួន​ពី​រដ្ឋបាល​ក្រុង ប៉ារីស ទៅឱ្យ​រដ្ឋាភិបាល​ក្នុងស្រុក នៅ​តំបន់ អាហ្វ្រិក ខាងលិច របស់ បារាំង នៅ​ឆ្នាំ ១៩៥៦ ។ លុះដល់​ឆ្នាំ ១៩៥៨ គូ​ឌឺ​វ័រ​បានក្លាយ ជា​សមាជិក​ស្វយ័ត នៅក្នុង​សហគមន៍ បារាំង ដែល​បានសេចក្តីថា គូ​ឌឺ​វ័រ ស្ទើរតែ​ជា​រដ្ឋ ឯករាជ្យ​ទៅហើយ​។

​ទីបំផុត ប្រទេស គូ​ឌឺ​វ័រ ទទួលបាន​ឯករាជភាព​របស់ខ្លួន​យ៉ាង​ពេញលេញ​ពី បារាំង នៅ​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ១៩៦០ ហើយ​លោក លោក ហ្វ​លិ​កស៍ អ៊ូ​ហ្វេ​ត បូ​វ៉ាំ​ង ត្រូវបាន​ជ្រើសរើស​ជា ប្រធានាធិបតី​ដំបូង​គេ​បំផុត​របស់ គូ​ឌឺ​វ័រ ហើយ​គាត់​បាន​អង្គុយ​លើ​អាសនៈ​នេះ​រហូតដល់​គាត់ លាចាក​លោក​នា​ឆ្នាំ ១៩៩៣ ។​

​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ គូ​ឌឺ​វ័រ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល ពួកគេ​ប្រកាស​ឯករាជភាព​ដូចដែល​បានលើកឡើង​មកនេះ​ឯង​ហោង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​ទីក្រុង យ៉ា​មូ​សូ​ក្រូ នៃ សាធារណរដ្ឋ គូ​ឌឺ​វ័រ
លោក ហ្វ​លិ​កស៍ អ៊ូ​ហ្វេ​ត បូ​វ៉ាំ​ង ជា​បិតា​ឯករាជ្យ គូ​ឌឺ​វ័រ

ទីតាំងផ្សាយពាណិជ្ជកម្ម