​មន្ត្រី​បុគ្គលិក​រដ្ឋបាលខេត្ត​ក្រុង​ស្រុក ត្រូវអនុវត្ត​ការងារ ស្របតាម​ទម្រង់​ច្បាប់ និង​មាន​ភាព​ឯកភាពគ្នា​

107
ចែករម្លែក

ដោយ​: បូកគោ / កែប​: អភិបាលខេត្ត​កែប បាន​ក្រើនរំលឹក ដល់​មន្ត្រី​បុគ្គលិក រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវ​បង្កើន​សមត្ថភាព និង​អនុវត្ត​កិច្ចការ ស្របតាម​បរិបទ នៃ​កំណែទម្រង់ ដ៏​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​។​

​នៅ​សាលប្រជុំ​សាលាខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ មាន​បើក​វគ្គប​ណ្តុះ បណ្តាល​ជំនាញ ស្តីពី​កិច្ចការរដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដល់​មន្ត្រី​បុគ្គលិក​រដ្ឋបាល ខេត្ត​កែប និង​ក្រុង ស្រុក ទាំងពីរ​។​

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ខាងលើ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា មន្ត្រី​បុគ្គលិក ផ្នែក​រដ្ឋបាលខេត្ត​ក្រុង​ស្រុក ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន ហើយ​អនុវត្ត​កិច្ចការ ដោយ​ឈរលើ​បទដ្ឋាន​ច្បាស់លាស់ និង​មាន​ភាពស៊ីសង្វាក់​គ្នា ទាំង​រដ្ឋបាលខេត្ត​ក្រុង​ស្រុក ក៏ដូចជា​មន្ទីរ អង្គភាព​ស្របតាម​បរិបទ នៃ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ កិច្ចការរដ្ឋបាល មិនមែនជា​រឿង​ថ្មី សម្រាប់​មន្ត្រី រដ្ឋបាល​សាធារណៈ​នោះទេ ប៉ុន្តែ​ការអនុវត្ត​ការងារ​នេះ នៅ​ពុំទាន់​ឯកភាពគ្នា​នៅឡើយ គឺ​ធ្វើ​ទៅតាម​ទម្លាប់ ឬ​តាម​ការយល់ឃើញ រៀងៗ​ខ្លួន​។ ដូច្នេះហើយ ទើប​ក្រសួងមហាផ្ទៃ បាន​ចងក្រង​សៀវភៅ​ណែនាំ ស្តីពី​កិច្ចការរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ជំរុញ​ការបណ្តុះបណ្តាល ដើម្បីឱ្យ​មន្ត្រី​បុគ្គលិក​រដ្ឋបាល ទទួលយក​ចំណេះដឹង​បន្ថែម​។​

​លោក​អភិបាលខេត្ត បាន​បន្តថា ក្នុង​បរិបទ​នៃ​កំណែទម្រង់ រដ្ឋបាល​សា​ធាន​រណៈ បាន​ផ្តោតលើ​ចំណុច បី​ជាសំខាន់ រួមមាន ១.​សេវា​រដ្ឋបាល ប្រកបដោយ​គុណភាព ភាពសាមញ្ញ ប្រសិទ្ធភាព ភាពជឿជាក់ ឆ្លើយតប​ទាន់ពេលវេលា និង​មានការ​ចូលរួម ពី​អ្នកប្រើប្រាស់​។ ២. ការគ្រប់គ្រង និង​ការអភិវឌ្ឍ មន្ត្រីរាជការ​ស៊ីវិល ឱ្យ​កាន់​តែមាន​សមត្ថភាព ប្រសិទ្ធភាព ក្នុង​ការផ្តល់​សេវាសាធារណៈ ដោយ​ប្រកាន់ខ្ជាប់ នូវ​វប្បធម៌​សេវាសាធារណៈ ឆន្ទៈ​ម្ចាស់ការ ភក្តីភាព និង​មាន​មនសិកា​រវិ​ជា្ជ​ជីវៈ​។ ៣. ប្រព័ន្ធ​បៀវត្សរ៍ ត្រូវ​ធានាបាន​នូវ​សមធម៌ បង្កើន​ផលិតភាព ក៏ដូចជា​ប្រសិទ្ធភាព​ការងារ ព្រមទាំង​ធានាបាន នូវ​សង្គតិភាព រវាង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​។​

​លោក សោម ពិសិដ្ឋ បាន​ក្រើន​រំលឹកថា ដើម្បី​ពង្រឹងសមត្ថភាព របស់ខ្លួន ឱ្យស្រប​ទៅនឹង​អ្វីដែល រដ្ឋបាល​ថ្នាក់ជាតិ បាននិងកំពុង​ផ្ទេរ ព្រមទាំង ធ្វើ​ប្រតិភូកម្ម មកឱ្យ​ថ្នាក់ក្រោម​ជាតិ មន្ត្រី​នៃ​រដ្ឋបាលខេត្ត ត្រូវ​សិក្សា​ស្វែងយល់​បន្ថែម នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន ដែល​កំពុង​កើតមាន នាពេល​បច្ចុប្បន្ន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម