ចិនកំពុងបង្វឹកទ័ពឱ្យទប់ទល់ការវាយប្រហារតាមអាកាសរបស់អាម៉េរិក ខណៈភាពតានតឹងខាងនយោបាយកើនឡើង

686
ចែករម្លែក

កងកម្លាំងយោធាចិនកំពុងត្រៀមខ្លួនដើម្បីការពារប្រឆាំងនឹងការវាយប្រហារពីយន្តហោះទម្លាក់គ្រាប់បែករបស់អាម៉េរិក ខណៈដែលកងទ័ពរំដោះប្រជាជនចិន (PLA) បង្កើនសមយុទ្ធការពារដែនអាកាស។

យោធាចិនបានបង្កើនការត្រៀមប្រយុទ្ធរបស់ខ្លួននៅពេលដែលកម្លាំងអាកាសរបស់ខ្លួនត្រៀមលក្ខណៈសម្រាប់ការវាយឆ្មក់របស់យន្តហោះទម្លាក់គ្រាប់បែកអាម៉េរិក។ សមយុទ្ធការពារដែនអាកាសថ្មីៗនេះលើសមុទ្រចិនខាងត្បូងគេឃើញអ្នកបើកយន្តហោះចិនធ្វើជាឆ្លើយតបទៅនឹង “យន្តហោះគ្មានការអនុញ្ញាត ២ គ្រឿងចូលដែនអាកាសរបស់ចិន”។ វីដេអូនៃសមយុទ្ធនេះបានបង្ហាញ អាកាសយានិកចិនបញ្ជាឱ្យ “យន្តហោះបរទេស” ជាភាសាអង់គ្លេសថា “ចាកចេញភ្លាមឬមិនអ៊ីចឹងនឹងត្រូវស្ទាក់ចាប់”។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា “ដោយសហការជាមួយស្ថានីយរ៉ាដាដែលមានមូលដ្ឋាននៅលើកោះមួយ អ្នកបើកយន្តហោះរបស់កងទ័ពអាកាសចិន ដែលចូលរួមក្នុងសមយុទ្ធ បានផ្តល់ការព្រមានតាមវិទ្យុឱ្យយន្តហោះដែលមិនស្គាល់អត្តសញ្ញាណចាកចេញ”។

សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីមានលំហាត់សមយោធាដទៃទៀតជាច្រើននៅក្នុងសប្តាហ៍នេះដែលរួមមានការធ្វើជាវាយឆ្មក់ដូចមែនទែននិងការចាក់សាំងកណ្តាលអាកាស។

តំបន់យោធាសំខាន់ៗចំនួន ៣ ក្នុងចំណោមតំបន់ចំនួន ៥ របស់ចិនបានបង្កើនការធ្វើសមយុទ្ធត្រៀមប្រយុទ្ធតាមអាកាសចំពេលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាម៉េរិកនៅក្នុងតំបន់ជម្លោះនៅសមុទ្រ។

ការធ្វើសមយុទ្ធនេះមានរយៈពេលជាង ១០ ម៉ោងហើយក៏មានការពាក់ព័ន្ធនឹងការចាក់សាំងនៅកណ្តាលអាកាសផងដែរ នេះយោងតាមសម្តីមន្ត្រីរដ្ឋ ដោយមិនបាននិយាយថាតើសមយុទ្ធនេះធ្វើឡើងនៅពេលណានោះទេ។

មន្ត្រីចិនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “រាល់ការធ្វើលំហាត់សមយុទ្ធរបស់យើងគឺមានគោលបំណងត្រៀមប្រយុទ្ធ”។

សមយុទ្ធនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីការធ្វើសមយុទ្ធយោធាចុងក្រោយរបស់ចិនលើសមុទ្រជម្លោះ ដែលឃើញប៉េកាំងបង្ហាញយន្តហោះទម្លាក់គ្រាប់បែកបច្ចេកវិជ្ជាខ្ពស់ថ្មីរបស់ខ្លួន ដែលជាផ្នែកមួយនៃ “ការហ្វឹកហាត់ប្រយុទ្ធខ្លាំងក្លា”។

វីដេអូពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញ យន្តហោះទម្លាក់គ្រាប់បែក H-6G និង H-6J ដែលហោះរយៈចម្ងាយឆ្ងាយ ធ្វើសមយុទ្ធនៅពេលយប់ និង ធ្វើជាវាយប្រហារលើគោលដៅនៅសមុទ្រ។

ការបង្កើនសមយុទ្ធយោធានេះធ្វើឡើងបន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងរវាងចិននិងអាម៉េរិកនាពេលបច្ចុប្បន្ន៕ ដោយ៖ កញ្ញាដាលីស

ចិនកំពុងបង្កើនការធ្វើសមយុទ្ធការពារដែនអាកាសដើម្បីទប់ទល់នឹងអាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម